ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីបង្ក្រាប និងសង្គ្រោះជនរងគ្រោះសរុបមានចំនួន៨៧ករណី ប៉ុន្តែបើធៀបនឹងឆមាសទី១ ឆ្នាំ២០២២ គឺមានចំនួនត្រឹមតែ៧៤ករណី ប៉ុណ្ណោះ។ ពោលទិន្នន័យនេះ កើនឡើងចំនួន១៣ករណីបើធៀបនឹងពេលដូចគ្នានៅឆ្នាំ២០២២កន្លងទៅ។
នេះបើផ្អែកតាមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបង្ហាញរបាយការណ៍ក្នុងពិធីខួបលើកទី១៧ នៃទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស»។
ប្រភពដដែលបង្ហាញថា ក្នុងប្រតិបត្តិការដែលបានធ្វើឡើងក្នុងឆមាសទី១ ឆ្នាំ២០២៣ នេះ អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅតុលាការចំនួន៩៦នាក់ និងជួយសង្គ្រោះជនរងគ្រោះបាន២៨១នាក់ ផងដែរ។
ជុំវិញរបាយការណ៍នេះ ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្សនៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា អំពាវនាវឱ្យអភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិទាំងអស់ និងមន្ទីរអង្គភាពក្រោមឱវាទគ្រប់ ត្រូវពង្រឹងស្មារតីទទួលខុសត្រូវក្នុងតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូនឲ្យបានម៉ត់ចត់ជាទីបំផុត។ ការណ៍ដែលធ្វើបែបនេះ ព្រោះលោករដ្ឋមន្រ្តីចាត់ទុកថា « ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នេះ ដើម្បីលើកកម្ពស់សន្តិសុខ សុវត្ថិភាពមនុស្សជាតិ និងលើកកម្ពស់សក្ដានុពលនៃធនធានមនុស្សសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ»។
យ៉ាងណាមិញ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Volker Türk ធ្លាប់ចេញរបាយការណ៍មួយ ដែលរកឃើញថា ក្នុតំបន់អាស៊ីអាគ្នេយ៍មានមនុស្សរាប់ពាន់នាក់ត្រូវបានជួញដូរដោយក្រុមឧក្រិដ្ឋជន និងត្រូវបានបង្ខំឲ្យធ្វើការខុសច្បាប់តាមរយៈការបោកប្រាស់តាមប្រព័ន្ធអនឡាញ។ ក្នុងនោះ នៅកម្ពុជាមានមនុស្សប្រមាណ ១០ម៉ឺននាក់ត្រូវបានបង្ខំឲ្យធ្វើការបោកប្រាស់តាមប្រព័ន្ធអនឡាញ ហើយមានជនរងគ្រោះប្រឈមមុខនឹងការរំលោភបំពាន និងការគំរាមកំហែងសុវត្ថិភាព ដោយក្រុមឧក្រិដ្ឋជនជួញដូរ ដែលជាករណីពាក់ព័ន្ធនឹងការជួញដូរមនុស្ស។
ជាដំណោះស្រាយ លោកស្រី ជូប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ធ្លាប់ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ថា ដើម្បីបោសសម្អាតករណីជួញដូរមនុស្ស គឺទាមទារឱ្យមានការសហការរវាងជាតិ និងអន្តរជាតិ ប្រកបដោយភាពស្មោះត្រង់។ បន្ថែមពីនេះលោកស្រី ប្តេជ្ញាថាក្រសួងនឹង ចូលរួមធានាលុបបំបាត់ចោលករណីអំពើជួញដូរមនុស្សនៅកម្ពុជាតាមដែលអាចធ្វើទៅបាន៕