បុរសម្នាក់មានវ័យ២៨ឆ្នាំ បានកើតជំងឺអុតស្វាដែលរូបលោក មានទីលំនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បុរសនេះចាប់ផ្ដើមមានរោគសញ្ញា នៅប្រដាប់ភេទ បន្ទាប់មករាលដាលដល់កខាងស្តាំ ថ្ពាល់ កំភួនដៃ និងជើង ហើយបានស្វែងរកការពិគ្រោះ ជំងឺនៅមន្ទីរពេទ្យ និងបញ្ជូនមកធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។ កញ្ញា សួ សុវណ្ណិកា រាយការណ៍៖
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងរាជធានីភ្នំពេញ កំពុងសហការ ជាមួយ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលអង្កេតស្រាវជ្រាវយ៉ាងសកម្មស្វែងរកប្រភពចម្លង និង ស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការចម្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំង ធ្វើយុទ្ធនាការអប់រំសុខភាពជូនប្រជាពលរដ្ឋនៅក្នុងភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីរកឃើញបុរសម្នាក់មានវ័យ២៨ឆ្នាំ បានកើតជំងឺអុតស្វា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្រោយពីទទួលលទ្ធផលពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល។
បច្ចុប្បន្នអ្នកជំងឺ កំពុងសម្រាកព្យាបាលដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យយ៉ាងត្រឹមត្រូវ។ ក្រសួងសុខាភិបាលបន្តថាជំងឺនេះគឺជាប្រភេទវីរុសដែលឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ (ជាមួយអ្នកជំងឺអុតស្វានិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ),ទឹកសារពាង្គកាយ (ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម) និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស (សម្លៀកបំពាក់ ពួក កន្សែង ឬ ស្លាបព្រាបាយ កែវទឹក ) ។ល។ លើសពីនេះអាច ឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈ ការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអុតស្វា។
ចំណែកវិធានការបង្ការការចម្លងជំងឺអុតស្វាវិញក្រសួងណែនាំឱ្យ អនុវត្តការរួមភេទដែលមានសុវត្ថិភាពដោយប្រើប្រាស់ស្រោមអនាម័យ និងចៀសវាងមានដៃគូរួមភេទច្រើន។ ចៀសវាងការប៉ះពាល់ផ្ទាល់ដូចជា(ឱប ថើប ម៉ាស្សា និយាយជិតគ្នាជាមួយអ្នកដែលមានចេញ រោគសញ្ញាជំងឺអុតស្វា)។ ចៀសវាងការប៉ះពាល់ផ្ទាល់ ជាមួយសម្លៀកបំពាក់ (កម្រាលពូកខ្នើយ ឬកន្សែងពោះគោ ចាន ស្លាបព្រា ពែង ឬផ្ទៃនៃទីតាំង ដែលអ្នកមានជំងឺអុតស្វាប្រើប្រាស់)និងត្រូវពាក់ម៉ាសប្រសិនបើអ្នកនៅជិតអ្នកដែលមានរោគសញ្ញាជំងឺនេះ ជាពិសេសត្រូវរក្សាអនាម័យផ្លូវដង្ហើមផងដែរ ។ម្យ៉ាង បុគ្គលដែលមានរោគសញ្ញាដូចជា កន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ គ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង ទោះបាន ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអុតស្វា ឬមិនមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា ត្រូវទៅពិគ្រោះ យោបល់ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ ពិគ្រោះ ឬធ្វើតេស្តរកជំងឺអុតស្វា ឬទូរស័ព្ទមកកាន់លេខ១១៥ ដើម្បីទទួលបានការណែនាំ និងពិគ្រោះយោបល់។
ក្រសួងក៏បានណែនាំដល់បុគ្គលិកសុខាភិបាលផងដែរថា ត្រូវបានលើកកម្ពស់ការយល់ដឹង និងការអប់រំអ្នកកំដរជំងឺ ជាពិសេសមានការប្រុងប្រយ័ត្នចំពោះការប៉ះពាល់និងតំណក់ទឹកតូចៗ ដោយប្រកាន់ខ្ជាប់ខ្ជួនចំពោះអនាម័យដៃ ឧបករណ៍ ការពារផ្ទាល់ខ្លួន ការចាប់កាន់បរិក្ខារវេជ្ជសាស្ត្រដែលមានមេរោគ ការបោកគក់ កាកសំណល់ដែលឆ្លង មេរោគឱ្យបានត្រឹមត្រូវ ព្រមទាំងការសម្អាតនិងសម្លាប់មេរោគលើផ្ទៃបរិស្ថានផងដែរ។ បន្ថែមពីនេះគ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពត្រូវប្រុងប្រយ័ត្ន និងតាមដានយ៉ាងហ្មត់ចត់ ចំពោះអ្នកជំងឺ ដែលមានចេញ រោគសញ្ញា ដូចបានរៀបរាប់ខាងលើនេះ សូមរាយការណ៍ឱ្យបានឆាប់បំផុត ដើម្បីបង្ការការចម្លងបន្តគ្នានៅ ក្នុងក្រុមគ្រួសារ និងសហគមន៍។ហើយត្រូវអនុវត្តវិធានការការពារការឆ្លងពេលពិគ្រោះជំងឺ និងដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗនូវករណ៏សង្ស័យ ឬករណីបញ្ជាក់ថាមានជំងឺអុតស្វានៅក្នុងបន្ទប់ដាច់ដោយឡែកដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ និងបន្ទប់ទឹកដាច់ដោយឡែកផងដែរ៕
អត្ថបទ៖សួ សុវណ្ណិកា