en     km
en     km

ក្រុមហាម៉ាស់ព្រមានថា ចំណាប់ខ្មាំងសេសសល់នឹងមានវាសនាអាក្រក់ ប្រសិនបើគ្មានការចរចា

Share

ក្រុមហាម៉ាស់បានព្រមានទៅរដ្ឋាភិបាលអ៊ីស្រាអែលថា ចំណាប់ខ្មាំងដែលខ្លួនមិនទាន់ដោះលែងទាំងអស់នឹងមិនអាចចាកចេញពីតំបន់ហ្គាហ្សាដោយនៅមានជីវិតរស់រាននោះឡើយ ប្រសិនបើក្រុមទាំងពីរពុំមានការចរចាគ្នាដោះស្រាយបញ្ហាទាំងនេះ។

(កញ្ញា កែវ សុជាតា រាយការណ៍)

កាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហាម៉ាស់បានចេញមុខអះអាងថា លុះត្រាតែរដ្ឋាភិបាលអ៊ីស្រាអែលទទួលយកសំណើរបស់ខ្លួន ទើបអាចធានាសុខសុវត្ថិភាពរបស់ចំណាប់ខ្មាំងអ៊ីស្រាអែលបាន។ ក្នុងនោះ អ្នកនាំពាក្យក្រុមហាម៉ាស់និយាយថា អ៊ីស្រាអែលនឹងមិនទទួលបានប្រជាជនរបស់ពួកគេវិញឡើយ ឬចំណាប់ខ្មាំងទាំងនេះនឹងរងនូវទណ្ឌកម្មយ៉ាងព្រៃផ្សៃ ប្រសិនណាបើរដ្ឋាភិបាលអ៊ីស្រាអែលមិនព្រមចរចា និងបំពេញតាមការទាមទាររបស់ក្រុមហាម៉ាស់។ នេះបើយោងតាមសារព័ត៌មាន AFP ចុះផ្សាយនៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ លោក Bassem Neim ធ្លាប់បាននិយាយកាលពីចុងខែវិច្ឆិកាកន្លងទៅនេះថា ក្រុមហាម៉ាស់មានផែនការនិងត្រៀមខ្លួនរួចជាស្រេចដើម្បីដោះលែងទាហានរបស់អ៊ីស្រាអែល រួមទាំងចំណាប់ខ្មាំងទាំងអស់ ជាថ្នូរប្តូរនឹងអ្នកទោសជនជាតិប៉ាឡេស្ទីនដែលកំពុងឃុំឃាំងនៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។ យោងតាមរដ្ឋាភិបាលអ៊ីស្រាអែលឱ្យដឹងថា ចំណាប់ខ្មាំងចំនួន ១៣៧នាក់កំពុងស្ថិតនៅក្នុងតំបន់ហ្គាហ្សា ខណៈប្រជាជនប៉ាឡេស្ទីនប្រហែល ៧,០០០នាក់កំពុងឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។

គួរបញ្ជាក់ដែរថា​ ប្រភពជិតស្និទ្ធនឹងក្រុមហាម៉ាស់បញ្ជាក់ថា ក្រុមហាម៉ាស់និងក្រុមជីហាតអ៊ីស្លាមបានប៉ះទង្គិចគ្នាជាមួយនឹងកងកម្លាំងអ៊ីស្រាអែលនៅជិតទីក្រុង Khan Yunis, ទីក្រុង Jabalia និង Shejaiya នៃតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យ​ ទី១១ ខែធ្នូ ឆ្នាំ២០២៣។ កងកម្លាំងអ៊ីស្រាអែលគូសបង្ហាញថា ទាហានអ៊ីស្រាអែលចំនួន ៩៨នាក់ត្រូវបានសម្លាប់ ខណៈកងកម្លាំងប្រហែល ៦០០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារនៅក្នុងតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២៣។

ទោះបីជាយ៉ាងណាក៏ដោយ នាយក​រដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាន​អំពាវនាវ​ឱ្យ​ក្រុមហាម៉ាស់បោះបង់ការព្យាយាមវាយតទល់នឹងកងកម្លាំងអ៊ីស្រាអែល។ លោកនិយាយថា សង្រ្គាមរវាងក្រុមទាំងពីរនេះគឺជាការចាប់ផ្តើម និងជាចុងបញ្ចប់នៃក្រុមហាម៉ាស់។ លោកបញ្ជាក់យ៉ាងច្បាស់ថា លោកចង់សំដៅដល់ភេរវករហាម៉ាស់ទាំងអស់ ថាវាដល់ទីបញ្ចប់ហើយ ហើយក្រុមហាម៉ាស់គួរតែសុំចុះចាញ់ឥឡូវនេះ ទាន់ស្ថានភាពរវាងក្រុមទាំងពីរមិនទាន់អាក្រក់ជាងនេះ។

ក្រុមហាម៉ាស់បានបង្កជម្លោះ និងបើកការវាយប្រហារយ៉ាងសាហាវលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលក្នុងនោះបានសម្លាប់មនុស្សប្រហែល ១,២០០នាក់ ហើយក្រុមហាម៉ាស់បានចាប់ចំណាប់ខ្មាំងពីអ៊ីស្រាអែលប្រហែល ២៤០នាក់។ នេះបើយោងតាមតួលេខរបស់អ៊ីស្រាអែល។ ជាងនេះ អ៊ីស្រាអែល​បាន​ឆ្លើយតប​នឹង​ការ​វាយលុក​ដោយ​ចាប់ផ្តើមវាយបកលើក្រុមហាម៉ាស់តាមរយៈការលុកលុយតំបន់ហ្គាហ្សា និងបានសម្លាប់មនុស្ស​យ៉ាងតិច ១៧.៩៩៧នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី និង​កុមារ។ នេះ​បើតាម​ក្រសួងសុខាភិបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស់៕

ប្រភព៖ AFP ចុះថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image