ភ្នំពេញ៖ អតីតស្ត្រីបឹងកក់ នឹង សហគមន៍ ២០ មានគ្នាប្រមាណ ១០០ នាក់ បានប្រមូលផ្តុំនៅខាងមុខស្ថានទូតសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃទី២២ ខែមករានេះ ក្នុងគោលបំណងដាក់ញត្តិទៅស្ថានទូតសហរដ្ឋអាមេរិកឱ្យជួយអន្តរាគមន៍ជាបន្ទាន់ អំពីបញ្ហារំលោភសិទ្ធិមនុស្ស ជាពិសេសការរំលោភយកផ្ទះសម្បែងប្រជាពលរដ្ឋពីសំណាក់អាជ្ញាធរ និងអ្នកមានអំណាច។
អតីតស្ត្រីបឹងកក់ អ្នកស្រី បូវ សោភា បានលើកឡើងថា តំណាងស្ថានទូតអាមេរិកបានទទួលយកញ្ញត្តិពីសហគមន៍របស់ពួកគាត់ ដោយសន្យាថា នឹងបញ្ជូនញត្តិរបស់ពលរដ្ឋមានបញ្ហាដីធ្លីនេះ ទៅឱ្យអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាបន្តទៀត។
សូមបញ្ជាក់ថា ការដាក់ញត្តិរបស់ក្រុមប្រជាពលរដ្ឋមានទំនាស់ដីធ្លីនេះ បន្ទាប់ដឹងថា លោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រីក្រសួងការបរទេស នៃសហរដ្ឋអាមេរិក នឹងមកទស្សនៈកិច្ចនៅកម្ពុជា រយ:ពេល ២ ថ្ងៃ ចាបពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ។
ក្នុងដំណើរទស្សនៈកិច្ចនេះ លោក ចន ឃែរី គ្រោងនឹងជួបមន្ត្រីរដ្ឋាភិបាល ប្រធានស្តីទីគណបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ៕