en     km
en     km

អុីស្រាអែលបាត់បង់ការគាំទ្រពីសកលលោក ជុំវិញការបន្តទម្លាក់គ្រាប់បែកនៅហ្គាហ្សា

Share

បន្ទាប់ពីអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានវាយតទល់គ្នាចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក ប្រទេស​ជាច្រើនលើសកលលោកនាំគ្នាថ្កោលទោសភាគីសម្ព័ន្ធមិត្តរៀងៗខ្លួន។ ក្នុងនោះ សហរដ្ឋអាមេរិកជាប្រទេសផ្គត់ផ្គង់តម្រូវការរបស់អ៊ីស្រាអែល បានចាប់ផ្តើមព្រមានអ៊ីស្រាអែលជុំវិញបទបាញ់បោះលើជនស៊ីវិល ខណៈប្រទេសមួយចំនួនបាត់បង់ទំនុកចិត្តលើអ៊ីស្រាអែល។

(កញ្ញា កែវ សុជាតា​ រាយការណ៍)

ប្រធានាធិបតីអាមេរិក លោក Joe Biden បានព្រមានថា អ៊ីស្រាអែលកំពុងបាត់បង់ការគាំទ្រ និងសេចក្តីទុកចិត្តពីថ្នាក់អន្តរជាតិជាបន្តបន្ទាប់ ដោយសារតែការទម្លាក់គ្រាប់បែកគ្មានគោលជំហរច្បាស់លាស់លើតំបន់ហ្គាហ្សា។ លោក Biden បាននិយាយក្នុងភាសាការទូតខ្លាំងៗ កាលពីថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅមុនពេលអង្គការសហប្រជាជាតិទាមទារឱ្យអ៊ីស្រាអែលនិងក្រុមហាម៉ាស់មានបទឈប់បាញ់មនុស្សធម៌ក្នុងសង្គ្រាមរវាងក្រុមទាំងពីរនេះ។ នេះបើយោងតាមសារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣។

លោក Joe Biden បញ្ជាក់ថា សហរដ្ឋអាមេរិកជាប្រទេសដែលតែងជួយទំនុកបម្រុងប្រទេសអ៊ីស្រាអែល ខណៈសហភាពអឺរ៉ុប និងបណ្តាប្រទេសជាច្រើនលើពិភពលោកក៏ចូលរួមការពារសុខសន្តិភាពរបស់អ៊ីស្រាអែលដែរ បន្ទាប់ពីក្រុមហាម៉ាស់បានចាប់ផ្តើមឈ្លានពានអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ក៏ប៉ុន្តែ លោក Biden អះអាងថា ប្រទេសមួយចំនួនចាប់ផ្តើមឈប់គាំទ្រអ៊ីស្រាអែល ជុំវិញការទម្លាប់គ្រាប់បែកទៅលើជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា។

ទន្ទឹមគ្នានេះ មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតទាមទារឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់កាលពីថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងនោះ ចក្រភពអង់គ្លេសបានបដិសេធមិនគាំទ្រលើការបោះឆ្នោតនេះនោះឡើយ។ ចំណែកឯ បារាំង និងជប៉ុនវិញ ស្ថិតក្នុងចំណោមអ្នកដែលគាំទ្រការអំពាវនាវឱ្យមានបទឈប់បាញ់​ ដែលនាំឱ្យសន្ទុះនៃសំឡេងឆ្នោតមានចំនួន ១៣ ទល់នឹង ១ (១៣-១)។

យ៉ាងណាមិញ ប្រធានាធិបតីអាមេរិករូបនេះយល់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu យល់ពីបញ្ហា និងមតិរបស់ថ្នាក់អន្តរជាតិលើសង្រ្គាមរវាងអ៊ីស្រាអែល-ក្រុមហាម៉ាស់ ក៏ប៉ុន្តែលោកមិនប្រាកដអំពីជំហររបស់គណៈរដ្ឋមន្ត្រីធ្វើការលើសង្គ្រាមរបស់អ៊ីស្រាអែលនោះទេ។ លោក Biden បន្តទៀតថា កងកម្លាំងអ៊ីស្រាអែលកំពុងបើកការវាយប្រហារនៅទូទាំងតំបន់ហ្គាហ្សា ដោយវាយកម្ទេចផ្ទះប្រជាពលរដ្ឋក្នុងតំបន់។

គួរបញ្ជាក់ផងដែរថា ទីប្រឹក្សាសន្តិសុខជាតិកំពូលរបស់លោក Biden គឺលោក Jake Sullivan កំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងសប្តាហ៍នេះ ដើម្បីពិគ្រោះដោយផ្ទាល់អំពីតារាងពេលវេលាសម្រាប់ការបញ្ចប់សង្រ្គាមដែលបង្កចលាចលមួយនេះ។ លោក Sullivan បាននិយាយថា លោកក៏នឹងនិយាយទៅកាន់លោក Netanyahu អំពីការអត្ថាធិប្បាយថ្មីៗរបស់លោកដែលថា កងកម្លាំងការពារអ៊ីស្រាអែល នឹងរក្សាការគ្រប់គ្រងសន្តិសុខដោយបើកចំហនៅតំបន់ហ្គាហ្សា បន្ទាប់ពីសង្រ្គាមបានបញ្ចប់ផងដែរ៕

ប្រភព៖ AP ចុះថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image