en     km
en     km

លោក ប៉ែន បូណា៖ រដ្ឋាភិបាលតែងបដិសេធសង្គមស៊ីវិលមួយចំនួនព្រោះពួកគេលើកឡើងមិនឆ្លុះបញ្ចាំងការពិត

Share

កិច្ចពិភាក្សាតុមូលស្តីពី«សេីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ»​នៅថ្ងៃទី៨ ខែធ្នូ​ ឆ្នាំ២០២៣។ 

ភ្នំពេញ៖ បើទោះបីជាកន្លងមកមានអង្គការសង្គមស៊ីវិលមួយចំនួនចេញផ្សាយនូវរបាយការណ៍ដែលបង្ហាញថា សិទ្ធិសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជាមានសភាពធ្លាក់ចុះ និងស្ថិតក្នុងលក្ខខណ្ឌព្រួយបារម្កក្តី ក៏ប៉ុន្តែឆ្លើយតបនឹងបញ្ហានេះលោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅតែច្រានចោល​នូវការលើកឡើង និងរបាយការណ៍ទាំងនោះ ដោយលោកអះអាងថាវិសាលភាពនៃសេរីភាពបញ្ចេញមតិ មានភាពល្អប្រសើរ ដែលលោកសំអាងទៅលើការកើនឡើងនៃចំនួនស្ថាប័នផ្សព្វផ្សាយ និងការលើកនិយាយពីប្រធានបទផ្សេងៗរបស់ពលរដ្ឋដែលភាគច្រើនពួកគេបញ្ចេញមតិនៅបណ្តាញសង្គម។

ក្នុងឱកាសទិវាសិទ្ធិមនុស្សខិតជិតមកដល់ គេសង្កេតឃើញមានបណ្តាភាគីជាច្រើនរួមមានរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ​និងស្ថាប័នមួយចំនួនផ្សេងទៀតចាប់ផ្តើមបង្កើតចេញជាកម្មវិធីនានាដើម្បីប្រារព្ធនូវទិវាសិទ្ធិមនុស្សលើកទី៧៥ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៣។  ជាក់ស្តែងដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សថ្ងៃខាងមុខនេះផងដែរ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសហការ នឹងក្លឹបអ្នកការសែតកម្ពុជា បង្កើតជាកិច្ចពិភាក្សាតុមូលលើប្រធានបទ«សេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ»។

ប្រធានបទនេះបង្កឱ្យអ្នកចូលរួមចាប់អារម្មណ៍ និងសួរដេញដោល ជជែកវែកញែកជាហូរហែរ ហើយក្នុងនោះក៏មានការលើកឡើងពីស្ថានភាពសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជាដែលអង្គការសង្គមស៊ីវិលមួយចំនួននៅតែរកឃើញថាស្ថិតនៅក្នុងលក្ខខ័ណ្ឌព្រួបារម្ភពីមួយឆ្នាំទៅមួយឆ្នាំ ដោយមានការអះអាងថាសេរីភាពទាំងនេះត្រូវបានទទួលរងការរឹតត្បិតពីសំណាក់រដ្ឋាភិបាល។

ជាការឆ្លើយតបទៅនឹងបញ្ហានេះ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអ្នកនាំពាក្យរដ្ឋាភិបាល ចាត់ទុកថាជារបាយការណ៍ដែលមិនបានឆ្លុះបញ្ចាំងពីការពិត ដោយលោកអះអាងករណីដែលអង្គការសង្គមស៊ីវិលទាំងនោះរកឃើញមិនអាចយកសបញ្ជាក់ពីកម្ពុជាទាំងមូលឡើយ។ ជាមួយគ្នានេះលោកគូសបញ្ជាក់ថាកត្តាដែលមិនមានការឆ្លុះបញ្ចាំងពិតប្រាកដនៃអង្គការសង្គមស៊ីវិល និងអ្នកលើកឡើងផ្សេងទៀត ទើបបង្កឱ្យរដ្ឋាភិបាលតែងរុញច្រានចោល។

«ត្រូវហើយសារព័ត៌មានត្រូវផ្សាយគ្រប់បែបយ៉ាងអត់មានអ្នកណាឃាត់ទេចំណុចអវិជ្ជមានផ្សាយចុះ ប៉ុន្តែចង់ឱ្យមានការឆ្លុះបញ្ចាំងដូចខ្ញុំនិយាយមិញចឹង ដើមឈើទាំងមូលព្រៃទាំងមូលដែលមានដើមឈើរាប់ម៉ឺនដើមកំពុងដុះលូតលាស់ន្ន៎ ឱ្យឆ្លុះបញ្ចាំងគេផងមិចបានដកយកដើមឈើមួយ ចំណុចមួយ ពីរយកមកវាយតម្លៃទាំងមូល បញ្ហាវានេះត្រង់ហ្នឹងសព្វថ្ងៃហ្នឹងដែលមួយចំនួនតូចហ្នឹងនៅអត់ព្រមទទួលមើលនូវការពិតត្រង់ហ្នឹង ហើយគាត់យកតែចំណុចពីរ បីហ្នឹងមកធ្វើជាចំណាត់ខ្មាំង ហើយចេះវាយតម្លៃចឹងទៅកើត ចម្លើយរបស់ខ្ញុំងាយទេ នេះគឺជារបាយការណ៍មិនឆ្លុះបញ្ចាំងការពិត អ៊ីចឹងហើយបានរដ្ឋាភិបាលចេះតែបដិសេធ នៅកម្ពុជាយើងបើនិយាយពីសេរីភាពនៃសិទ្ធិមនុស្សលំហ សេរីភាពសារព័ត៌មាន និងចុះបានពិន្ទុទៀតហើយទៅរកសេរីភាពណាឱ្យលើសហ្នឹងទៀត ដល់អ្នកខ្លះជេរគេតាមហ្វេសប៊ុក ដល់គេចាប់ថាគេបិទសេរីភាព អាហ្នឹងអត់ទេ កាលណាយើងខុសច្បាប់ ច្បាប់មានវិធានការ»

របាយការណ៍​ចង​ក្រង​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា(CCHR)​ ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ ដោយ​រាប់ចា់​ពី​ថ្ងៃទី​១​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ ដល់​ថ្ងៃទី​៣១​ខែ​សីហា​ ឆ្នាំ​២០២២ បង្ហាញឱ្យឃើញថា សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​តែ​ស្ថិត​ក្រោម​ការ​​គំរាម​ ដោយ (CCHR)រកឃើញនូវ  ​ច្បាប់​មួយ​ចំនួន​ដែលដ្ឋាភិបាល​បាន​បង្កើតគឺ​មាន​លក្ខណៈ​រឹតត្បិត​លើ​សិទ្ធិ​ជា​មូល​ដ្ឋាន​របស់​ពលរដ្ឋ​ ហើយក្នុងខ្លឹមសារសង្កត់ធ្ងន់ថារដ្ឋាភិបាលដាក់គោលដៅក្នុងការប្រឆាំងទៅសម្លេងរិះគន់ ខណៈ ការ​បំភិត​បំភ័យ​ ការ​ឃ្លាំមើល​ ការ​គំរាម​កំហែង​ ឬ​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រចាំ​ ដើម្បី​កំណត់​មុខ​សញ្ញា​អ្នក​ដែល​ហ៊ាន​បញ្ចេញ​មតិ​ជាមួយ​អ្នក​សារ​ព័ត៌មាន​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។​

លោក សួន វុត្ថា ពលរដ្ឋអ្នកសារព័ត៌មាន របស់អង្គការ”CCIM”បានបង្ហាញការកត់សម្គាល់ប្រាប់វិទ្យុស្ត្រីថា សេរីភាពសារព័ត៌មានបច្ចុប្បន្ននៅកម្ពុជា ហាក់មានពីរផ្នែក មួយផ្នែកដែលមាននិន្នាការខាងរាជរដ្ឋាភិបាលគឺ មានសេរីភាពពេញលេញក្នុងការអនុវត្តតួនាទីរបស់ខ្លួន មានពេលខ្លះពួកគេអនុវត្តលើសពីតួនាទីរបស់ខ្លួន អាចថាជាការជេរ ឈ្លោះប្រកែកគ្នា ពេញបណ្តាញសង្គមបានដោយសេរី មិនឃើញមានសមត្ថកិច្ចឬអាជ្ញាធរណាធ្វើវិធានការលើពួកគេនោះទេ។ ក៏ប៉ុន្តែសារព័ត៌មានមួយផ្នែកដែលពួកធ្វើការជាសារព័ត៌មានឯករាជ្យ ត្រូវបានគំរាមកំហែងបំភិតបំភ័យ ។ លោក បានចោទជាសំណួរថាទន្ទឹមនឹងតួលេខស្ថាប័នព័ត៌ជាង២ពាន់ស្ថាប័នដែលរដ្ឋាភិបាលតែងលើកឡើង តើអ្នកសារព័ត៌មានប៉ុន្មាននាក់ដែលហ៊ានរាយការណ៍អំពីការកាប់បំផ្លាញព្រៃឈើធនធានធម្មជាតិរ៉ែ ការរំលោភបំពានសិទ្ធិដីធ្លីរបស់ពលរដ្ឋ និងមានប៉ុន្មានស្ថានីយ៍វិទ្យុ ទូរទស្សន៍ ដែលហ៊ានផ្សព្វផ្សាយរឿង អសកម្មរបស់មន្ត្រី រឿងអំពើពុករលួយ របស់មន្ត្រីរឿងអយុត្តិធម៌ របស់ប្រជាពលរដ្ឋនោះមូលដ្ឋាន?

ពាក់ព័ន្ធបញ្ហានេះ លោក Pierre Gillette អតីតអ្នកការសែតបារាំង និយាយថាបរិបទប្រទេសបារាំងសេរីភាពនៃការបញ្ចេញមតិស្ថិតក្នុងលក្ខណៈល្អប្រសើរ ហើយកន្លងមករដ្ឋាភិបាលមិនដែលរករឿង ឬធ្វើទុកបុកម្នេញអ្នកសារព័ត៌មានឡើយ លុះត្រាតែក្នុងចំណោមអ្នកសារព័ត៌មានទាំងនោះប្រព្រឹត្តិខុសវិជ្ជាជីវៈដោយសរសរឱ្យមានការស្អប់ជាតិសាសន៍ ដែលជាច្បាប់ដែលមានចែងនៅក្នុងប្រទេសបារាំង៕

Share

ព័ត៌មានទាក់ទង

Image