en     km
en     km

លោក​ ជា​ មុនី​ ថា​រដ្ឋាភិបាល​អសមត្ថភាព​វែកមុខ​ឃាតករ​បាញ់​សម្លាប់​លោក​ ជា​ វិជ្ជា

Share

នៅ​ថ្ងៃ​ទី​២២​ ខែមករា​ នេះ​ គឺជា​ថ្ងៃ​ខួប​លើក​ទី​ ១២​ ឆ្នាំ​ហើយ​ នៃ​ការ​បាត់​បង់ជីវិត​របស់​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ ជា​ វិ​ជា្ជ​។​ សមត្ថកិច្ច​មិន​ទាន់​វែកមុខ​ ជនល្មើស​ដែល​បាញ់ប្រហារ​ផ្តាច់ជីវិត​ លោក​ ជា​ វិជ្ជា​ យក​មក​ផ្តន្ទាទោស​នៅឡើយ​ទេ​។​

ប្រធាន​សហជីព​សេរី​កម្មករ​បច្ចុប្បន្ន​ ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​លោក​ ជា​ វិជ្ជា​ គឺ​លោក​ ជា​ មុនី​ ចោទ​រដ្ឋាភិបាល​ថា​ អសមត្ថភាព​ក្នុង​ការ​វែកមុខ​រក​ជនល្មើស​ផ្តន្ទាទោស​តាម​ច្បាប់​ ដើម្បី​ផ្តល់​យុត្តិធម៌ឱ្យ​បងប្រុស​របស់​លោក​។​

រូបសំណាក់ លោក ជា វិជ្ជា ក្បែរវិមានឯករាជ្
រូបសំណាក់ លោក ជា វិជ្ជា ក្បែរវិមានឯករាជ្

ប្រជាពលរដ្ឋ​ កម្មករ​-​កម្មការិនី​ ជិត​ ៣០០​ នាក់​ និង​សាច់ញាតិ​ជន​រង​គ្រោះ​ បាន​ប្រមូលផ្តុំ​គ្នា​នៅ​លើ​សួនច្បារ​ជិត​វិមាន​ឯករាជ្យ​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​ដាក់​កម្រងផ្កា​រំឭក​ខួប​ ១២​ ឆ្នាំ​ នៃ​ការ​បាត់​បង់ជីវិត​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ លោក​ ជា​ វិជ្ជា​។​
​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ លោក​ ជា​ វិជ្ជា​ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ កាលពី​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០០៤​ នៅ​មុខ​តូប​លក់​កាសែត​ក្បែរ​វត្ត​លង្ការ​ ខណៈ​លោក​កំពុង​អាន​កាសែត​ ដូច​សព្វដង​។​

លោក​ ជា​ មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​ជា​ណា​ចក្រ​កម្ពុជា​ សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​យឺតយ៉ាវ​ក្នុង​ការ​វែកមុខ​ជន​ដៃដល់​ដែល​បាន​បាញ់​សម្លាប់​ លោក​ ជា​ វិជ្ជា​ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​។​ លោក​ចង់​ឃើញ​ចំណាត់ការ​ណាមួយ​ដែល​មាន​ប្រសិទ្ធភាព​ ចេញពី​រដ្ឋាភិបាល​ ដើម្បី​វែកមុខ​ជនល្មើស​ មិនមែន​គ្រាន់តែ​បង្កើត​គណៈកម្មការ​ហើយ​មិន​អនុវត្ត​នោះ​ទេ​។​
​លោក​ ជា​ មុនី​ បន្ថែម​ថា​៖​ «​ខ្ញុំ​ ឃើញ​ជន​ពាក់ព័ន្ធ​ ហើយ​និង​ជនល្មើស​ ខ្ញុំ​គិត​ថា​ នៅ​មាន​សេរីភាព​នៅឡើយ​។​ ចឹ​ង​ អ្វី​ដែល​ខ្ញុំ​ឆ្លើយ​ទៅ​នឹង​សំណួរ​អ្នក​សារព័ត៌មាន​ ខ្ញុំ​គ្រាន់​ថា​ រដ្ឋាភិបាល​ហ្នឹង​អសមត្ថភាព​។​ អសមត្ថភាព​ ដោយសារ​តែ​ពួក​ឃាតករ​ និង​ជន​ដៃដល់​ហ្នឹង​ វា​ពាក់ព័ន្ធ​ វា​ពាក់ព័ន្ធ​ អាច​និយាយ​បាន​ថា​ រដ្ឋាភិបាល​ នៅ​ក្រោយខ្នង​ឃាតករ​ហ្នឹង​ក៏​ថា​បាន​»​។​

ជុំវិញ​បញ្ហា​នេះ​ វិទ្យុ​ស្ត្រី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ ខៀវ​ សុ​ភ័​ក្រ​ បាន​នៅឡើយ​ទេ​នៅ​ថ្ងៃនេះ​។​ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​ ២០១៥​ រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ពិសេស​មួយ​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​លើ​បញ្ហា​នេះ​។​

ទាក់ទង​នឹង​បញ្ហា​នេះ​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​ ទទួល​ពាក្យបណ្ដឹង​ អង្កេត​ និង​ទំនាក់ទំនង​រដ្ឋសភា​និង​ព្រឹទ្ធសភា​ លោក​ អេ​ង​ ឆៃ​អ៊ា​ង​ ដែល​បាន​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប​នេះ​ដែរ​ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ព​ន្លឿ​ន​បើក​ការ​ស៊ើបអង្កេត​ ឱ្យ​បាន​កាន់តែ​ឆាប់​ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ លោក​ ជា​ វិជ្ជា​។​ លោក​ថា​៖​ «​បើ​ទោះបីជា​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង​មួយ​ដើម្បី​ស៊ើបអង្កេត​លើ​រឿង​នេះ​យ៉ាងណា​ក៏​ដោយ​ តែ​ពន្លឺ​នៃ​យុត្តិធម៌​មិន​ទាន់​លេច​ចេញ​ជា​រូបរាង​នៅឡើយ​»​។​

ទាក់ទង​នឹង​បញ្ហា​នេះ​ មន្ដ្រី​ឃ្លាំមើល​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ យល់​ឃើញ​ថា​ បញ្ហា​ឃាតកម្ម​លើ​លោក​ ជា​ វិជ្ជា​ នេះ​ គឺជា​ករណី​ដែល​មាន​និទណ្ឌភាព​នៅឡើយ​។​ មន្ត្រី​ឃ្លាំមើល​សិន​មនុស្ស​រូប​នេះ​ ក៏​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ តាម​រយៈ​ក្រសួងមហាផ្ទៃ​ ត្រូវ​តែ​វែកមុខ​ចាប់​ជន​ដៃដល់​ឱ្យ​បាន​ យក​មក​ដាក់ទោស​តាម​ផ្លូវច្បាប់​។​

«​បាទ​ នេះ​យើង​ឃើញ​ថា​ មិន​ត្រឹម​ត្រឹមតែ​មិន​បាន​ផ្ដល់់​យុត្តិធម៌​ ឬ​ក៏​ស្វែងរក​ស្រមោល​នៃ​ ជន​ដែល​ប្រព្រឹត្ដ​ទេ​ផ្ទុយ​ទៅ​វិញ​ យើង​ឃើញ​ថា​ បើជា​មនុស្ស​ដទៃ​ត្រូវ​បាន​រង​គ្រោះ​ ដោយ​ករណី​ការ​បាញ់​សម្លាប់​លោក​ជា​វិជ្ជា​ជា​បន្ដ​ទៅ​ទៀត​បាទ​។​ ចឹ​ង​ យើង​ ជា​សង្គម​ស៊ី​វិល​ យើង​នៅ​តែ​មើលឃើញ​ថា​ ហាក់បីដូចជា​ មិនសូវ​មានការ​សង្ឃឹម​ទៅ​លើ​គណៈ​ កម្ម​ការ​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ក្នុង​ពេល​ថ្មីៗ​នេះ​ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​ករណី​នៃ​ការ​បាញ់​សម្លាប់​ លោក​ ជា​វិជ្ជា​ ក៏​ដូច​ជា​ លោក​ រស់​
សុ​វ​ណ្ណា​រ៉េ​ត​ និង​លោក​ ហ៊ី​ វុ​ទ្ធី​ នោះ​ទេ​បាទ​»​។​

​លើស​ពី​នេះ​ទៀត​ ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​ ទទួល​ពាក្យបណ្ដឹង​ អង្កេត​ និង​ទំនាក់ទំនង​រដ្ឋសភា​និង​ព្រឹទ្ធសភា​ លោក​ អេ​ង​ ឆៃ​អ៊ា​ង​ អះអាង​ថា​ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ លោក​នឹង​កោះ​អញ្ជើញលោក​ អង្គ​ វង្ស​វ​ឌ្ឍ​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ នៅ​ខែ​មិ​នា​ ខាង​មុខ​នេះ​ ដើម្បី​មក​សាកសួរ​ពី​បញ្ហា​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​៕

​រាយការណ៍​បន្ថែម​ដោយ​៖​ កញ្ញា ឆេ​ង​ ណា​តា​

Share

Image Not Found
Image

ព័ត៌មានទាក់ទង