សង្គមស៊ីវិលពីកម្ពុជា និងជុំវិញពិភពលោកចំនួន៨១០ ស្ថាប័ន បានដាក់សំឡេងរួមគ្នាអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធឥលូវនេះ នៅតំបន់ហ្គាហ្សា និងអ៊ីស្រាអែល ខណៈស្ដ្រី និងកុមាររាប់លាននាក់ក្លាយជាជនរងគ្រោះពីភ្លើងសង្គ្រាម។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
អង្គការយែនឌ័រ និងអភិវឌ្ឍន៍ ដើម្បីកម្ពុជា(GADC) រួមជាមួយអង្គការសង្គមស៊ីវិលជាង៨០០ស្ថាប័ន នៅជុំវិញពិភពលោក បានចុះហត្ថលេខារួមគ្នា អំពាវនាវឱ្យប្រមុខរដ្ឋក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងតួអង្គទាំងអស់ ផ្តល់អាទិភាពដល់ការរក្សាអាយុជីវិតមនុស្សនៅតំបន់ហ្គាហ្សាស្ទ្រីប វេសប៊ែង និងអ៊ីស្រាអែល ខណៈភ្លើងសង្គ្រាមកំពុងយាយីពួកគេ។
អង្គការGADCថា យើងទាំងអស់គ្នាបានឃើញការស្លាប់ដែលមិនអាចគិតស្មានដល់ នៅតាមតំបន់ទាំងនោះ ហើយមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ របួស ជម្លៀសចេញ និងខ្លះត្រូវបានចាប់ជាចំណាប់ខ្មាំង រួមមានស្រ្ដី កុមារ និងមនុស្សចាស់ផងដែរ។
យោងតាម UN Women គិតត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ មានស្ត្រី និងកុមារចំនួន ១២ ៨៨២ នាក់ត្រូវបានសម្លាប់។ ជាមួយគ្នា ស្រ្តី និងក្មេងស្រីចំនួន ៩៥១ ៤៩០នាក់ ត្រូវបានផ្លាស់ទីលំនៅចេញពីផ្ទះរបស់ពួកគេ។ អំឡុងពេលនេះដែរ ស្ត្រីចំនួន ២ ៧៨៤ នាក់បានក្លាយជាស្ត្រីមេម៉ាយ និងជាមេគ្រួសារទោល បន្ទាប់ពីដៃគូប្រុសរបស់ពួកគេបានស្លាប់ ហើយកុមារ ១០ ០២២នាក់ បានបាត់បង់ឪពុករបស់ពួកគេផងដែរ។ UN Woman បន្ដឱ្យដឹងថា ត្រឹមរយៈពេលដដែលនេះ មានស្ត្រី ៥០០០០ នាក់នៅតំបន់ហ្គាហ្សាមានផ្ទៃពោះ ជាមួយគ្នានេះស្ដ្រីចំនួន ៥ ៥២២ រំពឹងថា នឹងសម្រាលកូននៅខែក្រោយនេះ។
ផ្អែកតាមអង្គការសហប្រជាជាតិ នៅតំបន់ហ្គាហ្សាមានកង្វះ ទឹក អាហារ ប្រេងឥន្ធនៈ ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត។ អង្គការសហប្រជាជាតិបានព្រមានថាប្រជាជននៅតំបន់នោះ ជាពិសេសកុមារតូចៗ នឹងចាប់ផ្តើមស្លាប់ក្នុងពេលឆាប់ៗនេះ ដោយសារការខ្វះជាតិទឹកធ្ងន់ធ្ងរ។ ទន្ទឹមគ្នា ប្រជាជនប៉ាឡេស្ទីន ក៏ពិបាកស្វែងរកកន្លែងដែលមានសុវត្ថិភាពដែលត្រូវទៅដែរ។ មនុស្សជាច្រើននៃអ្នកដែលបានផ្លាស់ទីលំនៅពីភាគខាងជើងហ្គាហ្សា ទៅភាគខាងត្បូងបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានបញ្ជារឱ្យផ្លាស់ប្តូរទីលំនៅ ត្រូវបានគេរាយការណ៍ថា បានទម្លាក់គ្រាប់បែកនៅពេលដែលពួកគេព្យាយាមភៀសខ្លួន ឬនៅពេលដែលពួកគេបានទៅដល់ភាគខាងត្បូងហ្គាហ្សា។
ចំពោះបញ្ហានេះសង្គមស៊ីវិលជុំវិញពិភពលោក បានដាក់សំឡេងរួមគ្នា ដោយអំពាវនាវដល់គ្រប់ភាគីទាំងអស់ត្រូវ ជួយសម្រួលដល់ការផ្តល់ជំនួយសង្គ្រោះជីវិត រួមទាំងអាហារ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត ប្រេងឥន្ធនៈ និងការបន្តចរន្តអគ្គិសនី និងអ៊ីនធឺណិតទៅកាន់តំបន់ហ្គាហ្សា បន្ថែមពីលើការឆ្លងកាត់ប្រកបដោយសុវត្ថិភាពនៃបុគ្គលិកមនុស្សធម៌ និងពេទ្យ។ ក្រៅពីនេះសង្គមស៊ីវិលទាំងជាង៨០០ស្ថាប័ន ស្នើឱ្យដោះលែងចំណាប់ខ្មាំងស៊ីវិលទាំងអស់ ជាពិសេសកុមារ និងមនុស្សចាស់ ព្រមទាំងអនុញ្ញាតឱ្យក្បួនដង្ហែមនុស្សធម៌ទៅដល់កន្លែងរបស់អង្គការសហប្រជាជាតិ សាលារៀន មន្ទីរពេទ្យ និងកន្លែងសុខភាពនៅភាគខាងជើងហ្គាហ្សា ហើយប្តេជ្ញាការពារពួកគេ រួមជាមួយនឹងជនស៊ីវិល និងបុគ្គលិកនានា គ្រប់ពេលវេលា។ លើសពីនេះ ការអំពាវនាវរួមគ្នានេះ ស្នើឱ្យលុបចោលបញ្ជារបស់រដ្ឋាភិបាលអ៊ីស្រាអែល ដែលឱ្យជនស៊ីវិលចាកចេញពីតំបន់ Gaza ភាគខាងជើង និងអនុញ្ញាតឱ្យអ្នកជំងឺក្នុងស្ថានភាពធ្ងន់ធ្ងរត្រូវបានជម្លៀសចេញតាមវេជ្ជសាស្រ្ដ ដើម្បីការថែទាំបន្ទាន់។
សង្គមស៊ីវិលដែលបានចុះហត្ថលេខាក្នុងការអំពាវនេះថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អគ្គលេខាធិការអង្គការសហប្រជាជាតិ និងមេដឹកនាំពិភពលោកទាំងអស់ដែលមានឥទ្ធិពល ត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បីធានាថាបទឈប់បាញ់ចូលជាធរមាន។ សង្គមស៊ីវិលចាត់ទុកថា នេះជាជម្រើសតែមួយគត់ក្នុងការទប់ស្កាត់ការបាត់បង់ជីវិតជនស៊ីវិល និងគ្រោះមហន្តរាយមនុស្សធម៌បន្ថែមទៀត។
តែយ៉ាងណា កាលពីទី១៥ ខែតុលា ឆ្នាំ២០២៣ អ្នកសម្របសម្រួលមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំតំបន់ប៉ាឡេស្ទីនបានអំពាវនាវដល់ភាគីជម្លោះទាំងអស់ និងដល់រដ្ឋសមាជិកដែលមានឥទ្ធិពល យល់ព្រមជាបន្ទាន់ ចំពោះបទឈប់បាញ់មនុស្សធម៌៕