en     km
en     km

🔴ពិតទេដែលក្រុមហ៊ុនវៀតណាមប្រើរថយន្ត២.៥០០គ្រឿង ដំណើរការនៅកម្ពុជា ដើមឆ្នាំ២០២៤?

Share

កាលពីថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ មានបណ្តាញផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ក្រុមហ៊ុន Vingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីចំនួន ២ ៥០០ គ្រឿងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ព័ត៌មាននេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួននិងបាននាំគ្នាចែកចាយបន្តដែលធ្វើឱ្យសាធារណជនមួយចំនួនព្រួយបារម្ភ នឹងប្រតិកម្ម។ លោក គីម ចាន់ចាវ រាយការណ៍

ក្រោយពីលោក ង្វៀន វៀតក្វាង (Nguyen Viet Quang) អគ្គនាយកក្រុមហ៊ុន Vingroup ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១២ ខែធ្នូ នៅរដ្ឋធានីហាណូយ មានសារព័ត៌មានផ្សាយជាភាសាខ្មែរមួយចំនួន ដែលស្និទ្ធនឹងរដ្ឋាភិបាល បានផ្សាយថា ក្រុមហ៊ុនវៀតណាម Vingroup នឹងមកវិនិយោគលើវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ នៅដើមឆ្នាំ២០២៤ ខាងមុខនេះ។

សារព័ត៌មានទាំងនោះបានផ្សាយក្នុងខ្លឹមសារស្រដៀងគ្នាថា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ថ្ងៃនៅវៀតណាម អគ្គនាយកក្រុមហ៊ុន Vingroup បានជម្រាបជូនសម្តេចហ៊ុន​ ម៉ាណែត ពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ជាពិសេសគម្រោងវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីចំនួន ២.៥០០ គ្រឿង ដែលនឹងដំណើរការជាផ្លូវការនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ខាងមុខ នៅរាជធានីភ្នំពេញ និងជាបន្តបន្ទាប់ទៀត នៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ។

ជុំវិញនឹងការទទួលបានព័ត៌មានថា ក្រុមហ៊ុន Vingroup របស់វៀតណាម នឹងមកដាក់ដំណើរការសេវាកម្មរថយន្តតាក់ស៊ីអគ្គិសនី ២.៥០០គ្រឿងនៅកម្ពុជានេះ មានប្រជាពលរដ្ឋមួយចំនួនបានចូលខមិនក្នុងន័យមិនសប្បាយចិត្ត ខ្លាចក្រែងថាការវិនិយោគតាក់ស៊ីនេះនឹងប៉ះពាល់ដល់អ្នកប្រកបរបរដឹកជញ្ជូនក្នុងស្រុក។

ជុំវិញបញ្ហានេះវិទ្យុស្ត្រីបានព្យាយាមទាក់ទងសុំការផ្ដល់ព័ត៌មានពីអ្នកនាំពាក្យរាជរដ្ឋាភិបាល។ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បង្ហាញសេចក្តីថ្លែងការណ៍ច្រានចោលព័ត៌មានថា ក្រុមហ៊ុន Vingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីចំនួន ២ ៥០០ គ្រឿងនៅរាជធានីភ្នំពេញនេះ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចហ៊ុន ម៉ាណែត កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និងបានបង្ហាញបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន។ ប៉ុន្តែ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ៕

Share

ព័ត៌មានទាក់ទង

Image