en     km
en     km

ម្ចាស់ជើងឯកប្រដាល់អូឡាំពិកថៃ រងការចោទប្រកាន់ពីបទរំលោភលើក្មេងស្រីអាយុ១៧ឆ្នាំ

Share

អតីតម្ចាស់ជើងឯកប្រដាល់អូឡាំពិកដំបូងប្រចាំប្រទេសថៃ កំពុងរងបទចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើក្មេងស្រីដែលមានទើបមានអាយុ១៧ឆ្នាំ ដែលករណីនេះបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។ កញ្ញា សៃ ចន្ធី រាយការណ៍៖

 

អតីតម្ចាស់ជើងឯកប្រដាល់អូឡាំពិកដំបូងប្រចាំប្រទេសថៃ លោក Somluck Kamsing កំពុងរងនូវបទចោទប្រកាន់ពីបទរំលោភផ្លូវភេទលើក្មេងស្រីអាយុ១៧ឆ្នាំ ក៏ប៉ុន្តែមិនទាន់ទទួលបានដីការកោះហៅដើម្បីសាកសួរពីតុលាការនៅឡើយទេ។ ក្មេងស្រីដែលជាជនរងគ្រោះ ក៏នៅមិនទាន់បានត្រៀមខ្លួនសម្រាប់ការសួរចម្លើយនៅឡើយដែរ។ នេះបើយោងតាមការបញ្ជាក់របស់លោក Yosawaj Kaewsuebthanyanij ប្រធានប៉ុស្តិ៍ប៉ូលីស Muang Khon Kaen ប្រទេសថៃ។

អតីតម្ចាស់ជើងឯកប្រដាល់អូឡាំពិកលោក Somluck Kamsing

លោក Yosawaj ប្រធានប៉ុស្តិ៍ប៉ូលីស Muang Khon Kaen បាននិយាយថា អ្នកស៊ើបអង្កេតបានបញ្ចប់ការរៀបចំសំណុំរឿងរបស់អតីតម្ចាស់ជើងឯកប្រដាល់អូឡាំពិក លោក Somluck Kamsing នេះហើយ ដ្បិតក្មេងស្រីដែលជាជនរងគ្រោះនោះ កំពុងស្ថិតក្រោមការមើលថែ និងរស់នៅក្នុងជម្រកកុមារនៃគ្រួសារ Khon Kaen។ នេះបើយោងតាមសារព័ត៌មាន Bangkok Posts ចុះផ្សាយថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣។
គួរបញ្ជាក់ថា នៅក្នុងដំណាក់កាលនេះ ប៉ូលិសអាចចាត់វិធានការតាមផ្លូវច្បាប់ក្នុងការសើបអង្គេត និងកោះហៅសាកសួរបានតែចំពោះអ្នកគ្រប់គ្រងហាងស្រា ដែលលោក Somluck បានទៅ និងបានជួបក្មេងស្រីនោះប៉ុណ្ណោះ។ ប៉ូលិសថៃអះអាងថា អ្នកគ្រប់គ្រងហាងស្រាមិនត្រូវអនុញ្ញាតឱ្យអតិថិជនដែលមានអាយុក្រោម ២០ឆ្នាំចូលទៅជាវ ឬកម្សាន្តនៅក្នុងហាងបាននោះឡើយ។
ទន្ទឹមគ្នានេះ លោក Yosawaj ប្រធានប៉ុស្តិ៍ប៉ូលីស Muang Khon Kaen បានបន្ថែមថា ក្មេងស្រីរងគ្រោះនេះ បានចូលហាងស្រាជាមួយមិត្តភក្តិដែលរៀននៅសាលាជាមួយគ្នា។ ជនរងគ្រោះដែលទើបមានអាយុ១៧ឆ្នាំនេះ មកពីស្រុក Nong Kung Si ខេត្ត Kalasin ប្រទេសថៃ បានប្រាប់ប៉ូលីសនៅពេលដាក់ពាក្យបណ្តឹងកាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣ថា កញ្ញាបានជួបលោក Somluck ដែលមានអាយុ ៥០ឆ្នាំ និងជាអតីតម្ចាស់ជើងឯកប្រដាល់អូឡាំពិក នៅឯហាងស្រាមួយក្នុងស្រុក Muang ខេត្ត Khon Kaen កាលពីយប់ថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២៣។
សូមបញ្ជាក់ផងដែរថា លោក Somluck អតីតម្ចាស់ជើងឯកប្រដាល់អូឡាំពិក បានប្រាប់ប៉ូលិសថា ពេលនៅក្នុងហាងស្រា មិត្តភ័ក្តិក្មេងស្រីរងគ្រោះ និងក្មេងស្រីរងគ្រោះបានសុំថតរូបជាមួយលោក។ លោកបន្តទៀតថា បន្ទាប់ពីមានភាពស្និទ្ធស្នាល លោកបាននាំជនរងគ្រោះឡើងទៅសណ្ឋាគារដែលលោក Somluck ស្នាក់នៅ ប្រហែលម៉ោង៣.៣០ព្រឹកថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣។

ជុំវិញករណីនេះ ប៉ូលិសថៃនៅតែធ្វើការពិនិត្យមើលលើពាក្យចចាមអារ៉ាមចំពោះការលួចបន្លំអត្តសញ្ញាណប័ណ្ណ ដើម្បីចូលកន្លែងកម្សាន្តមួយចំនួន ដែលមានការហាមប្រាមចំពោះអតិថិជនមានអាយុក្រោម២០ឆ្នាំ ៕

ប្រភព៖ Bangkok Posts ចុះថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image