ក្រុមយុវជន សមាគមន៍ សហជីព និងអង្គការសង្គមស៊ីវិល ក្រុមសកម្មជន អ្នកការពារសិទ្ធិមនុស្ស សហគមន៍ព្រៃឈើ ដីធ្លី និងសហគមន៍ការពារជនជាតិដើមភាគតិច បានលើកឡើងពីក្តីលំបាក ការប្រឈម និងការរឹតត្បិត ចំពោះការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេ ការបញ្ចេញមតិ នៅពេលដែលមានការរំលោភបំពាន ពីអ្នកមានលុយមានអំណាច និងការប្រើប្រាស់ច្បាប់ជាឧបករណ៍ ដើម្បីរឹតត្បិត បំភិតបំភ័យ ធ្វើឱ្យលំហសិទ្ធិសេរីភាពរបស់ពួកគេរួមតូច ការទាមទាការអនុវត្តសិទ្ធិ សេរីភាព ដែលមិនត្រូវបានការយកចិត្តទុកដាក់ដោះស្រាយបញ្ហា ពីសំណាក់មន្ត្រី និងរាជរដ្ឋាភិបាល ។
លោក អ៊ុក ដែន សូមផ្តល់នៅសេចក្តីរាយការណ៍៖
ក្រុមយុវជន សមាគមន៍ សហជីព និងអង្គការសង្គមស៊ីវិល ក្រុមសកម្មជន អ្នកការពារសិទ្ធិមនុស្ស សហគមន៍ព្រៃឈើ ដីធ្លី និងសហគមន៍ការពារជនជាតិដើមភាគតិច បានលើកឡើងពីការក្តីលំបាក ការប្រឈម និងការរឹតត្បិត ចំពោះការអនុវត្តន៍ សិទ្ធិសេរីភាពរបស់ខ្លួន ការបញ្ចេញមតិ នៅពេលដែលមានការរំលោភបំពាន ពីអ្នកមានលុយមានអំណាច និងការប្រើប្រាស់ច្បាប់ជាឧបករណ៍ រំលោភបំពានរឹតត្បិតសិទ្ធិសេរីភាពរបស់ពួកគេ ព្រមទាំងការមិនយកចិត្តទុកដាក់និងឱ្យតម្លៃទៅលើការអនុវត្ត សិទ្ធិសេរីភាព និងទុក្ខកង្វល់របស់ពួកគេដែលបានលើកឡើង ពីសំណាក់មន្ត្រីនិងរាជរដ្ឋាភិបាល។ ការគំរាមកំហែងបំភិតបំភ័យ ពីអ្នកមានលុយ មានអំណាច និងការប្រើប្រាស់ច្បាប់ជាអាវុធ ដើម្បីរំលោភបំពាន និងរឹតត្បិតសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិ ការអនុវត្តន៍សិទ្ធិរបស់ខ្លួន និងការការពារសិទ្ធិមនុស្សជាដើមបានក្លាយជាប្រធានបទលើកឡើងមកជជែកគ្នា ក្នុងឱកាស “ទិវាអ្នកការពារសិទ្ធិមនុស្សវ័យក្មេង” ក្រោមប្រធានបទ “ការគោរពសិទ្ធិ អ្នកការពារសិទ្ធិមនុស្ស ជាការលើកកម្ពស់សិទ្ធិមនុស្សនិងយុត្តិធម៌សង្គម” ដែលប្រារព្ធនៅសណ្ឋាគារ ប៉ូឡូវ៉ៃ កាលពីថ្ងៃសុក្រទី៨ ខែធ្នូ ឆ្នាំ២០២៣។
ឆ្លើយតបនិងរឿងនេះលោក អំ សំអាត នាយកប្រតិបត្តិកិច្ចការទូទៅនៃអង្គការ លីកាដូ មានប្រសាសន៍ថា បើមើលទៅលើច្បាប់នៅកម្ពុជាមួយចំនួនភាគច្រើនគឺចម្លងពីគោលនៃច្បាប់អន្តរជាតិយកមកប្រើប្រាស់ហើយ តែបរិបទកម្ពុជាបច្ចុប្បន្ន ក៏មានការបង្កើតច្បាប់ភ្លាមៗ ធ្វើវិសោធណកម្មច្បាប់ភ្លាមៗ ភាគច្រើនគឺធ្វើឡើងដើម្បីតែ គ្រប់គ្រង តាមដាន ច្រើនជាងជំរុញឱ្យមានការអនុវត្តន៍សិទ្ធិសេរីភាព ដែលធ្វើឱ្យច្បាប់ក្លាយទៅឧបករណ៍រឹតត្បិតសិទ្ធិសេរីភាពទៅវិញ។
«ត្រង់ចំណុចនេះយើងដឹងហើយថានៅកម្ពុជាយើង ដូចយើងលើកឡើងលើកមុនអ៊ឺចឹងថា ច្បាប់ភាគច្រើនខ្ញុំមិននិយាយទេរឿង ក្រមរដ្ឋប្បវេណី រឿងក្រមព្រហ្មទណ្ឌ សឹងតែជាការចម្លងពីគេមក ភាគច្រើនទៅហើយ។ ប៉ុន្តែបរិបទហ្នឹងអ៊ីចេះ ច្បាប់ខ្លះដូចក្រមព្រហ្មទណ្ឌ រដ្ឋប្បវេណីអី ច្បាប់ស្រុកគេមានតាំងពីប៉ុន្មានសិបឆ្នាំមុនណោះ មកដល់ឥឡូវគេវិវត្តមកដល់ណាទៀតហើយ ក៏ប៉ុន្តែយើងទៅយកអាចាស់របស់គេមកអ៊ឺចឹង វាក៏ជាបញ្ហាមួយដែរ ប៉ុន្តែឃើញថាវាត្រូវហើយ ព្រោះអាចចំណេញនូវផលប្រយោជន៍។ ហើយរឿងមួយទៀតយើងឃើញថា ច្បាប់ដែលអនុម័តភ្លាមៗហើយធ្វើវិសោធនកម្មភ្លាមៗ បង្កើតភ្លាមៗ ភាគច្រើននៅក្នុងបរិបទ នយោបាយមួយដែលចង់បាន ធ្វើម៉េចឱ្យគ្រប់គ្រងទៅលើស្ថានភាពនយោបាយហ្នឹងបាន ការគ្រប់គ្រង ។ ព្រោះច្បាប់បង្កើតមកយើងឃើញភាគច្រើនចង់គ្រប់គ្រង នឹងតាមដាន ច្រើនជាងការដែលឱ្យមានការអនុវត្តន៍សិទ្ធិឱ្យបានពេញលេញ »។
ជាទស្សនៈមួយផងដែរអ្នកស្រី ម៉ៅ ម៉ាប់ នាយិកា អង្គការក្លាហានមានប្រសាសន៍ថា បើទោះជាមានបញ្ហាឈម និងការគំរាមកំហែង ការរឹតត្បិត បំភិតបំភ័យ ដល់ការអនុវត្តសិទ្ធិសេរីភាព យ៉ាងណាក៏ដោយ ក្នុងនាមជាសកម្មជនការពារ និងលើកកម្ពស់សិទ្ធិមនុស្ស គួតែមើលពីភាពវិជ្ជមានឱ្យបានច្រើន ដើម្បីពង្រឹង លើកទឹកចិត្ត និងឆន្ទៈក្នុងការចូលរួមលើកកម្ពស់ការអនុវត្តន៍សិទ្ធិសេរីភាព ស្របតាមលទ្ធិប្រជាធិបតេយ្យ។
«យើងកុំមើលមួយជ្រុង យើងកុំមើលតែមួយជ្រុងទាក់ទងជាមួយនឹងការធ្វើទុក្ខបុកម្នេញ ទាក់ទងជាមួយនឹងការចាប់ដាក់ពន្ធនាគារ កុំមើលទៅលើផ្នែកមួយនៃការគំរាមកំហែងផ្នែកអីផ្សេងៗ ប៉ុន្តែយើងមើលឱ្យបានទូលំទូលាយ ទាក់ទងទីមួយជាមួយនឹងការលើកទឹកចិត្ត ពីសហគមន៍ជាតិ សហគមន៍អន្តរជាតិ ចំពោះអ្នកការពារសិទ្ធិមនុស្ស ដូចខ្ញុំលើកពីដើមអ៊ីចឹង មានការផ្ដល់ជាពានរង្វាន់អីជាដើម ហើយជាពិសេសដូច ដូចពូ ឡាក់គី គាត់បានលើកឡើងអ៊ីចឹង គ្រប់គ្នាត្រូវតែចូលរួមការពារអ្នកការពារសិទ្ធិមនុស្ស អ៊ីចឹងយើងត្រូវតែមានការតាំងចិត្ត យើងត្រូវតែពង្រឹងភាពជឿជាក់លើខ្លួនឯង ឱ្យបានទូលំទូលាយ ថ្វីត្បិតថា វាបានជួបបញ្ហាប្រឈម ប៉ុន្តែយើងក៏មានការ ការពារដោយច្បាប់មានការគាំទ្រ ពីសហគមន៍ជាតិ អន្តរជាតិ ពីអ្នកដែលធ្វើការងារពាក់ព័ន្ធរឿងសិទ្ធិមនុស្សដទៃផ្សេងទៀតច្រើនដែរ »។
ជាអនុសាសន៍ដាស់តឿន និងលើកទឹកចិត្តដល់ពលរដ្ឋទាំងអស់គ្នា ជាពិសេសយុវជន ប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី ធនធានធម្មជាតិ និងជាអ្នកនាំពាក្យ សមាគមន៍ អាដហុក លោក សឹង សែនករុណា លោកមានប្រសាសន៍ថា បើចង់កាត់បន្ថយការរឹតត្បិត ការរំលោភបំពាន លើការអនុវត្តន៍សិទ្ធិសេរីភាព គឺត្រូវចាប់ផ្ដើមពីការចូលរួមអនុវត្តតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវទាំងអស់គ្នា ។
«យើងជាយុវជន យើងជាប្រជាពលរដ្ឋ យើងសំខាន់អនុវត្តតួនាទីរបស់ពួកយើង កុំឱ្យតែឃើញមានរឿងហ្នឹងមក វាគាបសង្កត់ បាក់ទឹកចិត្ត អារម្មណ៍ផ្លូវចិត្តលែងចង់ធ្វើអី សួរថាអារឿងហ្នឹងវាកាត់បន្ថយទេ អត់ទេ វានឹងក៏កាន់តែ កើនឡើងកើនឡើង អ៊ីចឹងយើងចង់ឱ្យវាបាត់ពីក្នុងសង្គម វាទាល់តែយើងទាំងអស់គ្នាចូលរួម ចូលរួមហើយ ចូលរួមទៀតច្បាស់លាស់យើងអត់ខ្លាច យើងហ៊ាននិយាយ ហ៊ានតតាំង អ៊ីចឹងរឿងខ្លះការតស៊ូយើងមានភាពច្បាស់លាស់ត្រឹមត្រូវ គឺថាយើងមិនអាចចោលទេ ដូចអ្នកស្រីម៉ៅបាននិយាយអ៊ីចឹង គឺយើងមានអ្នកជ្រុំជ្រែងរួមជ្រោមជ្រែងគ្នា លើកលែងតែយើងទៅប្រព្រឹត្តបទល្មើសទេណាស៎ យើងការពារព្រៃឈើយើងទៅកាប់ឈើ យើងការពារសិទ្ធិមនុស្សយើងធ្វើបាបមនុស្ស ហើយទៅជួញដូរគ្រឿងញៀន ណាស៎ ជួញដូរមនុស្សរំលោភសេពសន្ថវៈហ្នឹង អាហ្នឹងយើងជួយអត់បានទេ។ អ៊ីចឹងយើងត្រូវប្រកាន់តួនាទីយើងឱ្យច្បាស់លាស់ ឱ្យត្រឹមត្រូវ មិនខ្វះទេអ្នកដែលជួយយើង ណាស៎ ទាំងនៅក្នុងប្រទេសនៅក្រៅប្រទេស នៅក្នុងតំបន់គេចាំតែជួយយើងទេបាទ »។
ប្រធានផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃបណ្តាញយុវជនកម្ពុជា សិទ្ធិមនុស្ស និងព្រៃឈើ លោក ហេង គីមហុង មានសាសន៍ថា ប្រជាពលរដ្ឋ និងសកម្មជនដែលធ្វើការលើការលើកកម្ពស់សិទ្ធិមនុស្ស ពិសេសយុវជនវ័យក្មេង គួរតែត្រូវបានលើកទឹកចិត្ត ហើយរដ្ឋាភិបាលគួរតែបានផ្ដល់នូវលំហទូលំទូលាយ សម្រាប់ពួកគេដើម្បី សង្គមមួយដែលមានប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពេញលេញ។
«យើងឃើញហើយថា កន្លងមកការរើសអើងលើក្រុមអ្នកការពារសិទ្ធិមនុស្ស បញ្ហាប្រឈម និងការគំរាមកំហែង ការចាប់ដាក់ពន្ធនាគារអី មួយចំនួនសម្រាប់ក្រុមសកម្មជនវ័យក្មេងហ្នឹង គឺតែងតែជាកើតមានឡើងជាបន្តបន្ទាប់។ អញ្ចឹងយើងយល់ថាការចូលរួមការពារសិទ្ធិមនុស្ស គឺជាភារកិច្ច របស់ពលរដ្ឋទាំងអស់គ្នា ជាពិសេសគឺនៅក្នុងសង្គមប្រជាធិបតេយ្យ ដែលយើងប្ដេជ្ញាចិត្តគោរពសិទ្ធិមនុស្ស បានល្អប្រសើរហ្នឹងគឺគួរតែត្រូវបានលើកទឹកចិត្ត ហើយត្រូវបានផ្ដល់លំហទូលំទូលាយ សម្រាប់ពួកគេដូចជាអ្វីដែលយើងហៅថា ជាសិទ្ធិមនុស្សទូទៅ »។
លោក ហេង គីមហុង បន្តទៀតថា បើកាលណាពលរដ្ឋអាចសម្ដែងនូវការចូលរួមការពារសិទ្ធិរបស់ខ្លួនបាននោះ នឹងធ្វើឱ្យសង្គមរបស់យើងកាន់តែមានភាពរីកចម្រើនសម្រាប់ទាំងអស់គ្នា ។ រដ្ឋាភិបាលក៏អាចនឹងដឹងពីផលប៉ះពាល់ និងសេចក្តីត្រូវការរបស់ពលរដ្ឋ និងអាចពិចារណាឡើងវិញលើគម្រោងអភិវឌ្ឍអ្វីទាំងនោះ ថាគួរតែរៀបចំបែបណា ដើម្បីបង្កើតបានបរិយាបន្ន ក្នុងការអភិវឌ្ឍន៍មួយដែលល្អប្រសើរសម្រាប់ទាំងអស់គ្នា។ ដូច្នេះការជំរុញឱ្យពលរដ្ឋក្លាយជាអ្នកការពារសិទ្ធិមនុស្ស រដ្ឋាភិបាលក៏នឹងងទទួលបានសង្គមមួយដែលមានភាពល្អប្រសើរ មានបរិយាបន្ន និងមានការចូលរួម ដើម្បីការការពារផលប្រយោជន៍របស់សង្គមទាំងអស់គ្នា៕
អត្ថបទ៖អ៊ុក ដែន