រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី ត្រូវរួសរាន់មកទិញត្រី ចាប់ពីថ្ងៃ១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។
តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលជលផល ឱ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៣-២០២៤ ត្រីចាប់ផ្ដើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និង រាជធានីភ្នំពេញ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។
ទន្ទឹមនឹងការប្រកាសពីពេលវេលាត្រីត្រូវនេះ រដ្ឋបាលជលផលក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ ឲ្យជួយ សម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីដោយរលូន តាមការគួរ៕
អត្ថបទ៖ចាន់រ៉ាត់ សៀវមិញ