en     km
en     km

ក្រុមហ៊ុនអាហារវៀតណាម ប្រើនិមិត្តរូបជាតិកម្ពុជា លើសំបកវេចខ្ចប់ផលិតផលខ្លួន ដោយគ្មានការអនុញ្ញាត

Share

ក្រសួងពាណិជ្ជកម្មបានរកឃើញថានៅមានការប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្ម លើសំបកវេចខ្ចប់ផលិតផល ជារូបភាព ប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត នៅលើសំបកវេចខ្ចប់ផលិតផល សរសៃគុយទាវបាញ់កាញ់ក្រៀម និងមុខទំនិញខ្លះទៀត ដែលបានដាក់លក់លើទីផ្សារនានា តាមហាងលក់ ទំនិញ និងតាមទីផ្សារអនឡាញ នៅរដ្ឋកាលីហ្វ័រញ៉ា និងនៅរដ្ឋដទៃទៀត ក្នុងសហរដ្ឋអាម៉េរិក ដោយពុំមានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។

ការប្រកាសរបស់ក្រសួងពាណិជ្ជកម្មនេះធ្វើឡើងបន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានលើកឡើងពីបញ្ហានេះ។ ពួកគេថាក្រុមហ៊ុននេះជាក្រុមហ៊ុនវៀតណាមឈ្មោះSeng Cheang Mong Food Corporationនៅទីក្រុង អែលម៉ុនតេ(EL MONTE ) រដ្ឋ កាលីហ្វ័រញ៉ា ។

ជាចំណាត់ការបន្ត  ក្រសួងពាណិជ្ជកម្ម កំពុងសហការជាមួយក្រសួង និងស្ថាប័នមានសមត្ថកិច្ច ដើម្បីចាត់វិធានការផ្លូវច្បាប់លើការប្រព្រឹត្ត ល្មើសដោយក្រុមហ៊ុន SENG CHEANG MONG FOOD CORP មានទីតាំងនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ អាម៉េរិក ដែលកំពុងប្រើប្រាស់ស្លាកសញ្ញាប្រាសាទបាយ័នលើសំបកវេចខ្ចប់សរសៃបាញ់កាញ់ក្រៀម ដាក់លក់ លើទីផ្សារផ្ទាល់ និងទីផ្សារអនឡាញក្នុងរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋផ្លរីដារនៃសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនដទៃ ទៀតផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងែទី២០ ខែធ្នូ ឆ្នាំ២០២៣

ក្រសួងក៏កំពុងណែនាំដល់អនុព័ន្ធពាណិជ្ជកម្ម និងតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេស បន្តការស្រាវជ្រាវ ហើយផ្តល់ព័ត៌មានមកក្រសួងពាណិជ្ជកម្ម ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ លើករណីផ្សេងទៀតផងដែរ។

ក្នុងរយៈពេល កន្លងមក (ឆ្នាំ២០២០ និង២០២១) ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងបានសហការជាមួយស្ថានទូតនៃ កម្ពុជាទប់ស្កាត់ និងដោះស្រាយដោយជោគជ័យនូវករណ៏បន្លំប្រើប្រាស់សញ្ញាជាតិ រូបទង់ជាតិ និងនិមិត្តរូប ជាតិនានា ដាក់នៅលើផលិតផលដែលតាំងលក់នៅលើទីផ្សារអន្តរជាតិ ដោយក្រុមហ៊ុន និងបុគ្គលមួយចំនួន ដោយខុសទៅនឹងច្បាប់ជាតិ និងសន្ធិសញ្ញាអន្តរជាតិ។

ក្រសួងពាណិជ្ជកម្ម, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជ ទូតនៃព្រះរាជាណាចក្រកម្ពុជា, បានទាក់ទងជាផ្លូវការទៅប្រទេសម្ចាស់ដើមនៃទំនិញទាំងនោះ រួមជាមួយ ប្រទេសដែលទំនិញខុសច្បាប់ទាំងនោះកំពុងធ្វើចរាចរ, ដើម្បីស្នើសុំការផ្តល់កិច្ចសហការ និងធ្វើ អន្តរាគមន៍ហាមឃាត់នូវការដាក់ស្លាកសញ្ញា និងការធ្វើចរាចរទំនិញខុសច្បាប់ទាំងនោះ តាមរយៈវិធានការដែលបានចាត់នៅក្នុងឆ្នាំ២០២០ និង២០២១កន្លងមក ។ តាមរយៈអនុព័ន្ធពាណិជ្ជកម្មប្រចាំនៅក្រៅប្រទេស, ក្រសួងពាណិជ្ជកម្មក៏បានចេញលិខិតណែនាំ និងហាម ឃាត់ផ្ទាល់ទៅក្រុមហ៊ុននិងហាងលក់ទំនិញទាំងនោះ ឱ្យដកចេញនូវរូបសញ្ញាខុសច្បាប់ចេញពីផលិតផល របស់ខ្លួន ហើយហាមឃាត់មិនឱ្យបន្តប្រើប្រាស់សញ្ញាជាតិ រូបទង់ជាតិ និងនិមិត្តរូបជាតិកម្ពុជានៅលើសំបក វេចខ្ចប់នៃផលិតផលផងដែរ៕

Share

ព័ត៌មានទាក់ទង

Image