en     km
en     km

បក្សភ្លើងទៀនចោទថា សកម្មជនបក្សកម្លាំងជាតិបានបំផ្លាញស្លាកសញ្ញាបក្សភ្លើងទៀន នៅខេត្តកំពង់ធំ

Share

គណបក្សភ្លើងទៀនចោទថា សកម្មជនគណបក្សកម្លាំងជាតិបានទៅបំផ្លាញស្លាកសញ្ញាគណបក្សរបស់ខ្លួនក្នុងភូមិសាស្ដ្រស្រុកកំពង់សា្វយ ខេត្តកំពង់ធំ។ តែទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ថាមិនទាន់បានព័ត៌មានជាក់លាក់ទេក្នុងរឿងនេះ រង់ចាំលោកស្រាវជ្រាវជាមុនសិន។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ស្លាកសញ្ញាគណបក្សភ្លើងទៀន នៅចំណុចម្ដុំគីឡូម៉ែត្រលេខ១៩៣ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានសកម្មជន នៃគណបក្សកម្លាំងជាតិ ធ្វើសកម្មភាពបំផ្លាញស្លាកសញ្ញាចោល នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពីគណបក្សភ្លើងទៀនលើបណ្ដាញសង្គមតេឡេក្រាម។

ការណ៍នេះបណ្ដាលឱ្យមន្ដ្រីជាន់ខ្ពស់របស់គណបក្សភ្លើងទៀន២រូប មានលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស និងលោក គីមសួរ ភីរិទ្ធ បេក្ខជនសមាជិកព្រឹទ្ធសភា  បានចុះទប់ស្កាត់សកម្មភាព បំផ្លាញទ្រព្យសម្បត្តិរបស់គណបក្សខ្លួនភ្លាមៗ ក្រោយបានទទួលដំណឹងពីប្រជាពលរដ្ឋ។

គណបក្សភ្លើងទៀន បានឱ្យដឹងថា អ្នកដែលបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួន មានឈ្មោះថា លោក  ឈឿង ធី ជាសកម្មជនរបស់គណបក្សកម្លាំងជាតិ នៅស្រុកកំពង់ស្វាយ។ តែលោក ឈឿង ធី បានឆ្លើយថា ឈ្មោះ  ស៊ុន ចន្ធី  ជាអ្នកបញ្ជាឱ្យធ្វើសកម្មភាពនេះ។ ផ្អែកតាមគណបក្សភ្លើងទៀន លោក ឈឿង ធី និយាយថា “ខ្ញុំមិនដឹងទេ  បើចង់ប្ដឹង ចង់រករឿង សូមសួរ  ស៊ុន ចន្ធី  ទៅ”។ សូមបញ្ជាក់ថា លោក ស៊ុន ចន្ធី គឺជាប្រធានគណបក្សកម្លាំងជាតិ។

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានប្រាប់វិទ្យុស្ដ្រីថា លោកមិនទាន់បានព័ត៌មានជាក់លាក់ទេក្នុងរឿងនេះ រង់ចាំលោកស្រាវជ្រាវសិនទើបអាចឆ្លើយតបបាន។

យ៉ាងណា កាលពីថ្ងៃទី១៣ ខែ ធ្នូ  ឆ្នាំ ២០២៣ គណបក្ស ភ្លើងទៀន បានជូនដំណឹងក្រើនរំលឹកដល់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាគណបក្សខ្លួនទាំងអស់ឲ្យចូលរួមគ្រប់គ្រង និងថែរក្សាការពារស្លាកគណបក្សភ្លើងទៀន។

សេចក្ដីជូនដំណឹងនោះបាន សង្កត់ធ្ងន់ថា ស្លាកគណបក្ស ភ្លើងទៀន គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់គណបក្ស បើក្នុងករណីមានការបំផ្លិចបំផ្លាញស្លាកគណបក្ស ជាបន្តបន្ទាប់ទៀត សមាជិកត្រូវរាយការណ៍ជូនគណបក្សថ្នាក់ជាតិ និងអាជ្ញាធរមានសមត្ថកិច្ច ជាបន្ទាន់។

យោងតាមមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ បានចែងថាការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោស ពី ៦ ខែ ដល់ ២ ឆ្នាំ និង ពិន័យ ជាប្រាក់ ពី ១  លាន ទៅ ៤ លាន រៀល៕

Share

ព័ត៌មានទាក់ទង

Image