មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ចុះសម្របសម្រួលភាពមិនចុះសម្រុងគ្នារវាងសហគមន៍ជនជាតិដើមភាគតិចសួយ នៅតំបន់ទេសចរណ៍ធម្មជាតិ (តេទឹកពុះ)ក្នុងភូមិសាស្ត្រ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាមួយកម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ថៃ វិឡាល័យ ក្រោមការសម្របសម្រួលពីលោក ជូ ចន្ទដារាឫទ្ធិ ប្រធានការិយាល័យសម្របសម្រួលគម្រោងអភិវឌ្ឍន៍ សហគមន៍ ប្រចាំមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។
លោក អ៊ុក ដែន ជូនសេចក្តីរាយការណ៍៖
មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺសហការ ជាមួយការិយាល័យដែនជម្រកសត្វព្រៃស្រុកឱរ៉ាល់ បានចុះសម្របសម្រួលភាពមិនចុះសម្រុងគ្នារវាងសហគមន៍ជនជាតិដើមភាគតិចសួយ ជាមួយគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ថៃ វិឡាល័យ ដែលបានប៉ះទង្គិចគ្នាកាលពីថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២៣។ កន្លងមក ក្នុងដំណើរចុះល្បាតរបស់ប្រជាសហគមន៍ និងបានប្រទះឃើញកគ្រឿងចក្រ៦គ្រឿង ជារបស់ក្រុមហ៊ុន ថៃ វិឡាល័យ ក្នុងនោះមាន អេស្កាវ៉ាទ័រ ១គ្រឿង អាប៊ុល១គ្រឿង អាឡូ១គ្រឿង ឡានដឹកដី ៣ គ្រឿង បានឈូសឆាយកាយស្រះនិងជីកលុង ព័ទ្ធព្រំ ក្នុងតំបន់ទេសចរណ៍ធម្មជាតិ (តេទឹកពុះ)ក្នុងភូមិសាស្ត្រ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយគ្មានការជូនដំណឹងដល់ពលរដ្ឋ សហគមន៍ឬអាជ្ញាធរមូលដ្ឋានជាមុន ដែលបង្កឱ្យមានប្រតិកម្មពីពលរដ្ឋសហគមន៍។ នាព្រឹកថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០២៣ នេះ មន្ទីរបរិស្ថានដែលមានការចូលរួមពីមន្រ្តីដែនជម្រកសត្វព្រៃស្រុកឱរ៉ាល់ ក្រុមប្រឹក្សាឃុំត្រពាំងជោ ប្រធាននិងតំណាង សហគមន៍ តំណាងក្រុមហ៊ុន ក្រោមការសម្របសម្រួលពីលោក ជូ ចន្ទដារាឫទ្ធិ ប្រធានការិយាល័យសម្របសម្រួលគម្រោងអភិវឌ្ឍន៍ សហគមន៍ ប្រចាំមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។ ក្នុងការប្រជុំជជែកពិភាក្សារកដំណោះស្រាយតំណាងសហគមន៍ និង គម្រោងបានជជែកចរចា ស្វែងយល់ពីគ្នា និង ឯកភាពយោគយល់គ្នា ផ្អែកលើផលប្រយោជន៍ ទាំងសហគមន៍ និងក្រុមហ៊ុន។
ពេលជួបពិភាក្សាគ្នា លោក ប៊ុន សៀង តំណាងក្រុមហ៊ុនគម្រោងអភិវឌ្ឍន៍បានលើកឡើងពីគោលបំណងរបស់គម្រោង គឺដើម្បីបង្កើតការងារ ជួយដល់ពលរដ្ឋក្នុងសហគមន៍ឱ្យមានការងារធ្វើ បង្កើនចំណូលលើកស្ទួយជីវភាពសហគមន៍ និងសុំទោសនូវកំហុសដោយអចេតនាដែលបានកើតឡើងនាពេលកន្លងមក។
«ជាចម្លើយខ្ញុំសុំទោសដែរ។ មែនទែនទៅការមកធ្វើការហ្នឹង ខ្ញុំបានគោលការណ៍ហើយ មានផែនទី ដាក់ស្នើសុំហ្នឹងហើយ យើងវៃ របង ហើយយើងគិតថាយើងធ្វើការអភិវឌ្ឍន៍ទៅ ហើយក៏ខ្ញុំអត់បានយល់ជ្រៅថា តើធ្វើការជាមួយសហគមន៍យ៉ាងម៉េច ទើបឥឡូវខ្ញុំដឹង ខ្ញុំសន្យាថាចាប់ពីថ្ងៃហ្នឹងទៅ ធ្វើការ គឺខ្ញុំធ្វើការជាមួយ មែនទែនទៅជាចេតនា មិនចង់ឱ្យរំលងទេ ដោយសារកន្លែងហ្នឹងឆ្ងាយពីភ្នំពេញពេក មកមួយភ្លែត បានភ្លែតទៅវិញអ៊ីចឹង បើដឹងអ៊ីចឹងលើកក្រោយយើងមកសហការជាមួយគ្នាទៅ យើងជជែកជាមួយគ្នា យើងទៅមុខជាមួយគ្នាទៅណា»។
លោក ជា ហេងសន អនុប្រធានភូមិពុទ្រាក៏ជាតំណាងជនជាតិដើមភាគតិច សួយ មានប្រសាសន៍ថាអ្វីដែលកើតឡើងកន្លងមកគឺជាការភ័ន្តច្រឡំ ព្រោះតែពលរដ្ឋគាត់មិនបានយល់ពីគម្រោង អភិវឌ្ឍន៍របស់ក្រុមហ៊ុន ហើយ ក្រុមហ៊ុនទៀតសោតក៏មិនបានជូនដំណឹង ជាមុនថានឹងចុះមកអភិវឌ្ឍគម្រោង ហើយអ្វីដែលធ្វើឱ្យពលរដ្ឋ ប្រតិកម្ម គឺព្រោះតែពលរដ្ឋភ័យខ្លាចចំពោះការបាត់បង់ផលប្រយោជន៍ និងដីធ្លីកេរ្តិ៍ដំណែលមរតកដូនតាពួកគាត់។
«កាលពីនិយាយគ្នា ចូលទៅគឺយកពួកខ្ញុំ ទាំងអស់គ្នាដែលជាប្រជាជនទៅប្រើប្រាស់ ធ្វើការបង្កបង្កើនផលនៅក្នុងការងារនេះ ។ ប៉ុន្តែខ្ញុំទទួលស្គាល់ចំណេះដឹងរបស់ប្រជាពលរដ្ឋខ្ញុំ គឺគាត់មានតែពលកម្មទេ អ្វីដែលគាត់បានធ្វើពលកម្មគឺគាត់បានដោះដូរយកជាប្រាក់ ដើម្បីចិញ្ចឹមជីវិត តែឱ្យគាត់ មានចំណេះជំនាញអីឱ្យខ្ពស់គឺអត់មានទេ សុំក្រុមហ៊ុនជ្រាប និងជំនាញដែលពាក់ព័ន្ធនឹងជ្រាប។ អ្វីដែលគាត់ធ្វើបានដោះដូរយកលុយ មួយថ្ងៃ ២-៣ ម៉ឺនហ្នឹងគឺគាត់ធ្វើបាន។បើបងប្អូនក្រុមហ៊ុនទៅយកពីក្រៅមកធ្វើអ៊ីចឹងប្រជាពលរដ្ឋខ្ញុំគឺបាត់បង់ បាត់បង់ហ្នឹងហើយ។ អ៊ីចឹងប្រជាពលរដ្ឋខ្ញុំសុទ្ធតែអ្នកល្ងង់ សុំឱ្យការគាំទ្រពីក្រសួងដែលពាក់ព័ន្ធ ក៏ដូចជាក្រុមហ៊ុនមេត្តាជួយជ្រុំជ្រែងក្នុងសហគមន៍របស់យើងខ្ញុំឱ្យតាមសំណូមពររបស់ប្រជាពលរដ្ឋរបស់យើងខ្ញុំ»។
អ្នកនាង ណិត ម៉ារី តំណាងយុវជនសហគមន៍ជនជាតិដើមភាគតិចសួយកោដូនតី លើកឡើងថាក្តីបារម្ភរបស់សហគមន៍ គឺការដែលក្រុមហ៊ុនចុះមកអភិវឌ្ឍ ហើយសន្យាថានឹងជួយបង្កើតការងារ យកប្រជាសហគមន៍ធ្វើការ តែដល់ដំណើរការហើយបែរជាយកអ្នកពីខាងក្រៅមកធ្វើការវិញ ឯពលរដ្ឋសហគមន៍នៅមូលដ្ឋាននៅតែមិនទទួលបានការងារ។
«ចំពោះការធ្វើកិច្ចសន្យាអ្វីមួយ ក៏ត្រូវចូលរួមពីសហគមន៍ពួកខ្ញុំដែរ ព្រោះឃើញក្រុមហ៊ុនចូលអភិវឌ្ឍមួយចំនួនច្រើនហើយ ថាសន្យានឹងយកជនជាតិដើមភាគតិចធ្វើការ តែជាក់ស្ដែងគឺអត់មានយកទេ បានតែថាពីដំបូង យកតែពីដំបូងមួយខែពីរខែរួចពីហ្នឹងអត់ឃើញហៅជនជាតិតាមភាគតិចទៅធ្វើការផង។ អ៊ីចឹងពួកខ្ញុំកុំឱ្យមានយ៉ាងហ្នឹងបន្តទៀត បើសន្យាថាជួយយកជនជាតិដើមពួកខ្ញុំធ្វើការ អ៊ីចឹងការអភិវឌ្ឍន៍ត្រូវការសហការ ដល់ពេលរើសកម្មករត្រូវសហការជាមួយសហគមន៍ដែរ មើលជនជាតិដើមគាត់មានសមត្ថភាពធ្វើអីខ្លះ ក្រុមយុវជនគាត់អាចធ្វើអីបានខ្លះ ដើម្បីឱ្យមាន រីកចម្រើនក្នុងសហគមន៍ជនជាតិដើមភាគតិច ឱ្យគាត់មានការងារធ្វើ មានមុខរបរ កុំឱ្យទៅចំណាកស្រុកខាងក្រៅ ហើយដើម្បីរីកចម្រើននៅទីនេះទៀត»។
លោក ជូ ចន្ទដារាឫទ្ធិ ប្រធានការិយាល័យសម្របសម្រួលគម្រោងអភិវឌ្ឍន៍ សហគមន៍ ប្រចាំមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺមានប្រសាសន៍ថា ដីដែលគម្រោងទទួលបាននេះគឺ ទទួលបានពីការស្នើអភិវឌ្ឍនៅលើដី តាមសេចក្ដីប្រកាសរបស់បរិស្ថាន តែមិនមែនមានន័យថាគម្រោងយកដីនេះទៅលក់ដូរបានទេ គ្រាន់តែអាចអភិវឌ្ឍប៉ុណ្ណោះហើយផលចំណេញដែលទទួលបានក៏ចែកគ្នាជាមួយសហគមន៍ តាមគោលការណ៍ដែលក្រសួងបានរៀបចំនិងកំណត់ទៅតាមច្បាប់។
«អ៊ីចឹងនៅពេលដែលគាត់ចាប់ផ្ដើមបានទទួលភ្ញៀវ អាហ្នឹងបងប្អូនយើងមានឱកាស ធ្វើជាកម្លាំងឱ្យគាត់ ហើយយើងអាចធ្វើជាអ្នកគ្រប់គ្រងកន្លែងទុកដាក់ម៉ូតូ ឡាន ថែសួនថែផ្កាអី គឺគម្រោងគាត់យកហើយ បើសិនជាបងប្អូនយើងអត់មានគ្នា ទើបគាត់ហ្នឹងទៅរកអ្នកផ្សេង ឥឡូវនឹងចំពោះមុខគឺយើងជាអ្នកលេខមួយ ទីមួយដែលគាត់ត្រូវការកម្លាំងពិត ។ ប្រាំមួយ នេះបើសិនជាគាត់ដើរព្រមៗគ្នា ប្រហែលជាបងប្អូនយើងពិបាក រកកម្លាំងឱ្យគាត់ណាស់ គាត់អភិវឌ្ឍន៍ដូចលោកស្រីថៃ វីឡាល័យដែរ គាត់ត្រូវការអ្នកដាំបាយ ត្រូវការអ្នកបោសជូត ត្រូវការអ្នកថែសួនថែផ្កាអី ស្រាប់តែកម្លាំងយើងទៅចំការអស់ អ៊ីចឹងអានេះជាបញ្ហាសម្រាប់យើងវិញហើយណា យើងថាយកគាត់ធ្វើការផង ស្រាប់តែឥឡូវអត់មានកម្លាំងធ្វើការឱ្យគាត់» ។
គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចស្ថិតនៅតំបន់តេទឹកពុះនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្ត្រឃុំតាសាល ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ មាន៧គម្រោងកាលពីឆ្នាំ២០១៧ ក្រោយមកក្រសួងលុបចោល១វិញ។ ដោយបច្ចុប្បន្ននៅ៦គម្រោងដែលនឹងបន្តដំណើរជាជំហ៊ាន បន្តបន្ទាប់ នេះបើតាមការលើកឡើងរបស់លោកចន្ទ ដារាឫទ្ធិ។ ហើយគ្រប់គម្រោងទាំងអស់ត្រូវធ្វើកិច្ចសហការស្អិតរមួត ជាមួយមន្ត្រី គម្រោង មន្ទីបរិស្ថាន ដែនជម្រកសត្វព្រៃ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ ដើម្បីរក្សាបានសាមគ្គីភាព និងផលប្រយោជន៍រួមគ្នា៕
អត្ថបទ៖អ៊ុក ដែន