ខណៈអ្នកសារព័ត៌មានមួយចំនួន ជាពិសេសអ្នកសារព័ត៌មានអនឡាញ អនុវត្តក្រមសីលធម៌របស់ខ្លួននៅមានកម្រិត ក្លឹបអ្នកកាសែតកម្ពុជាគ្រោងបង្កើតឱ្យមានក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន និងអំពាវនាវឱ្យសមាគម និងអ្នកសារព័ត៌មានចូលរួមគាំទ្រដល់គម្រោងនេះ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ក្លឹបអ្នកកាសែតកម្ពុជាអំពាវឱ្យសមាគមសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ គាំទ្រដល់គម្រោងបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ខណៈការអនុវត្តក្រមសីលធម៌សារព័ត៌មាន ពីសំណាក់អ្នកសារព័ត៌មានមួយចំនួននៅមានកម្រិត ពិសេសអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ។ ការអំពាវនាវរបស់ក្លឹបអ្នកការសែតកម្ពុជា ធ្វើឡើងនៅក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ។
ក្លឹបអ្នកកាសែតកម្ពុជាបានលើកឡើងថា ការអំពាវនាវនេះ គឺដើម្បីលើកកម្ពស់វិជា្ជជីវៈរបស់អុ្នកសារព័ត៌មានទាំងអស់ឱ្យទទួលបាននូវការគោរព ផ្ដល់តម្លៃពីសាធារណជន និងអាជ្ញាធរមូលដ្ឋាន។ យ៉ាងណា ក្លឹបអ្នកកាសែតយល់ថា ការបណ្ដុះបណ្ដាល អប់រំ ផ្សព្វផ្សាយអំពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននេះ នៅតែជាបញ្ហាស្នូលសម្រាប់អ្នកសារព័ត៌មាន ព្រោះស្ថាប័ន និងអ្នកសារព័ត៌មានហាក់មានកំណើនជា បន្ដបន្ទាប់ ប៉ុន្ដែមិនទាន់ទទួលបានការបណ្ដុះបណ្ដាលច្បាស់លាស់គ្រប់គ្រាន់ ដែលជាហេតុធ្វើឱ្យកំហុសឆ្គងលើវិជ្ជាជីវៈ និងក្រមសីលធម៌ងាយនឹងកើតឡើង។
លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានគាំទ្រលើគម្រោងបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាននេះនៅក្នុងក្របខណ្ឌក្លឹបប៉ុណ្ណោះ។ តែបើជាលក្ខខណ្ឌរួមសម្រាប់ប្រើជាទូទៅ លោករដ្ឋមន្ដ្រីថា គួរតែរកអាជ្ញាកណ្ដាល ដើម្បីឱ្យលក្ខខណ្ឌទាំងអស់ ឆ្លុះបញ្ចាំងដល់សមាគមសារព័ត៌មានផ្សេងទៀត និងអាចឱ្យសមាគមទាំងនោះទទួលយកបានដែរ។
រាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានចេញលិខិតមួយ ក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ ឆ្នាំ២០២៣នេះដែរ ដោយសម្ដេចទាមទារឱ្យយកចិត្តទុកដាក់ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងបណ្ដុះបណ្ដាលជំនាញ ដើម្បីបង្កើនសមត្ថភាពរបស់អ្នកសារព័ត៌មាន និងបង្កើនទំនុកវចិត្តដល់សារធារណជន ។ សម្ដេច ក៏បានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីជាមូលដ្ឋានក្នុងការពិគ្រោះដោះស្រាយបញ្ហាប្រឈមការបំពានក្រមសីលធម៌ វិជ្ជាជិវៈផងដែរ។
ផ្អែកតាម លោក នេត្រ ភក្ដ្រា, នៅកម្ពុជាមានអ្នកសារព័ត៌មានប្រមាណជាង៣០០០នាក់ប៉ុណ្ណោះ ដែលមានអាជ្ញាបណ្ណពីក្រសួងព័ត៌មាន ខណៈមានអ្នកសារព័ត៌មានសរុបមានជិត១ម៉ឺននាក់។ លោកថា ដើម្បីលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ក្រសួងនឹងតម្រង់ទិសដល់អ្នកសារព័ត៌មាន ដោយនឹងបើកដំណើរការឡើងវិញនូវមណ្ឌលបណ្ដុះបណ្ដាលវិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មានឡើងវិញ បន្ទាប់ពីអាក់ខានជាង២០មកហើយ។
ទោះបែបនេះក្ដី ក្លឹបអ្នកកាសែតកម្ពុជាបានអំពាវជាថ្មីម្ដងទៀតដល់អ្នកសារព័ត៌មានទាំងអស់ ជាពិសេសអ្នកទើបប្រឡូកក្នុងវិស័យសារព័ត៌មាន គប្បីយកចិត្តទុកដាក់ក្នុងការសិក្សាស្រាវជ្រាវ ឬចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌ បើសិនមានបំណងក្លាយជាអ្នកសារព័ត៌មានអាជីព ហើយទទួលបានការគាំទ្រពីសារណជន៕