en     km
en     km

សហព័ន្ធស្រូវអង្ករព្រួយបារម្ភការនាំចេញអង្ករនៅឆ្នាំក្រោយ ខណៈនៅឆ្នាំនេះការនាំចេញកើនឡើងតិចតួច

Share

សហព័ន្ធស្រូវអង្ករកម្ពុជាដាក់ការព្រួយបារម្ភចំពោះការនាំចេញអង្ករនៅត្រីមាសទី១ ឆ្នាំ២០២៤ ខណៈនៅឆ្នាំ២០២៣ ការនាំចេញមានការកើនឡើងត្រឹម៥ ទៅ១០% ប៉ុណ្ណោះ ចាញ់ការនាំចេញរបស់ប្រទេសជិតខាង។

លោក សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា​ បានលើកឡើងនៅក្នុងកម្មវិធីខួបទី២៥ នៃការបង្កើតធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ថាបើធៀបទៅនឹងឆ្នាំ២០២២​ ពោលគឺអាចនាំចេញក្នុងរង្វង់ប្រមាណ ៦៧ម៉ឺនតោន ឬស្មើនឹង៩៥% នៃផែនការដែលបានចេញ ៧០ម៉ឺនតោន។

​លោកបញ្ជាក់ថា ការនាំចេញកើនឡើងក្នុងរង្វង់តិចតួចបែបនេះ ដោយសារកម្ពុជាមិនមានស្រូវគ្រប់គ្រាន់ សម្រាប់នាំចេញនៅ​រយៈពេលចុងក្រោយនេះ ​ព្រោះបណ្តារោងម៉ាស៊ីនដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវប្រកួតប្រជែងទិញស្រូវពីកសិករជាមួយឈ្មួញវៀតណាម ខណៈ​តម្លៃអង្ករ និងស្រូវបានកើនឡើង។

​កង្វះខាតស្រូវសម្រាប់នាំចេញនៅឆ្នាំនេះ នឹងជះឥទ្ធិពលដល់ការនាំចេញនៅឆ្នាំក្រោយផងដែរ។ មកទល់បច្ចុប្បន្ននេះ តម្លៃអង្ករនៅលើទីផ្សារ និងតម្លៃស្រូវនៅតែមានតម្លៃខ្ពស់ តែយ៉ាងណាម្ចាស់រោងម៉ាស៊ីននានា ត្រូវតែខិតខំប្រមូលទិញស្រូវពីកសិករ បើមិនដូច្នេះទេ មិនអាចប្រកួតប្រជែងជាមួយវៀតណាមបានឡើយ។ នេះបើតាមការអះអាងលោក សុង សារ៉ន។

ផ្អែកតាមសហព័ន្ធស្រូវអង្ករ តម្លៃស្រូវនៅតាមបណ្ដាខេត្តមួយចំនួន គិតត្រឹមថ្ងៃទី១៣ ខែធ្នូ ស្រូវដើមមានតម្លៃចន្លោះពី១៣១០៛ ទៅដល់ ១៥០០៛ ក្នុងមួយគីឡូក្រាម ទៅតាមប្រទេសស្រូវនីមួយៗ។ លោក សុង សារ៉នថា តម្លៃស្រូវអង្ករនៅឆ្នាំ២០២៤ នឹងបន្តឡើងថែមទៀត នាំឱ្យកម្ពុជាអាចនឹងខ្វះខាតស្រូវ និងអង្ករ សម្រាប់នាំចេញនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៤ ដោយសារការប្រមូលផលស្រូវ​នៅដើមឆ្នាំពីខែមករា ដល់ខែមីនា មិនមានចំនួនច្រើនគ្រប់គ្រាន់សម្រាប់ការនាំចេញ​។

Share

ព័ត៌មានទាក់ទង

Image