en     km
en     km

UN អំពាវនាវឱ្យមានបទឈប់បាញ់នៅហ្គាហ្សា ខណៈព្រមានមិនឱ្យក្រុមខាងក្រៅកេងចំណេញផ្នែកពាណិជ្ជកម្ម

Share

កងកម្លាំងអ៊ីស្រាអែលបន្តវាយប្រហារមកលើក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប និងធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ទៅជិត ២ម៉ឺននាក់។ ការណ៍នេះ ជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកការបោះឆ្នោត និងអំពាវនាវឱ្យមានបទឈប់បាញ់មួយផ្សេងទៀត ខណៈសង្រ្គាមនេះបានប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មនៅលើពិភពលោក។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

ការបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការស្វែងរកដំណោះស្រាយ និងអំពាវនាវឱ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ត្រូវបានពន្យារពេលសាជាថ្មីកាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីសមាជិកនៃអង្គប្រជុំខ្វែងគំនិតគ្នាដែលបង្កជាទំនាស់ពាក្យសម្តី។ ក៏ប៉ុន្តែ ការប្រជុំបោះឆ្នោតសម្រេចជាធរមាននឹងធ្វើឡើងនៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣។

ទន្ទឹមគ្នានេះ ក្រុម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់របស់យេម៉ែន បានវាយប្រហារម្តងហើយម្តងទៀតទៅលើនាវាដឹកជញ្ជូនទំនិញនៅសមុទ្រក្រហម ដែលនាំឱ្យក្រុមហ៊ុនធំៗត្រូវបរនាវាគេចចេញពីការវាយប្រហារ និងប្រកាសឱ្យសម្ព័ន្ធកងទ័ពជើងទឹកអន្តរជាតិការពារពួកគេ។

នៅក្នុងហេតុការណ៍នេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសន្យាគាំទ្រ និងការពារនាវាពាណិជ្ជកម្មនានា ហើយលោកគ្រងនឹងបញ្ជូននាវាចម្បាំងពីចក្រភពអង់គ្លេស បារាំង អ៊ីតាលី អេស្ប៉ាញ និងប្រទេសដទៃទៀតទៅលើដែនទឹកសមុទ្រក្រហម ដើម្បីអន្តរាគមន៍នៅក្នុងពេលមានគ្រោះអាសន្ន។

ជាមួយគ្នានេះ មន្ត្រី Houthi មួយរូប បាននិយាយកាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ថា ប្រទេសណាដែលធ្វើសកម្មភាពប្រឆាំងនឹងពួកឧទ្ទាម ពួកគេនឹងតម្រង់គោលដៅ និងបើកការវាយប្រហារលើកប៉ាល់ទាំងនោះ។

សូមជម្រាបថា អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មនុស្សចំនួន ១.៩លាននាក់នៃប្រជាជនសរុបចំនួន ២.៤លាននាក់នៅតំបន់ហ្គាហ្សា ត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ និងភៀសខ្លួនទៅរកទីជ្រកកោននៅតាមបណ្តាប្រទេសជិតខាងដើម្បីការពារអាយុជីវិត។ អង្គការសហប្រជាជាតិបញ្ជាក់ទៀតថា ផ្ទះសម្បែងមួយចំនួនធំត្រូវបានបំផ្លាញ ខ្វះខាតប្រេងឥន្ធនៈ អាហារ ទឹក និងការថែទាំវេជ្ជសាស្រ្តជាខ្លាំង ខណៈអ៊ីស្រាអែលក៏បានកាត់ផ្តាច់ថាមពល និងការទំនាក់ទំនងនៅក្នុងតំបន់ហ្គាហ្សាផងដែរ៕

ប្រភព៖ CNA ចុះថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image