កត្តាប្រែប្រួលអាកាសធាតុក្លាយជាក្តីកង្វក់សម្រាប់ពិភពលោក ពិសេសសិស្សានុសិស្ស។ នៅក្នុងនោះ សិស្សនៅប្រទេសហ្វីលីពីនត្រូវប្រឈមនឹងកត្តាជាច្រើន ពិសេសការថប់បារម្ភ ឬបញ្ហាផ្លូវចិត្តជាដើម។
(លោក ឡាក់ ច័ន្ទតារា រាយការណ៍)
សាលាបឋមសិក្សាមួយក្នុងទីក្រុង Macabebe នៃប្រទេសហ្វីលីពីន បានបិទទ្វាររាល់ពេលដែលមានទឹកជំនន់ជនលិច ពីព្រោះគ្រោះធម្មជាតិនេះបានប៉ះពាល់ដល់ការសិក្សារបស់សិស្សយ៉ាងខ្លាំង។ អ្នកស្រុកនៅក្នុងតំបន់នោះនិយាយថា ទឹកជំនន់ចាប់ផ្តើមលិចលង់គ្រប់ទិសទី ខណៈដីដែលលិចនោះសុទ្ធសឹងជាវាលភក់ ពិបាកសម្រាប់ធ្វើដំណើរនិងផ្តល់ផលរំខានដល់ការសិក្សា។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។
នាយកសាលា លោក Marlon Mercado បានប្រាប់សារព័ត៌មាន CNA ថា សិស្សមួយចំនួនបរាជ័យក្នុងការសិក្សា និងការបំពេញសមត្ថភាពដោយសារតែទឹកជំនន់ញឹកញាប់ពេក។ សាលារៀនខ្លះរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុជាងសាលាដទៃទៀត ដូចជានៅសាលាបឋមសិក្សា San Gabriel ក្នុងទីក្រុង Macabebe ក្នុងខេត្ត Pampanga ភាគពាយព្យនៃទីក្រុងម៉ានីល។ សាលារៀននេះ លិចទឹកពេញមួយឆ្នាំ ដោយសារទឹកជំនន់។ សិស្សបានប្រើប្រាស់ស្ពានឈើបណ្តោះអាសន្ន ដើម្បីធ្វើដំណើរពីអគារមួយទៅអគារមួយទៀត ខណៈគ្រូបង្រៀននិងឪពុកម្តាយប្រមូលផ្តុំគ្នានៅតំបន់ដែលមានកម្ពស់ខ្ពស់តិចតួច។
លោក Christian Rivero ប្រធានផ្នែកសេវាកម្មកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងនៃនាយកដ្ឋានអប់រំបានទទួលស្គាល់ថា ប្រទេសហ្វីលីពីនត្រូវការថ្នាក់រៀនដែលសាងសង់យ៉ាងមានសុវត្ថិភាពខ្ពស់។ ក៏ប៉ុន្តែលោកអះអាងថា ប្រាក់មូលនិធិគឺជាបញ្ហាប្រឈមមួយដែលពិបាកដោះស្រាយ ពិសេសនៅអំឡុងពេលប្រទេសជាតិកំពុងជួបវិបត្តិគ្រោះទឹកជំនន់។ លោកបន្ថែមថា ឥឡូវនេះដីមានតម្លៃថ្លៃណាស់ ដោយសារតែគ្មានកន្លែងដែលអាចសាងសង់បានច្រើន ដូច្នេះត្រូវតែកែច្នៃកន្លែងដែលមានស្រាប់។
លោក Rivero ជាអ្នកគ្រប់គ្រងសាលាចំនួនជាង៤ម៉ឺនគ្រឹះស្ថាន បានចាត់វិធានការឱ្យសិស្សរៀនសម្របខ្លួនជាមួយអាកាសធាតុនៅក្នុងសាលារៀនដោយមិនអាចប្រកែកបាន។ ប៉ុន្តែ សាលាមិនអាចឱ្យពួកគេអស់សង្ឃឹមនៅក្នុងរឿងនេះនោះទេ ដោយប្រើវិធីមួយ នោះគឺបង្កើនស្មារតីដល់យុវជនដើម្បីដោះស្រាយជាមួយនឹងហានិភ័យអាកាសធាតុនៅក្នុងប្រទេស។ នៅក្រោមកម្មវិធីសាកល្បង សមាជិកក្រុមនិស្សិតត្រូវបានបណ្តុះបណ្តាលក្នុងការកំណត់អត្តសញ្ញាណគ្រោះថ្នាក់ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។
សិស្សម្នាក់ឈ្មោះ Reynaldo Raiz អាយុ ១៨ឆ្នាំបាននិយាយថា បរិស្ថាននៅទីនេះងាយនឹងជន់លិច អំឡុងពេលព្យុះទីហ្វុង ហើយការចូលរួមរបស់ខ្លួននៅក្នុងក្រុម បានបង្រៀនឱ្យចេះការពារនិងរៀបចំឧបករណ៍សង្គ្រោះបន្ទាន់នៅផ្ទះ ដែលពីមុនមកខ្លួនមិនធ្លាប់មាននោះទេ។ ក្នុងនោះ ក្រុមតស៊ូមតិដែលសង្កេតលើសិស្សរបស់ពួកគេ ក៏ធ្វើការគូសផែនទីគ្រោះថ្នាក់ប្រចាំឆ្នាំនៅក្នុងសាលារបស់ពួកគេ តាមរយៈកម្មវិធីទូរសព្ទដែលត្រូវបានបង្កើតឡើងដោយក្រុមមនុស្សធម៌ Save The Children បន្ទាប់មកធ្វើឱ្យដំណើរការប្រមូលផ្តុំដោយស្វ័យប្រវត្តិ។
គួរបញ្ជាក់ថា ឆ្នាំ២០២៣នេះ ប្រទេសហ្វីលីពីនឈរនៅលើតារាងសន្ទស្សន៍ខ្ពស់បំផុតនៃហានិភ័យពិភពលោក ជាប់ចំណាត់ថ្នាក់ក្នុងប្រទេសចំនួន១៩៣ ដែលទាក់ទងនឹងភាពងាយរងគ្រោះនៃគ្រោះធម្មជាតិធ្ងន់ធ្ងរ។ ប្រទេសនេះ ក៏ជាប្រទេសដែលងាយរងគ្រោះដោយព្យុះទីហ្វុងច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ផងដែរ។ ជាងនេះ តាមការស្ទង់មតិកាលឆ្នាំ២០២១ យុវជនចំនួនមួយម៉ឺននាក់មកពីប្រទេសចំនួន១០ បានបង្ហាញថា ប្រទេសហ្វីលីពីនមានកម្រិតខ្ពស់បំផុតនៃការថប់បារម្ភផ្នែកបរិស្ថាន ឬបញ្ហាផ្លូវចិត្តដោយសារវិបត្តិអាកាសធាតុ៕
ប្រភព៖ CNA ចុះថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣