ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថា កិច្ចខិតខំប្រឹងប្រែងការទូតជាមួយប្រទេសចិនកំពុងបោះជំហានទៅរកទិសដៅមិនសមប្រកប ខណៈប្រទេសទាំងពីរកំពុងមានវិវាទជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣។
នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ និងបានចាក់ផ្សាយជាថ្មីតាមប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីននៅថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហាញថា បើទោះបីជាហ្វីលីពីនជ្រើសយកទំនាក់ទំនងការទូតរវាងហ្វីលីពីននិងចិនតាមបែបប្រពៃណីក្តី ក៏ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះរីកចម្រើនតិចតួចបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ទោះយ៉ាងណា លោក Marcos បញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីននៅតែបន្តពិភាក្សាជាមួយដៃគូរបស់ខ្លួន និងបង្ហាញជំហររួមមួយដោយបញ្ជាក់ពីការទទួលខុសត្រូវលើបញ្ហាសមុទ្រហ្វីលីពីនខាងលិច។ លោកប្រធានាធិបតីហ្វីលីពីនរូបនេះអះអាងថា ប្រទេសហ្វីលីពីនចង់ជៀសវាងជម្លោះដោយហិង្សា ដោយងាកមកដោះស្រាយតាមសន្តិវិធី និងពាំនាំនូវដំណោះស្រាយដ៏ល្អជូនដល់បណ្តាប្រទេសផ្សេងទៀតដែលពាក់ព័ន្ធនៅក្នុងជម្លោះនេះក្រៅពីប្រទេសហ្វីលីពីន និងចិន។
គួរបញ្ជាក់ថា ហ្វីលីពីនហៅផ្នែកមួយនៃសមុទ្រចិនខាងត្បូងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនថា ជាសមុទ្រហ្វីលីពីនខាងលិច។ ក្រៅពីហ្វីលីពីន សមាជិកអាស៊ានដូចជា វៀតណាម ម៉ាឡេស៊ី និងប្រ៊ុយណេ មានការទាមទារចំកន្លែងដូចគ្នាជាមួយចិននៅក្នុងផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង ដែលជាផ្លូវសម្រាប់ធ្វើពាណិជ្ជកម្មយ៉ាងសំខាន់ដែលអាចរកចំណូលបានជាង ៣ពាន់ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
ក្នុងជម្លោះនោះ ចិនតែងដាក់សម្ពាធលើបណ្តាប្រទេសទាំងនេះ ក្នុងគោលបំណងទាមទារកម្មសិទ្ធិផ្តាច់មុខលើសមុទ្រចិនខាងត្បូង ដើម្បីពង្រីងឥទ្ធិពលរបស់ខ្លួនក្នុងវិស័យពាណិជ្ជកម្ម៕
ប្រភព៖ CNA ចុះថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣