en     km
en     km

ស្រ្តីម្នាក់ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារពីបទប្រមាថព្រះមហាក្សត្រថៃ និងអាចត្រូវដកតំណែងពីសភា

Share

នៅថ្ងៃ​ពុធ​ ទី១៣ ខែ​ធ្នូ ឆ្នាំ២០២៣នេះ មេធាវីថៃ​បាន​និយាយ​ថា សកម្មជន​ដែលទើប​ក្លាយ​ជា​សមាជិក​សភា​ ​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៦​ឆ្នាំ ​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​។ ​ជុំវិញ​បញ្ហានេះ​ ចៅក្រមបាន​ប្រកាស​ជា​បន្តបន្ទាប់ ដោយ​ចាត់​ទុក​ថា​ជាការបរិហារកេរ្តិ៍​រាជបល្ល័ង្គរបស់សេ្តចថៃ។

(កញ្ញា ងិន ស៊ាងលីម រាយការណ៍)

អ្នកនាង​ Rukchanok Srinork អាយុ២៩ឆ្នាំ ជាសមាជិករបស់គណបក្សចលនាឆ្ពោះទៅមុខផងនោះ កំពុងប្រឈមមុខនឹងការដកសិទ្ធិជាសមាជិកសភានៃទីក្រុងបាងកក ប្រសិនបើតុលាការមិនអនុញ្ញាតឱ្យនាងនៅក្រៅឃុំ។ ជាមួយគ្នានេះ តុលាការថៃបានដាក់ទោសអ្នកនាង ​ Rukchanok ឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ​​ ទី១៣ ខែធ្នូ ឆ្នាំ២០២៣។

ជុំវិញសំណុំរឿងនេះ មេធាវីការពារក្តីឱ្យអ្នកនាង Rukchanok អះអាងថា ពួកគេនឹងបន្តប្តឹងទៅឧទ្ធរណ៍ចំពោះការកាត់ទោសនេះបន្ថែមទៀត ដើម្បីរកយុត្តិធម៌។ មេធាវីគូសបង្ហាញថា អ្នកនាង​ Rukchanok ត្រូវបានតុលាការចោទប្រកាន់ថាមានពិរុទ្ធ ចំពោះការរិះគន់លើការចូលរួមរបស់ក្រុមហ៊ុនរបស់ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន​ (Maha Vajiralongkorn)ក្នុងការផលិតវ៉ាក់សាំងកូវីដ១៩ លើការបង្ហោះនៅលើទំព័រ X ឬ Twitter។

មកទល់នឹងពេលនេះ មិនមានអ្នកណាអាច​ទាក់​ទងសុំ​ការ​បញ្ជាក់ពីតុលាការក្នុងការ​កាត់​ទោស​នេះ​បាននៅឡើយ​ទេ។ គួរបញ្ជាក់ថា ជាធម្មតា តុលាការរបស់ប្រទេសថៃមិនផ្សព្វផ្សាយជាសាធារណៈនូវដំណើរការផ្លូវច្បាប់ទាំងអស់នោះទេ ហើយនៅឯព្រះរាជវាំងវិញក៏មិនបានធ្វើអត្ថាធិប្បាយលើការផ្តន្ទាទោសក្រោមច្បាប់ប្រមាថព្រះមហាក្សត្រនេះនោះដែរ។​

ច្បាប់ប្រមាថព្រះមហាក្សត្រ​នេះ ​ជា​ច្បាប់​តឹងរ៉ឹង​បំផុត​មួយ​ក្នុង​ពិភពលោក ក្នុងការការពារ​ព្រះមហាក្សត្រ ម្ចាស់ក្សត្រី អ្នក​ស្នង​មរតក និង​រាជានុសិទ្ធិ​របស់​ប្រទេស​ថៃ​ពី​ការ​រិះគន់។ ចំពោះជនណាដែលល្មើសនឹងច្បាប់នេះ នឹងត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគាររហូតដល់ ១៥ឆ្នាំ។ យ៉ាងហោចណាស់ មនុស្សចំនួន ២៦២នាក់ ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រចាប់តាំងពីឆ្នាំ២០២០។ នេះបើយោងតាមទិន្នន័យដែលតាមដានដោយក្រុមតស៊ូមតិសិទ្ធិមនុស្សរបស់ថៃ។

គួរបញ្ជាក់ថា កញ្ញា Rukchanok ជាសកម្មជនម្នាក់ដែលលេចធ្លោនៅក្នុងចលនាប្រជាធិបតេយ្យដែលដឹកនាំដោយយុវជនប្រឆាំងរដ្ឋាភិបាល និងបានអំពាវនាវឱ្យមានកែទម្រង់ព្រះបរមរាជវាំង និងច្បាប់នៃការប្រមាថព្រះមហាក្សត្រ ក្នុងនោះមនុស្សរាប់សែនលាននាក់បានគាំទ្រលើការសំណើរបស់អ្នកនាងផងដែរ។

ក្រោយមក អ្នកនាងបានចូលរួមនៅក្នុងគណបក្សចលនាឆ្ពោះទៅមុខ នៅក្នុងយុទ្ធនាការការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រសម្រាប់ការបោះឆ្នោតសកលកាលខែឧសភា ឆ្នាំ២០២៣។ គណបក្សចលនាឆ្ពោះទៅមុខនេះ បានឈ្នះការបោះឆ្នោត ក៏ប៉ុន្តែបែរជាបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលទៅវិញ ដោយសារតែមានការប្រឆាំងយ៉ាងខ្លាំងពីសំណាក់សមាជិកសភា៕

ប្រភព៖ ​CNA ចុះនៅថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image