លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការធ្វើប្រហុក រហូតមកទល់ពេលនេះ ប្រជាពលរដ្ឋភាគច្រើននៅតែបន្តធ្វើប្រហុកតាមបែបប្រពៃណីសម្រាប់ការប្រើប្រាស់ប្រចាំគ្រួសារ។ ក៏ប៉ុន្តែលោករដ្ឋមន្ត្រីបញ្ជាក់ថា សហគ្រិនខ្នាតតូច និងមធ្យមវិញ កំពុងកែច្នៃប្រហុកស្ងួតតាមតម្រូវការទីផ្សារ ហើយបច្ចុប្បន្នកំពុងស្នើសុំវិញ្ញាបនបត្របញ្ជាក់គុណភាព សុវត្ថិភាព ដើម្បីបង្កើនទំនុកចិត្ត និងតម្លៃបន្ថែមសម្រាប់ការនាំចេញ។ លោកថ្លែងបែបនេះ ក្នុងពេលដែល ចុះពិនិត្យការប្រមូលផលត្រីប្រហុកនៅដាយត្រីលេខ១៥ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាលនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
លើសពីនេះទៀត លោក ឌិត ទីណា បានបញ្ជាក់ថា ក្រសួងបានចាប់ផ្តើមសាកល្បងឱ្យមានការប្រកួតប្រជែងការកែច្នៃប្រហុកឆ្ងាញ់កាលពីឆ្នាំកន្លងទៅ ដោយមានការគាំទ្រពីក្រុមហ៊ុន Conferel ហើយនឹងបន្តធ្វើបន្ថែមទៀត។
បើតាមប្រភពពីក្រសួងកសិកម្ម ក្នុងអំឡុងពេលដែលបើក ឲ្យប្រមូលផលត្រីនេះផងដែរ ផលត្រីដែលទទួលបានជាប្រភេទត្រីប្រហុក ហើយភាគច្រើននៅដើមដៃនេះ ត្រីប្រមាណ ៧០% ជាប្រភេទត្រីស្លឹកឫស្សី ១០%ត្រីឆ្វៀត និង២០%ត្រីចម្រុះ។ ចំពោះស្តង់ដានៃការកែច្នៃប្រហុកវិញ គឺត្រូវគោរពតាមគោលការណ៍ភូតគាមអនាម័យ (SPS) សម្រាប់ផ្នែកបច្ចេកទេស និងស្តង់ដាទីផ្សារនាំចេញ។
សូមជម្រាបជូនថា រដូវបើកនេសាទគន្លងដាយត្រី ចាប់ផ្ដើមពីខែតុលា ដល់ខែកុម្ភៈ តែផែ្អកលើស្ថានភាពទឹកនៅបឹងទន្លេសាប។ បើគ្មានព្យុះ និងមេឃស្រឡះ គន្លងដាយត្រីអាចប្រមូលផលត្រីបានច្រើនចាប់ពីខែធ្នូ ដល់ខែមករា ហើយជាទូទៅក្នុងពេលខែខ្នើត។ លោករដ្ឋមន្ត្រីកសិកម្មបានគូសបញ្ជាក់ថា ក្នុងឆ្នាំនេះ ផលត្រីមានការកើនឡើងជាងឆ្នាំមុនប្រមាណ ៥% ដោយសារការសហការបង្ការនិងបង្ក្រាបបទល្មើសនេសាទប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់៕
អត្ថបទ៖ចាន់រ៉ាត់ សៀវមិញ