en     km
en     km

រដ្ឋមន្ត្រីជប៉ុន៤រូប សុំលាលែងពីតំណែងបន្ទាប់ពីមានរឿងអាស្រូវជុំវិញអំពើពុករលួយ

Share

រដ្ឋមន្ត្រីជប៉ុន៤រូប បានដាក់លិខិតលាលែងចេញពីតំណែងរបស់ខ្លួន បន្ទាប់ពីផ្ទុះរឿងអាស្រូវពាក់ព័ន្ធនឹងអំពើពុករលួយ ខណៈនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក៏កំពុងបាត់បង់ប្រជាប្រិយភាពក្នុងស្រទាប់ប្រជាជនជប៉ុនផងដែរ។​

(កញ្ញា សៃ ចន្ធី រាយការណ៍)

រដ្ឋមន្ត្រីជប៉ុន៤រូប បានដាក់លិខិតលាលែងចេញពីតំណែង បន្ទាប់ពីជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ។ យោងតាមការដាក់លិខិតលាលែងចេញពីតំណែងរបស់រដ្ឋមន្ត្រីជប៉ុនទាំងបួន៤រូបនេះ គឺដោយសារមានវិបត្តិកើតមានឡើងនៅក្នុងជួរនៃគណៈរដ្ឋមន្ត្រីរបស់លោក Fumio Kishida ។ ទន្ទឹមនោះ ការចោទប្រកាន់ទៅលើរដ្ឋមន្រ្តីបានលេចឮថា ក្រុមមន្រ្តីមួយចំនួន បានទទួលសំណូក ៥០០លានយ៉េន ឬស្មើនឹងជាង ៣.៤លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយ CNA ចុះថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣។

ប្រធានខុទ្ទការល័យជប៉ុនថ្មី លោក Hirokazu Matsuno បាននិយាយថា លោកបានដាក់លិខិតលាលែងចេញពីតំណែង ដោយរួមមានរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងឧស្សាហកម្ម លោក Yasutoshi Nishimura រដ្ឋមន្ត្រីមហាផ្ទៃ លោក Junji Suzuki និងរដ្ឋមន្ត្រីកសិកម្ម លោក Ichiro Miyashita ផងដែរ។ ជាមួយគ្នានេះ លោកស្រី Michiko Ueno ជាទីប្រឹក្សាពិសេសរបស់លោក Kishida រួមទាំងអនុរដ្ឋមន្ត្រី៥រូបផ្សេងទៀត ក៏បានសម្រេចចិត្តលាលែងចេញពីតំណែងផងដែរ។

យោងតាមលោក​ Nishimura រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្មបានប្រាប់អ្នកសារព័ត៌មានថា ការសង្ស័យរបស់សាធារណជន គឺនៅជុំវិញមូលនិធិនយោបាយ ដែលនាំឱ្យមានការមិនទុកចិត្តទៅលើរដ្ឋាភិបាល។ លោកធ្លាប់បានអះអាងថា លោកនឹងរៀបចំបើកក្តីស៊ើបអង្កេតជុំវិញបញ្ហានេះ ដើម្បីឱ្យមហាជនទទួលបានចម្លើយសមស្រប និងផ្តល់យុត្តិធម៌ដល់ក្រុមមន្រ្តី។

តាមការលើកឡើងរបស់នាយករដ្ឋមន្ត្រី ដែលជាប្រធាននយោបាយ LDP លោក Fumio Kishida ​បញ្ជាក់ថា លោក​នឹង​ដោះស្រាយ​ជាមួយ​នឹង​ការ​ចោទ​ប្រកាន់ជុំវិញអាស្រូវពុករលួយនៅក្នុងជួរគណៈរដ្ឋមន្រ្តី។ លោកប្រាប់អ្នកសារព័ត៌មានបន្ថែមទៀតថា លោកនឹងខិតខំប្រឹងប្រែងស្វែងរកការពិត និងដឹកនាំគណបក្សនយោបាយ LDP ឱ្យកាន់តែរីកចម្រើន ដើម្បីស្តារការជឿទុកចិត្តរបស់សាធារណជនឡើងវិញ។ នាយករដ្ឋមន្រ្តីរូបនេះក៏កំពុងមានការធ្លាក់ចុះនូវប្រជាប្រិយភាព និងសំឡេងគាំទ្រពីសំណាក់ប្រជាជនស្រាប់ផងដែរ។

សូមបញ្ជាក់ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុនបានបង្ហាញថា ក្រុមអាជ្ញាធរជប៉ុន អាចនឹងចុះត្រួតពិនិត្យតាមការិយាល័យ និងសួរចម្លើយសមាជិកសភាជាច្រើនរូបនៅក្នុងសប្ដាហ៍នេះ៕

ប្រភព៖ CNA ចុះថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣

Share

Image Not Found
Image

ព័ត៌មានទាក់ទង