en     km
en     km

ខេត្តចំនួន១៣ បានធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិករយៈពេល៣ខែ

Share

ក្រសួងបរិស្ថានបានឱ្យដឹងថា ខេត្តចំនួន ១៣ រួមមាន ខេត្តបាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ កំពត កណ្តាល ក្រចេះ រតនគិរី សៀមរាប ព្រះសីហនុ ស្វាយរៀង តាកែវ កែប និងខេត្តត្បូងឃ្មុំ បានអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកំលាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក» គិតចាប់ពីថ្ងៃទី១ កញ្ញា រហូតដល់ ថ្ងៃទី១១ ធ្នូ ឆ្នាំ២០២៣នេះ។ ប្រធានបទនេះទៀតសោត មានការចូលរួមពីលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស កម្មករ កម្មការនី អ្នកចូលរួមផ្សេងៗ ដោយផ្សព្វផ្សាយផ្សេងៗរួមមាន (ក្នុងសាលារៀន រោងចក្រ វត្តអារាម និងសហគមន៍ទីប្រជុំជន)។

ក្រសួងបរិស្ថានបានបញ្ជាក់ថា ក្នុងយុទ្ធនាការ៣ខែនេះ មានអ្នកចូលរួមសរុបចំនួន ជាង៣លាន៤សែននាក់(,៤០៨,៨៩៥នាក់) ដោយមានលោកគ្រូអ្នកគ្រូសរុបចំនួនជាង១សែន២ម៉ឺននាក់ (១២០,៩១២នាក់)សិស្សានុសិស្សជាង៣លាននាក់ (៣,០៤៧,១៩៥នាក់) កម្មករកម្មការនីជាង១សែននាក់ (១៣១,៥១៨នាក់) និងអ្នកចូលរួមផ្សេងៗទៀត ចំនួនជា៤សែននាក់ ដោយផ្សព្វផ្សាយសរុបបានចំនួន ជាង១ម៉ឺនលើក ក្នុងសាលារៀន ចំនួន ៧,៣៨៣សាលា រោងចក្រចំនួន ២៣២ វត្តអារាម ៣២ និងសហគមន៍ទីប្រជុំជនចំនួន ៧៤កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបានបញ្ជាក់ផងដែរ ក្នុងថ្ងៃទី១១ ធ្នូ ឆ្នាំ២០២៣ ដែលជាថ្ងៃបិទយុទ្ធនាការនេះ មានអ្នកចូលរួមសរុបចំនួនជាង២ម៉ឺន៥ពាន់នាក់ (២៥,៤៩៤នាក់)៕

អត្ថបទ៖ សួ សុវណ្ណិកា

 

Share

ព័ត៌មានទាក់ទង

Image