ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានព្រមានចាត់វិធានការ ចំពោះភ្នាក់ងារជ្រើសរើសពលករទៅក្រៅប្រទេសណា ដែលមិនគោរពច្បាប់ស្តីពីការងារ។
យោងតាមសេចក្តីណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីរៈកាលពីថ្ងៃទី២០ បានអង្កេតឃើញថា ភ្នាក់ងារជ្រើសរើសពលករទៅធ្វើការនៅក្រៅប្រទេសរបស់ក្រុមហ៊ុនឯកជនមួយចំនួន ដែលជាគ្រឹះស្ថាននៅក្រោមបទបញ្ញត្តិនៃច្បាប់មិនទាន់អនុវត្តបានល្អប្រសើរទៅតាមច្បាប់ស្តីពីការងារនៅឡើយ ទាក់ទង់ទៅនឹងបែបបទស្តីពីសហគ្រាស គ្រឹះស្ថាន និងនីតិវិធី ក្នុងការជ្រើសរើស បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស។
សេចក្តីណែនាំនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រើនរំឭកដល់ទីភ្នាក់ងារទាំងនោះ ត្រូវអនុវត្តតាម និងរៀបចំឱ្យមានទីចាត់ការដែលមានអាស័យដ្ឋានច្បាស់លាស់ មានបុគ្គលិកបម្រើការងារ មានសម្ភារៈការិយាល័យ មធ្យោបាយទំនាក់ទំនង និងដឹកជញ្ជូនគ្រប់គ្រាន់។
លើសពីនេះទៀត ក្រសួងការងារបានណែនាំ ឱ្យភ្នាក់ងារនាំពលករទៅក្រៅប្រទេសទាំងនោះ ត្រូវរៀបចំឱ្យមានមជ្ឈមណ្ឌលណែនាំតម្រង់ទិសទំហំសមស្រប មានអគារគ្រប់គ្រាន់សម្រាប់ការងារបំប៉នមុខជំនាញ មានកន្លែងស្នាក់នៅ ធានាបាននូវសុខភាពអនាម័យ ហូបចុករបស់ពលករ និងសុវត្ថិភាព។
បើតាមសេចក្តីណែនាំដដែលបានអំពាវនាវដល់ភ្នាក់ងារជ្រើសរើសពលករត្រូវមានការអនុញ្ញាតពីក្រសួងការងារ រាល់សកម្មភាពផ្សព្វផ្សាយសាធារណៈជ្រើសរើសពលករខ្មែរ។ ប្រសិនបើភ្នាក់ងារទាំងនោះ មិនគោរព និងអនុវត្តតាមសេចក្តីណែនាំនេះទេ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ តាមនីតិវិធីនៃច្បាប់ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះតទៅ៕