en     km
en     km

GADCកៀរគរសំឡេងពីយុទ្ធនាការ១៦ថ្ងៃ ស្នើរដ្ឋាភិបាលលៃលកថវិកាឆ្លើយតបយេនឌ័រ

Share

អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា(GADC) បានរៀបចំយុទ្ធនាការ១៦ថ្ងៃ ក្រោមមូលបទ “វិនិយោគលើថវិកាឆ្លើយតបយេនឌ័រ ដើម្បីកសាងសមត្ថភាព និងលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំក្នុងសហគមន៍”។ យុទ្ធនាការនេះធ្វើឡើង កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ នៅវត្តព្រៃទំពូង ស្រុកបាភ្នំ ខេត្តព្រៃវែង ដើម្បីឱ្យអ្នកចូលរួមបានយល់ដឹងពីទំនាក់ទំនងរវាងអំពើហិង្សាលើស្រ្តី និងក្មេងស្រី និងស្រ្តីក្នុងភាពជាអ្នកដឹកនាំ។ បន្ថែមពីនេះ ដើម្បីកៀរគរសំឡេងរួមឱ្យមានការលៃលកកញ្ចប់ថវិកា ដើម្បីកសាងសមត្ថភាពនិងគាំទ្រស្រ្តីក្នុងភាពជាអ្នកដឹកនាំផងដែរ។

រូបភាព៖ នៃយុទ្ធនាការ១៦ថ្ងៃ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣

កញ្ញា ណម ស៊ីណា ជាប្រធានកម្មវិធីទំនាក់ទំនងនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា បានលើកឡើងថា យុទ្ធនាការយុទ្ធនាការ១៦ថ្ងៃនេះកើតដោយមានការដឹកនាំរៀបចំដោយក្រុមយុវជនចម្បាំងយេនឌ័រ និងគណៈកម្មការនៅសហគមន៍ដែលជាក្រុមគោលដៅរបស់អង្គការ ដោយមានការឧបត្ថម្ភថវិកាពី៖ អង្គការ Diakonia អង្គការ ILO និងអង្គការ NPA។    កញ្ញាបានកត់សម្គាល់ថា យុទ្ធនាការ១៦ថ្ងៃ ពិតជាមានអត្ថន័យដោយអ្នកចូលរួម មានភាពចម្រុះមានស្រ្តី និងបុរសដែលមានវ័យខុសៗគ្នា។

កញ្ញា ណម ស៊ីណា ជាប្រធានកម្មវិធីទំនាក់ទំនងនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា

កញ្ញា ណម ស៊ីណា បានបញ្ជាក់ក្នុងសំដីដើមថា៖ “ស្រ្តីគ្រប់រូបសុទ្ធតែមានសក្ដានុពលរៀងៗខ្លួន ក្នុងការដឹកនាំ ដឹកនាំជីវិតខ្លួនឯង  ដឹកនាំក្រុមគ្រួសាររបស់ខ្លួនឯង។ អញ្ចឹងស្រ្តីត្រូវក្រោកឡើងដើម្បីប្រើប្រាស់នូវសក្តានុពលរបស់ខ្លួនឲ្យក្លាយជាអ្នកដឹកនាំ”។ ទន្ទឹមគ្នា កញ្ញា ក៏បានអំពាវនាវដល់រាជរដ្ឋាភិបាលឲ្យរៀបចំកញ្ចប់ថវិកាឆ្លើយតបតម្រូវការយេនឌ័រ ដើម្បីផ្តល់វគ្គបណ្ដុះបណ្ដាលកសាងសមត្ថភាពស្រ្តីឲ្យពួកគាត់បានទទួលនូវឱកាសក្លាយជាអ្នកដឹកនាំផងដែរ។

យុវត្តីឈ្មោះ ស្រ៊ីម រចនា ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យធាយ

យុវត្តីឈ្មោះ ស្រ៊ីម រចនា ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យធាយ ដែលបានចូលរួមក្នុងកម្មវីធីយុទ្ធនាការ១៦ថ្ងៃ បានបង្ហាញពីចំណាប់របស់ខ្លួនថា៖ “សម្រាប់រូបខ្ញុំមានអារម្មណ៍អរគុណដល់អង្គការGADC ដែលបានរៀបចំកម្មវិធីនេះឡើង ដោយផ្តល់ឱកាស និងលើកកម្ពស់ដល់ស្រ្តី ដើម្បីលុបបំបាត់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ជាពិសេសបានបង្ហាញថាស្រ្តីក៍អាចទទួលបានការអប់រំដល់ខ្ពស់។ ដូចការរំពឹងទុករបស់ខ្ញុំ កម្មវិធីបានបង្ហាញច្បាស់ថា ស្រ្តីអាចដឹកនាំបានក្នុងគ្រួសារ ក៍អាចដឹកនាំសង្គមបានផងដែរ ដោយគ្មានការរើសអើងហើយស្ត្រីអាចមានសិទ្ធិធ្វើអ្វីមួយដែលខ្លួនឯងស្រលាញ់ ដោយមានគោលដៅ និងឆន្ទះ សម្រាប់អនាគតរបស់ខ្លួនផងដែរ”។ ក្នុងនាមជាយុវត្តីម្នាក់ រចនាបានសំណូរពរថាកុំឲ្យមានការរើសអើងលើស្រ្តី។

យុវជនឈ្មោះ ធឿន ប៊ុនថុង ជានិសិ្សតឆ្នាំទី៣ នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និងជាយុវជនចម្បាំងយេនឌ័រ

ចំណែកយុវជនឈ្មោះ ធឿន ប៊ុនថុង ជានិសិ្សតឆ្នាំទី៣ នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និងជាយុវជនចម្បាំងយេនឌ័រមួយរូប បានសម្ដែងក្នុងយុទ្ធនាការ១៦ថ្ងៃ និងសម្ដែងជាតួម្ដាយបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា៖ “ទោះយើងជាបុរសក៍ដោយ ក៍ត្រូវចេះផ្តល់សិទ្ធិអំណាចដល់ស្រ្តី ទើបខ្ញុំសម្ដែងជាតួអង្គម្ដាយដើម្បីចង់បង្ហាញបងប្អូន អ្នកចូលរួមថាស្រ្តី ឬបុរស ពួកគាត់មានសិទ្ធិស្មើគ្នា។ យុវជនរូបនេះបញ្ជាក់ថា ស្រ្តីជាមនុស្សម្នាក់ រឹងមាំ មានចិត្ត គំនិត ខ្លាំងអស្ចារ្យ អ្នកអាចធ្វើបានគ្រប់យ៉ាង”។

សកម្មភាពនៃការសម្ដែងរឿងខ្លីរបស់យុវជនចម្បាំងយែនឌ័រ

សូមជម្រាបថា យុទ្ធនាការ១៦ថ្ងៃ គឺជាយុទ្ធនាការពិភពលោកមួយ ដែលប្រឆាំងនឹងអំពើហិង្សាលើស្ត្រី និងក្មេងស្រី។ ជារៀងរាល់ឆ្នាំយុទ្ធនាការ១៦ថ្ងៃ ធ្វើឡើងចាប់តាំងពីថ្ងៃទី២៥ ខែវិចិ្ចកា ដែលជាទិវាអន្តរជាតិស្តីពីការលុបបំបាត់អំពើហិង្សាលើស្រ្តី រហូតដល់ថ្ងៃទី១០ ខែធ្នូ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ។

រូបភាព៖ នៃយុទ្ធនាការ១៦ថ្ងៃ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣

យុទ្ធនាការនេះ ជាការម្លឹកដល់ថ្ងៃទី២៥ ខែវិចិ្ចកា ឆ្នាំ១៩៦០ មានដូនជីឈ្មោះ Patria, Minerva, Maria Teresa Mirabal ដែលជាសកម្មជននយោបាយ និងបានក្រោកឡើងប្រឆាំងនឹងអំពើហិង្សាឃោរឃៅ និងរបបផ្តាច់ការ ហៅ Trujillo។ ក្រុមដូនជីទាំងនោះ បានក្លាយជានិមិត្តរូបនៃការតស៊ូ អត់ធន់បែបហ្វេមមីនីស ។ ជាមួយគ្នាថ្ងៃអន្តរជាតិនេះក៏បានអង្គការសហប្រជាជាតិទទួលស្គាល់ផងដែរ នៅក្នុងឆ្នាំ១៩៩៩៕

អត្ថបទខ្លីសរសេរដោយ លោក សួន វីន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

Share

ព័ត៌មានទាក់ទង

Image