en     km
en     km

យុវជនដែលនឹងបង្ហាញស្នាដៃក្នុងពិព័រណ៍សិល្បៈយុវជន រំពឹងថាការច្នៃប្រឌិតរបស់ខ្លួន នឹងជំរុញបញ្ឈប់ការរើសអើង

Share

 

កម្មវិធីពិព័រណ៍សិល្បៈយុវជន នឹងត្រូវរៀបចំឡើងនៅថ្ងៃអាទិត្យ ទី១៧ ខែ ធ្នូ ឆ្នាំ​ ២០២៣ខាងមុខនេះ ។ កម្មពិធីនេះធ្វើឡើង ក្រោមទិវាប្រយុទ្ធជំងឺអេដស៍ពិភពលោក ផ្តោតលើភាពច្នៃប្រឌិតរបស់យុវជនកម្ពុជា ដើម្បីចង្អុលបង្ហាញនៃការកើនឡើងអត្រាប្រេវ៉ាឡង់មេរោគអេដស៍ក្នុងចំណោមប្រជាជនវ័យក្មេង រួមទាំងក្រុមបុរសរួមភេទជាមួយបុរស និង ក្រុមប្លែងភេទ ដែលមានអាយុពី 15 ទៅ 24 ឆ្នាំ។ យុវជនដែលនឹងបង្ហាញស្នាដៃក្នុងពិព័រណ៍សិល្បៈយុវជន រំពឹងថាការច្នៃប្រឌិតរបស់ខ្លួន នឹងជំរុញបញ្ឈប់ការរើសអើងក្នុងសង្គម។ កញ្ញា សួ សុវណ្ណិកា រាយការណ៍ 

 

គំនិតផ្តួចផ្តើមកម្មវិធីពិព័រណ៍សិល្បៈយុវជននេះផ្តល់អំណាចដល់យុវជនក្នុងការបញ្ចេញទស្សនៈរបស់ពួកគេលើជំងឺអេដស៍ តាមរយៈសិល្បៈគំនូរនិងការច្នៃប្រឌិតសំលៀកបំពាក់ ក្នុងគោលបំណងជំរុញការយល់ដឹង និងការអប់រំដល់សហគមន៍។

យុវជន​ រម៉ាម ខាន់ អ៊ីត មានអាយុ ២០ឆ្នាំ មកពីខេត្ត រតនៈគីរី (ជាជនជាតិដើមភាគតិចទំពួន) ហើយជាបុគ្គលិកក្នុងស្ថាប័នសុខភាពបុរសនៅកម្ពុជា( Men’s Health Cambodia ) ដែលជាអ្នកច្នៃម៉ូតសំលៀលបំពាក់ម្នាក់ក្នុងកម្មពិធីពិព័រសិល្បៈយុវជនខាងមុខនេះ។ រម៉ាម ខាន់ អ៊ីត បានបង្ហាញចំណាប់អារម្មណ៍រីករាយ ក្នុងនាមជាអ្នកច្នៃម៉ូតម្នាក់ ដែលក្លាយជាផ្នែកមួយនៃកម្មវិធីនេះ។ លោកលើកឡើងក្នុងសំដីដើមថា÷ ខ្ញុំពិតជាសប្បាយចិត្តមែនទែន កម្មពិធីដែលកម្រធ្វើ គឺខ្ញុំគិតថាវាអស្ចារ្យហើយសប្បាយចិត្តណាស់។ ប្រសិនជាអាចខ្ញុំក៏ចង់អោយមានកម្មពិធីបែបនឹងច្រើនដងដូចគ្នា។ សម្រាប់រូបខ្ញុំនៅថ្ងៃខាងមុខនេះ ខ្ញុំនឹងច្នៃឈុតមួយដែលបង្កប់អត្ថន័យដែលទាក់ទងនឹងជនជាតិដើមភាគតិចឦសាន្ត​ជាច្រើន ជាពិសេសលើកកម្ពស់ជនជាតិដើមភាគតិចឦសាន្តដូចជា ជនជាតិដើមភាគតិចទំពួន ដែលរស់នៅខេត្តរតនៈគីរី ដែលមិនទាន់មានអ្នកដឹង ហើយនិងមិនទាន់ស្គាល់ អំពីឈុតនិងប្រពៃណី ជាតិ សាសនា ជាពិសេសជាងនេះទៅទៀតនោះខ្ញុំបានបង្កប់អត្ថន័យដូចជា ទី១ លុបបំបាត់ការរើសអើង ទី២ លុបបំបាត់អំហិង្សា ទី៣ សិទ្ធិស្មើរគ្នា ទី៤ កុំអោយមានការរើសអើងភេទដូចគ្នានិង ការស្រលាញ់ភេទដូចគ្នា។ ខ្ញុំពិតជាចង់អោយដល់ថ្ងៃទី១៧ ឆាប់ៗណាស់ ខ្ញុំគិតថាថ្ងៃទី១៧ ជាថ្ងៃពិសេសមួយ និងអោយប្រជាជនកម្ពុជា ប្រជាជនអន្តរជាតិ គាត់បានស្គាល់យ៉ាងច្បាស់ អំពីឈុតជនជាតិដើមភាគតិចឦសាន្ត បង្កប់អត្ថន័យដ៏ជ្រាលជ្រៅបំផុត។ ហើយពេលដែលខ្ញុំច្នៃឈុតនេះ មិនប្រាកដថាស្អាត១០០% នោះទេ តែយ៉ាងណាក៏ខ្ញុំសង្ឃឹមថាបាន៩០% អាចនិយាយចឹង ពីព្រោះឈុតប្រើរយៈ ពី បីថ្ងៃប៉ុណ្ណោះ។

យុវជន​ រម៉ាម ខាន់ អ៊ីត អ្នកច្នៃម៉ូតសំលៀលបំពាក់ម្នាក់ក្នុងកម្មពិធីពិព័រសិល្បៈយុវជន

កម្មវិធីពិព័រណ៍សិល្បៈយុវជន នឹងរៀបចំឡើងនៅថ្ងៃអាទិត្យ ទី១៧ ខែ ធ្នូ ឆ្នាំ​ ២០២៣ ខាងមុខនេះ ដែលមានទីតាំងនៅ (Meta House Phnom Penh) ។ កម្មពិធីនេះចាប់ផ្ដើមពីម៉ោង ១:៣០នាទីរសៀល ដល់ម៉ោង៨:០០នាទីយប់ ហើយសម្រាប់ការចូលរួម គឺដោយសេរី។ កម្មពិធីក្នុងថ្ងៃនោះផងដែរ មានសកម្មភាពជាច្រើនដូចជា ការតាំងពិព័រណ៍ផ្ទាំងគំនូរ និងឈុតសំលៀកបំពាក់ច្នៃប្រឌិត ការចាក់បញ្ជាំងវីឌីដេអូខ្លីៗ ការសម្ដែងចម្រៀងនិងរាំ ការដើរម៉ូតសំលៀកបំពាក់ជាដើម។

យុវជន​ នៅ ចាន់ដែត មានអាយុ20ឆ្នាំ ជាបុគ្គលិកក្នុងស្ថាប័នសុខភាពបុរសនៅកម្ពុជា( Men’s Health Cambodia ) ដែលជាយុវជនផ្នែកសិល្បៈ គូរគំនូរម្នាក់ក្នុងកម្មពិធីពិព័រសិល្បៈយុវជនខាងមុខនេះ។ ចាន់ដែត បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ក្នុងនាមជាអ្នកគូរគំនូរម្នាក់ ដែលក្លាយជាផ្នែកមួយនៃកម្មវិធីនេះ។ លោកលើកឡើងក្នុងសំដីដើមថា÷«ខ្ញុំចង់គូរ អំពីរូបភាពមួយដែលបានបញ្ជាក់អំពី អត្តសញ្ញាក្រុមអ្នកស្រលាញ់ភេទដូចគ្នា (LGBTQ+) ដែលរូបខ្ញុំគូរនោះ គឺរបៀបដូចជាកែវភ្នែកមួយគូរ វាមានភាពឈឺចាប់ ហើយមានភាពភ័យខ្លាច។ ដែលបានបង្ហាញចេញតាមកែវភ្នែកនោះ ដែលថាក្រុមអ្នកស្រលាញ់ភេទដូចគ្នា នេះងាយនឹងរងការមើលងាយ និងរឿងជាច្រើនទៀតអំពីសំណាក់ យុវជនដូចគ្នានិងមនុស្សដទៃទៀត។​ ការឆ្លងនូវជំងឺកាមរោគផ្សេងៗ ក៏ដូចជាជំងឺអេដស៍ ហើយចង់អោយពួកគាត់មានភាពក្លាហាន ក្នុងការធ្វើតេស្ត រកមេរោគ របៀបការពារខ្លួន នឹងការយល់ដឹងផ្សេងៗ។»

យុវជន​ នៅ ចាន់ដែត យុវជនផ្នែកសិល្បៈ គូរគំនូរម្នាក់ក្នុងកម្មពិធីពិព័រសិល្បៈយុវជន

ក្នុងនាមជាយុវជន ដែលត្រូវនឹងបង្ហាញ ស្នាដៃ លើកទី១ ចាន់ដែត សង្ឃឹមថាវានឹងបង្ហាញគំនិត ក៏ដូចជាបំផុស នូវអ្វីដែលខ្លួនចង់បង្ហាញស្នាដៃ ទៅកាន់យុវជនជំនាន់ក្រោយ។ លោកបន្តក្នុងសម្ដីដើមថា៖ «ហើយខ្ញុំពិតជាចង់ទាមទារ ឲ្យគាត់ដែលជាយុវជនជំនាន់ក្រោយដូចជាខ្ញុំដែរ ដែលពួកគាត់ជាក្រុមLGBTQ+ ឬក៏មិនមែន។ ខ្ញុំបាទសុំសំណូមពរដល់ពួកគាត់ ឲ្យបានយល់ដឹងអំពីវិធានការការពារ មេរោគអេដស៍ មិនថាពួកគាត់ជាយុវជន ឬជាក្មេងជំនាន់ក្រោយយ៉ាងទេ គឺខ្ញុំព្យាយាម ចង់ឲ្យយល់ដឹងច្រើនមែនទែនក្នុងបញ្ហាសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ហើយអ្វីដែលខ្ញុំចង់រំពឹងនៅថ្ងៃនោះគឺ ចង់ឲ្យពួកគាត់បានដឹងថា​ ពួកយើងទាំងអស់គ្នា មានសិទ្ធិក្នុងការរស់រានមានជីវិត ក៏ដូចជាមានសិទ្ធិ ក្នុងការទទួលបានការការពារ ការព្យាបាលដោយមិនមានការរើសអើង»។

ពិព័រណ៍សិល្បៈយុវជននេះជាវិធីសាស្រ្តមួយដ៏មានឥទ្ធិពលក្នុងការការសន្ទនា ការឆ្លុះបញ្ចាំង និងការស្វែងរកការគាំទ្រដែលមានលក្ខណៈជាប្រព័ន្ធ ដែលរួមចំណែកដល់ការបង្កើនការយល់ដឹងកាន់តែប្រសើរឡើងអំពីមេរោគអេដស៍និងជំងឺអេដស៍ កាត់បន្ថយការ រើសអើង ការជួយគាំទ្រសុខភាពផ្លូវចិត្ត។ ពិព័រណ៍នេះធ្វើឡើងដោយគម្រោង EPIC ក្រោមជំនួយថវិការបស់ PEPFAR និង USAID សហការជាមួយនឹង UNAIDS

 

ត្ថបទខ្លីសរសេរដោយ លោក សួន វីន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action

Share

ព័ត៌មានទាក់ទង

Image