en     km
en     km

សមាគមធាងត្នោត៖បញ្ហាបរិស្ថាននៅសហគមន៍ក្រីក្រក្នុងទីក្រុងភ្នំពេញ នៅតែជាកត្តាប្រឈម

Share

អង្គការសមាគមធាងត្នោតបានឱ្យដឹងតាមរយៈរបាយការណ៍ថ្មីរបស់ខ្លួន ទាក់ទងនឹងប្រជាសហគមន៍ក្រីក្រក្នុងទីក្រុងថា បញ្ហាបរិស្ថាននៅសហគមន៍ នៅតែជាកត្តាប្រឈមសម្រាប់ប្រជាសហគមន៍ផ្ទាល់។ ក្នុងនោះការយល់ដឹងអំពីសិទ្ធិ និងការចូលរួមរបស់ពួកគេនៅក្នុងដំណើរការនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាននៅមានកម្រិតនៅឡើយ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

អង្គការសមាគមធាងត្នោត បានចេញរបាយការណ៍ថ្មីមួយ ដោយដាក់ចំណងជើងថា បញ្ហាបរិស្ថាន និងសហគមន៍ក្រីក្រក្នុងទីក្រុង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ របាយការណ៍នេះបានឱ្យដឹងថា បញ្ហាបរិស្ថាននៅក្នុងសហគមន៍ក្រីក្រ នៅតែជាកត្តាប្រឈម ត្រូវការកែប្រែដើម្បីសម្រួលដល់ជីវភាពរស់នៅ និងសុខុមាលភាពប្រជាសហគមន៍។

ផ្អែកតាមរបាយការណ៍ពីសមាគមធាងត្នោត មូលហេតុដែលនាំឱ្យសហគមន៍ក្រីក្រក្នុងទីក្រុងនៅតែជួបបញ្ហាប្រឈម ដោយសារការយល់ដឹង និងការយល់ឃើញរបស់ប្រជាសហគមន៍នៅមានកម្រិត ខណៈឧបសគ្គច្បងនោះ គឺមកពីគម្លាតនៃទំនាក់ទំនង និងព័ត៌មានរវាងអាជ្ញាធរ និងពលរដ្ឋ មិនមានភាពគ្រប់គ្រាន់។

សមាគមន៍ធាងត្នោតបានធ្វើការសិក្សាចំនួន៤  ទៅលើសហគមន៍ក្រីក្រក្នុងទីក្រុងទាំងនោះ។ ការសិក្សាទី១រកឃើញថា ប្រជាពលរដ្ឋសហគមន៍មិនបានយល់ដឹងពីសទ្ធិរបស់ខ្លួន ក្នុងដំណើរការវាយតម្លៃផលប៉ះពាល់បរិស្ថាននោះទេ។ ក្រោយពេលបង្កើតជាសហគមន៍ ទើបប្រជាពលរដ្ឋបានដឹង តែគ្រប់យ៉ាងបានយឺតពេលទៅហើយ ដោយសំណង់ក្បែរសហគមន៍នោះបង្កជាទឹកជនលិចសហគមន៍របស់ពួកគេ បាត់ទៅហើយ។

ចំណែកការសិក្សាទី២ អង្គការសមាគមន៍ធាងត្នោតថា សហគមន៍ក្រីក្រក្នុងទីក្រុងប្រឈមបញ្ហាសំរាម និងទឹកកង្វក់។ បញ្ហាសំរាមដែលមានក្នុងសហគមន៍ ដំបូងមានប្រភពពិតប្រាកដមកពីខាងក្រៅនោះទេ។ នេះបើតាមការអះអាងពីប្រជាសហគមន៍ម្នាក់ ដែលសមាគមធាងត្នោតដាក់ចូលក្នុងរបាយការណ៍។ ប្រជាហសគមន៍នោះលើកឡើងថា ពីដំបូងហូរឡើងពីរបស់គេមកទេ តែឥឡូវសំរាមអត់មានចេញទេ បារអត់អស់វាផុសឡើង ។ ដោយឡែកការសិក្សាទី៣ ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុដែលជះផលប៉ះពាល់ដល់សហគមន៍ក្រីក្រក្នុងទីក្រុងភ្នំពេញ។ ពលរដ្ឋលើកឡើងថា នៅពេលមានភ្លៀងធ្លាក់ ហើយរាំងទៅវិញមានក្លិនស្អុយខ្លាំង បង្កផលប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ជាខ្លាំង។

ការសិក្សាចុងក្រោយទី៤ ទាក់ទងដល់ប្រជាសហគមន៍ផ្ទាល់បង្កជាការបំពុលដោយសំឡេង។ យុវជនម្នាក់នៃរបាយការណ៍លើកឡើងថា “ប្រភពនៃការបំពុលសំឡេងចេញពីការជួបជុំគ្នាស៊ីផឹករបស់អ្នកជិតខាង។ ពួកគាត់ភាគច្រើនចំណាយពេលថ្ងៃចុងសប្តាហ៍ជួបជុំគ្នា មានការចាក់តន្ត្រី ច្រៀងជជែកគ្នាលឺៗ។ សម្រាប់ការជួបជុំរបស់ពួកគាត់តាំងពីម៉ោង៨ព្រឹកដល់ម៉ោង១១យប់យ៉ាងឆាប់បំផុត”។

ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ លោក ម៉េត មាសភក្ដី អុ្នកនាំពាក្យសាលារាជធានីភ្នំពេញ មិនទាន់ឆ្លើយតបសំណួរអ្នកសារព័ត៌មានវិទ្យុស្ដ្រី តាមប្រព័ន្ធតេឡេក្រាម នៅឡើយនៅរសៀលថ្ងៃពុធនេះ។

យ៉ាងណាសមាគមធាងត្នោតបានផ្ដល់អនុសាសន៍ទៅកាន់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ក្រសួងពាក់ព័ន្ធ និងអង្គការដៃគូនានា ជួយសម្រួលដល់ជីវភាព និងសុខុមាលភាពនៃការរបស់នៅក្នុងតំបន់សហគមន៍ក្រីក្រទាំងនោះ។  ក្នុងនោះដែរសមាគមធាងត្នោតថា ប្រជាសហគមន៍ត្រូវប្រកាន់ខ្ជាប់នូវសេចក្ដីថ្លៃថ្នូរក្នុងការរស់នៅ និងរាយការណ៍ទៅកាន់អាជ្ញាធរពេលជួបប្រទះបញ្ហា។ ជាមួយគ្នាអាជ្ញាធរមូលដ្ឋាន គួរចុះពិនិត្យនៅក្នុងសហគមន៍ឱ្យបានញឹកញាប់ និងមានផែនការជាក់លាក់ ដើម្បីជួយបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ៕

Share

ព័ត៌មានទាក់ទង

Image