អង្គការឃ្លាំងមើលសិទ្ធិមនុស្សចោទប្រកាន់ថា ការវាយប្រហាររបស់អ៊ីស្រាអែលចំនួនពីរលើកមកលើក្រុមអ្នកកាសែតលីបង់ អាមេរិក និងអ៊ីរ៉ាក់នៅភាគខាងត្បូងនៃប្រទេសលីបង់ គឺជាការវាយប្រហារដោយចេតនាលើជនស៊ីវិល។ ខណៈភស្តុតាងទាំងអស់កំពុងដាក់បន្ទុកលើក្រុមកងកម្លាំងអ៊ីស្រាអែល។
(កញ្ញា កែវ សុជាតា រាយការណ៍)
ការវាយប្រហាររបស់អ៊ីស្រាអែលពីរលើកនៅក្នុងប្រទេសលីបង់កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ បានសម្លាប់អ្នកកាសែត Reuters លោក Issam Abdallah ខណៈអ្នកកាសែតចំនួន ៦នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។ ការវាយប្រហារនេះទៀតសោត បានបង្ហាញពីចេតនារំលោភបំពានសិទ្ធិរបស់ជនស៊ីវិល ដែលនេះសឱ្យឃើញពីឧក្រិដ្ឋកម្មសង្គ្រាម។ នេះបើយោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានផ្ទៀងផ្ទាត់ជាមួយនឹងភស្តុតាងជារូបភាពនិងវីដេអូ រួមទាំងសាក្សីដែលស្ថិតនៅក្នុងហេតុការណ៍វាយប្រហារមកលើអ្នកកាសែតផងនោះបានបង្ហាញថា នៅមុនពេលផ្ទុះការវាយប្រហារជាប់ៗគ្នាពីរលើក អ្នកកាសែតបានដកទៅរកទីកន្លែងសុវត្ថិភាពដើម្បីជ្រកកោន និងមិនធ្វើការផ្សព្វផ្សាយណាមួយក្នុងរយៈពេល ៧៥នាទីនោះឡើយ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស មិនបានរកឃើញភស្តុតាងគោលដៅរបស់យោធានៅជិតទីតាំងអ្នកកាសែតនោះទេ។
លោក Ramzi Kaiss អ្នកស្រាវជ្រាវលីបង់ និងកំពុងបម្រើការនៅក្នុងអង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា នេះមិនមែនជាលើកទីមួយទេ ដែលកងកម្លាំងអ៊ីស្រាអែលបានវាយប្រហារ និងសម្លាប់អ្នកកាសែតដោយចេតនា។ លោកបន្តទៀតថា ពួកគេត្រូវតែទទួលខុសត្រូវ ហើយចាំបាច់ត្រូវបញ្ជាក់ឱ្យច្បាស់ថា អ្នកសារព័ត៌មាននិងជនស៊ីវិលផ្សេងទៀត មិនមែនជាគោលដៅក្នុងការធ្វើសង្រ្គាមនេះនោះទេ។
ទន្ទឹមគ្នានេះ អង្គការឃ្លាំមើលសិទិ្ធមនុស្សបានសម្ភាសសាក្សីប្រាំពីរនាក់ រួមទាំងអ្នកកាសែតបីនាក់ផ្សេងទៀតដែលរងរបួស ពិសេសបានវិភាគលើវីដេអូចំនួន៤៩ និងរូបថតរាប់សិបសន្លឹក បន្ថែមពីលើរូបភាពផ្កាយរណប។ អង្គការឃ្លាំមើលសិទិ្ធមនុស្ស ក៏បានសម្ភាសជាមួយតំណាងកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅប្រទេសលីបង់ (UNIFIL) និងបានពិគ្រោះជាមួយអ្នកជំនាញផ្នែកយោធា វីដេអូ និងសំឡេងផងដែរ។
សាក្សីនៅក្នុងហេតុការណ៍បាននិយាយថា គ្រាប់បែកទីមួយបានវាយប្រហារអ្នកកាសែត Reuters លោក Issam Abdallah និងអ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP អ្នកស្រី Christina Assi ។ ក្នុងនោះ សាក្សីរូបនេះបន្តទៀតថា អ្នកកាសែតចំនួនប្រាំមួយនាក់ផ្សេងទៀតរងរបួស ដែលមានដូចជា អ្នកកាសែតពីរនាក់មកពីសារព័ត៌មាន Al Jazeera, អ្នកកាសែតពីរនាក់មកពី AFP និង អ្នកកាសែតពីរនាក់មកពី Reuters ។
នៅថ្ងៃទី១៧ និង២៦ ខែតុលា ឆ្នាំ២០២៣ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានផ្ញើលិខិតជាកម្រងសំណួរ និងភស្តុតាងជុំវិញការវាយប្រហារលើអ្នកកាសែតទៅកាន់កងកម្លាំងប្រដាប់អាវុធលីបង់ និងអ៊ីស្រាអែលរៀងៗខ្លួន ដើម្បីឱ្យពួកគេបកស្រាយ ក៏ប៉ុន្តែអង្គការឃ្លាំមើលសិទ្ធិមនុស្សមិនបានទទួលការឆ្លើយតបពីអ្នកទាំងពីរនោះឡើយ។
ទោះជាបែបនេះក៏ដោយ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Richard Hecht បាននិយាយថា ពួកគេមានការសោកស្ដាយជាខ្លាំងចំពោះការស្លាប់របស់អ្នកកាសែត។ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោក Hecht បានប្រាប់សារព័ត៌មានរ៉យទ័រថា យោធាអ៊ីស្រាអែលកំពុងពិនិត្យមើលភស្តុតាងដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សបានផ្ញើឱ្យ។ លោកបញ្ជាក់ទៀតថា ពួកគេនឹងឆ្លើយតបនូវសំណួរ ក៏ដូចជាពន្យល់បកស្រាយពីគោលជំហររបស់កងកម្លាំងអ៊ីស្រាអែល។ តែអង្គការឃ្លាំមើលសិទ្ធិមនុស្សឱ្យដឹងថា មកទល់នឹងពេលនេះ កងកម្លាំងអ៊ីស្រាអែលមិនទាន់បានឆ្លើយតបដូចដែលពិពណ៌នានោះឡើយ។
យ៉ាងណាមិញ អង្គការឃ្លាំមើលសិទ្ធិមនុស្សអះអាងថា យោធាអ៊ីស្រាអែលបានដឹង ឬគួរតែដឹងថាក្រុមមនុស្សដែលពួកគេកំពុងបាញ់ប្រហារ គឺជាជនស៊ីវិល និងអ្នកកាសែត៕
ប្រភព៖ Human Rights Watch ចុះថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣