en     km
en     km

ឥណ្ឌូនេស៊ីជំរុញឱ្យកងទ័ពជួយកសិករដាំស្រូវ ក្រោយគ្រោះរាំងស្ងួតរារាំងទិន្នផលដំណាំ

Share

យោធាឥណ្ឌូនេស៊ីលើកទឹកចិត្តឱ្យចូលរួមចំណែកជួយដល់ប្រជាកសិករក្នុងការដាំដុះដំណាំនៅក្នុងតំបន់ ដើម្បីកាត់បន្ថយការចំណាយលើស្បៀងអាហារ ពិសេសស្រូវអង្ករ។ ករណីនេះកើតឡើងនៅពេលដែលប្រទេសនេះកំពុងជួបនូវវិបត្តិគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។

(កញ្ញា ងិន ស៊ាងលីម រាយការណ៍)

រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបញ្ជាឱ្យកងកម្លាំងយោធាជួយកសិករដាំស្រូវ នៅអំឡុងពេលដែលប្រទេសកំពុងជួបប្រទះនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលបណ្តាលឱ្យទិន្នផលដើមស្រកចុះជាចម្បង និងជាកត្តាមួយធ្វើឱ្យតម្លៃស្រូវកាន់តែថ្លៃ ដោយតម្រូវឱ្យមានការនាំចូលកើនឡើងកាន់តែច្រើនឡើង។ នេះជាការគំរាមកំហែងដល់សន្តិសុខស្បៀងនៅក្នុងប្រទេសឥណ្ឌូនេស៊ីជាខ្លាំង ដ្បិតឥណ្ឌូនេស៊ីជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាម CNA ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ពិភពលោកបានរឹតបន្តឹងការផ្គត់ផ្គង់អង្ករនៅឆ្នាំ២០២៣នេះ ដោយសារតែបាតុភូតអាកាសធាតុ El Nino បានកើតឡើង ដែលបណ្តាលឱ្យអាកាសធាតុក្តៅ និងស្ងួតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងនោះ បាតុភូតនេះ បានកាត់បន្ថយទិន្នផលដំណាំស្រូវនៅក្នុងប្រទេសឥណ្ឌូនេស៊ី រួមទាំងដំណាំហូបផ្លែ ឬទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងផ្នែកសំខាន់ៗនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ទន្ទឹមគ្នានេះ កាលពីថ្ងៃពុធ ទី១៣ ខែធ្នូ  ឆ្នាំ២០២៣ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ជាអ្នកនយោបាយ និងជាអ្នកជំនួញឥណ្ឌូនេស៊ីដ៏ល្បីផងនោះ បាននិយាយថា ចាប់តាំងពីមានភ្លៀងធ្លាក់លើខេត្តមួយចំនួនក្នុងប្រទេសឥណ្ឌូនេស៊ី លោកខិតខំព្យាយាមលើកទឹកចិត្តដល់កសិករឱ្យចាប់ផ្តើមដាំដំណាំស្រូវឡើងវិញ។ នេះបើយោងតាមវីដេអូបង្ហោះនៅលើគណនីបណ្តាសង្គមផ្សព្វផ្សាយ YouTube របស់លោកប្រធានាធិបតីរូបនេះ។ ជាមួយគ្នានេះ លោក Joko Widodo បានស្នើសុំឱ្យមន្ត្រីត្រួតពិនិត្យទៅលើយោធានៅក្នុងភូមិមួយចំនួនដែលមានភ្លៀងធ្លាក់ នាំគ្នាទាញយកផលប្រយោជន៍ពីទឹកភ្លៀង។

គួរបញ្ជាក់ថា កាលពីដើមខែធ្នូ ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសឥណ្ឌូនេស៊ី និងប្រធានកងកម្លាំងប្រដាប់អាវុធ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលរួមមានបុគ្គលិកយោធា ក្នុងការជួយធ្វើកសិកម្ម និងប្រើប្រាស់ដីយោធាដែលទំនេរសម្រាប់ដាំដុះដំណាំ ដោយមានសំណាប និងគ្រឿងចក្រដែលផ្តល់ដោយក្រសួងកសិកម្ម។

អ្នកនាំពាក្យយោធា លោក Julius Widjojino បានឱ្យដឹងថា កសិករខ្លះមានដី ប៉ុន្តែខ្វះកម្លាំងពលកម្ម ដោយសារកសិករមានវ័យកាន់តែចាស់ ខណៈដែលក្មេងជំនាន់ក្រោយចូលចិត្តធ្វើការនៅក្នុងរោងចក្រជាជាងកសិកម្ម ដូច្នេះកងកម្លាំងប្រដាប់អាវុធអាចជួយជាឧបករណ៍ ឬកម្លាំងពលកម្ម។  លើសពីនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Amran Sulaiman បានអះអាងកាលពីដើមខែធ្នូនេះថា ការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធនាពេលកន្លងមក បានជួយប្រទេសឥណ្ឌូនេស៊ីឱ្យសម្រេចបាននូវតម្រូវការស្បៀងអាហារ និងកាត់បន្ថយការនាំចូលអង្ករនៅក្នុងប្រទេសផងដែរ។

វិបត្តិនេះកើតឡើងស្របពេលដែល តម្លៃនៅក្នុងមជ្ឈមណ្ឌលនាំចេញសំខាន់ៗរបស់អាស៊ី បានកើនឡើងរហូតដល់ ៤៥ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៥ឆ្នាំ បន្ទាប់ពីប្រទេសឥណ្ឌា។ គ្រោះរាំងស្ងួត បានពន្យារពេល និងរារាំងដល់ការដាំដុះរបស់ប្រទេសឥណ្ឌូនេស៊ីសម្រាប់ការប្រមូលផលឆ្នាំ២០២៤ បន្ទាប់ពីទិន្នផល ក្នុងឆ្នាំ២០២៣នេះ បានធ្លាក់ចុះមកនៅត្រឹម ៣០.៩លានតោន បើធៀបនឹងឆ្នាំ២០២២កន្លងទៅមានចំនួន ៣១.៥៣លានតោនឯណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសឥណ្ឌូនេស៊ីរំពឹងថា ទិន្នផលស្រូវនឹងកើនឡើងដល់ ៣២លានតោនក្នុងឆ្នាំ២០២៤។ ក្នុងនោះ​ ឥណ្ឌូនេស៊ីរំពឹងទៀតថា សម្រាប់ខែមីនា-មេសា ឆ្នាំ២០២៤ ការប្រមូលផលស្រូវនឹងមានការកើនឡើងរហូតដល់ទៅ ១០.៧លានតោន ដែលកើនឡើង ១៤ភាគរយ បើធៀបនឹងឆ្នាំ២០២៣៕

ប្រភព៖ CNA ចុះនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image