en     km
en     km

មនុស្សជាង១០០នាក់បានស្លាប់ និងជិត៤០០នាក់រងរបួសក្នុងគ្រោះរញ្ជួយដីនៅចិន

Share

នៅភាគពាយព្យនៃប្រទេសចិនបានកើតមានគ្រោះរញ្ជួយដីបាក់អគារ ដែលបណ្ដាលឱ្យមនុស្សស្លាប់យ៉ាងតិចចំនួន ១១៦នាក់​ ខណៈប្រទេសចិនកំពុងស្ថិតក្នុងស្ថានភាពចុះត្រជាក់ផងដែរ។

(កញ្ញា សៃ​ ចន្ធី រាយការណ៍)

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនៃប្រទេសចិនបានរាយការណ៍នៅថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ថា នៅភាគពាយ័ព្យនៃប្រទេសចិន កើតមានគ្រោះរញ្ជួយដីដែលបណ្ដាលឱ្យបាក់អគារសង្កត់មនុស្សស្លាប់យ៉ាងតិចចំនួន ១១៦នាក់។ បន្ទាប់ពីគ្រោះរញ្ជួយដីស្ងប់ ក្រុមអ្នកជួយសង្គ្រោះបានរត់ប្រញាប់ប្រញាល់ជីកកកាយតាមគំនរបាក់បែកនៃអគារ ដើម្បីជួយសង្គ្រោះមនុស្សដែលកំពុងស្ថិតក្រោមគំនរបាក់បែក។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃអង្គារ ទី១៩​ ខែធ្នូ ឆ្នាំ២០២៣។

ទន្ទឹមនឹងនេះ មន្ត្រីប៉ូលិសចិនក្នុងតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ១០៥នាក់បានស្លាប់ និងមនុស្សជិត ៤០០នាក់បានរងរបួសនៅក្នុងខេត្ត Gansu ភាគពាយ័ព្យនៃប្រទេសចិន។ ចំណែកនៅក្នុងទីក្រុង Haidong នៃខេត្ត Qinghai ប្រទេសចិន មានមនុស្សចំនួន ១១នាក់បានស្លាប់ និងមនុស្សចំនួន ១០០នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ នេះបើយោងតាមទូរទស្សន៍រដ្ឋ CCTV របស់ចិន។

ជាមួយគ្នានេះ តាមទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានបង្ហាញថា គ្រោះរញ្ជួយដីនេះបានធ្វើឱ្យផ្ទះដួលរលំ និងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធរដ្ឋយ៉ាងខ្លាំង។ ក្នុងនោះ ស្ត្រីម្នាក់អាយុប្រហែល ៣០ឆ្នាំ បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះទៅក្នុងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលភ្ជាប់ជាមួយកាសែតរដ្ឋ People’s Daily ថា អ្នកស្រីភ័យញ័រដៃនិងជើង ស្ទើរតែខ្លាចរហូតដល់ស្លាប់នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីនេះ។

សូមជម្រាបថា ការងារជួយសង្គ្រោះកំពុងដំណើរការនៅព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយប្រធានាធិបតីចិន លោក Xi Jinping និងបានអំពាវនាវដល់ក្រុមអ្នកជួយសង្គ្រោះទាំងអស់ ត្រូវខិតខំប្រឹងប្រែងនៅក្នុងកិច្ចការងារស្វែងរក និងសង្គ្រោះមនុស្ស បើទោះបីជាប្រទេសចិនកំពុងស្ថិតក្នុងស្ថានភាពចុះត្រជាក់ក៏ដោយ។ លោក Xi Jinping ថា សីតុណ្ហភាពនៅចិនកំពុងចុះត្រជាក់ទាប ដូច្នេះអ្នកជួយសង្គ្រោះទាំងអស់គួរតែប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយបន្ទាប់បន្សំ។

សូមរំលឹកថា តាមការស្ទាបស្ទង់ភូមិសាស្ត្រ United Geological Survey គ្រោះរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ បានវាយប្រហារនៅទីក្រុង Gansu ជិតព្រំដែនជាមួយខេត្តQinghai ហើយគ្រោះរញ្ជួយដីដែលមានកម្រិតលើសពី ៥.០រ៉ិចទ័រ អាចកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើយោងតាមការព្រមានពីក្រុមមន្ត្រីចិន៕

ប្រភព៖ Bangkok Post ចុះថ្ងៃអង្គារ ទី១៩ ខែធ្នូ​ ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image