en     km
en     km

ពលរដ្ឋនៅខេត្តកំពង់ឆ្នាំងស្នើឱ្យតុលាស៊ើបដល់កន្លែងកើតហេតុបន្ទាប់ពីទទួលបានដីកាកោះសារជាថ្មី​ ជុំវិញវិវាទដីធ្លី

Share

ពលរដ្ឋនៅភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុក ជលគីរី ខេត្តកំពង់ឆ្នាំង ស្នើឱ្យតុលាកាខេត្តនេះ​ ចុះស៊ើបអង្កេតដល់ទីតាំងកើតហេតុជាក់ស្តែង ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ដល់ពលរដ្ឋ ខណៈទទួលបានដីកា កោះហៅនាពេលថ្មីៗនេះក្រោមបទចោទ រំលោភលើកម្មសិទ្ធរបស់អ្នកដ៏ទៃ ទាំងដែលខ្លួនរស់នៅលើដីខ្លួនឯង និងអាស្រ័យផលតាំងពីឆ្នាំ2001។ លោក អ៊ុក ដែន ជូននូវសេចក្តីរាយការណ៍៖ 

 

លោក ប្រាក់ សុភុំ  ហៅញ៉ឹប អាយុ 60 ឆ្នាំជាពលរដ្ឋរស់នៅភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង  បានប្រាប់វិទ្យុស្ត្រីថា   កន្លងមកអាជ្ញាធរបានគំរាមដកហូតយកដីដែលធ្លាប់រស់នៅ អាស្រ័យផលតាំងពីឆ្នាំ 2001 និងបែងចែកឱ្យអ្នកផ្សេង ហើយបានប្ដឹងរូបលោកឡើងតុលាការពីបទរំលោភលើទ្រព្យសម្បត្តិអ្នកដទៃ នាពេលថ្មីៗនេះទៀតផង។

«ខ្ញុំនិយាយនិងខ្លាចថាកុំឱ្យនិយាយវែងពេកព្រោះដំណើរដែលគេចង់ធ្វើបាបខ្ញុំរៀបរៀងមកហ្នឹងចាំខ្ញុំរ៉ាយរ៉ាប់ទីមួយពេលរៀបចំវាស់ដី ហៅខ្ញុំទៅនិយាយនិងចង់ឱ្យលាក់ស្ងាត់ៗ ថា​​ប្រជាពលរដ្ឋច្រណែន ថាអុីចឹងដីញ៉ឹបឯងធំ ខ្ញុំថាច្បាប់អត់មានយកច្រណែនមកនិយាយទេ ព្រោះខ្ញុំនៅយូរហើយ តាំងពី 2001 មកដល់ឥឡូវហើយ គាត់ថាអត់ទេដីរដ្ឋទេ។ឥឡូវញ៉ឹបឯងអញ្ចេះទៅទិញពីភូមិវិញទៅ បានខ្ញុំថាអ្ហេទិញដីម៉េចបង ខ្ញុំនៅដីស្រែធ្វើកលជិត 20 ឆ្នាំហើយ ទិញពីភូមិវិញម៉េច ដូចជាទិញដីខ្លួនឯង ។ ក្រោយមកសម្របសម្រួលថាឲ្យទិញពីគាត់ទៅ ឥឡូវអញ្ចេះ1ហិកតាឧបមារណ៍ថា 6000 ខ្ញុំគិតញ៉ឹបឯងតែ 30%ទេ គិតដក 30 %គេត្រូវ1800$ ដល់ពេលនេះខ្ញុំថាឥឡូវអញ្ចេះបើថាយកលុយ ដីកុំយក   ដកដីហ្នឹង 77 ម៉ែត្រទៀតហើយទារលុយ 1800$ ទៀត ខ្ញុំអត់ទេខ្ញុំអត់ឱ្យទេអុីចឹងយកលុយផងយកដីផងអ៊ីចឹង ហើយលុយមានឯណា លុយចងការធនាគារ យកលុយផងយកដីផងអុីខឹងខ្ញុំមិនឱ្យទេ ។ ខ្ញុំនៅយូរហើយដកម៉េចបានបង គាត់មេឃុំគាត់ថាអត់ទេកុំថានៅ20ឆ្នាំ នៅ30-40 ឆ្នាំក៏គេដកដែរព្រោះអីដីរដ្ឋ»

លោក ប្រាក់ សុភុំ

លោក អឿ សារិទ្ធ អាយុ55ឆ្នាំ ដែលអះអាងថាជាជនរងគ្រោះ រស់នៅភូមិ ឃុំកើតហេតុខាងលើដែរ បានប្រាប់ក្រុមអ្នកសារព័ត៌មានវិទ្យុស្ត្រីថា លោកមករស់នៅលើទួលវែងនេះតាំងពីឆ្នាំ 2004 ដោយកាលណោះ ទើបតែមានពលរដ្ឋ 7 គ្រួសារប៉ុណ្ណោះមករស់នៅរាប់ទាំងគ្រួសាររបស់លោក។

«តំបន់ហ្នឹងលើដីទួលដែរ តែបើទឹកធំលិចលោកគ្រូ ទឹកតូចអត់លិចទេ 6 7 គ្រួសារដែរហ្នឹងណា ខ្លះមកនៅក្រោយទេតែបើពួកខ្ញុំមកនៅមុន 7 គ្រួសារ។ឥឡូវហ្នឹងមាន 10 គ្រួសារជាង11គ្រួសារ នៅឯចិន្ត្រៃយ៍ ហើយគំនរចំបើង 2 គេនៅឯភូមិលើទេ។កាលយើងមិននៅហ្នឹងមានការទទួលស្គាល់ពីអាជ្ញាធរភូមិ ជំនាហ្នឹងទាំងអស់គ្រប់កន្លែងគ្មានទាន់មានប្លង់រឹងឬស្លាបមាន់ហ្នឹងទេ បង្កាន់ដៃភូមិក៏អត់ទាន់មានដែរ។ គាត់ធ្វើលិខិតស្នាមមក គាត់ធ្វើតែនឹងទឹកប៊ិកគាត់ទេ។ គាត់ស៊ីញ៉េឱ្យប៉ុន្តែវាចៃដន្យទឹកធំបោកបក់ មកបាត់ទាំងសៀវភៅគ្រួសារបាត់ទាំងអី ធ្វើសារថ្មីទាំងអស់នៅឆ្នាំ 2007ក្រោយមកស្នើសុំអាជ្ញាធរភូមិធ្វើសារថ្មីតែគាត់ថាមិនបាច់ទេ គ្មានអ្នកណាទៅនៅទេ ចេះតែនៅបង្កបង្កើនផលធ្វើស៊ីទៅ»

លោក អឿ សារិទ្ធ

 តែក្រោយមកក្នុងឆ្នាំ 2018 មេភូមិថ្មី សើរើវាស់វែងបែងចែកដី សារជាថ្មី​ឱ្យទៅអ្នកភូមិផ្សេងទៀត។ លោកអឿ សារិទ្ធ បានបន្តទៀតថា៖

« លុះត្រាដល់ឆ្នាំ 2018 បានមានការវាស់វែង ប្រជុំជាមួយគណៈកម្មការភូមិ ហ្នឹងថាវាស់វែងចែកប្រជាពលរដ្ឋទៅកុំឱ្យ អ្នកនៅក្រោយចេះតែច្រណែនទៅណា។ ដល់អ៊ីចឹង អភិបាលស្រុកលោក យាន សាវេន គាត់បាននិយាយថា អ្នកដែលមកនៅមុន កុំឱ្យគាត់វាស់នៅក្នុងរបងគេ ព្រោះគេនៅមុនយើងហើយ វាស់តែដីទំនេរទៅ តែអាជ្ញាធរភូមិគាត់អត់ស្ដាប់តាមអភិបាលស្រុកឯណាគាត់ជំនះចិត្តតែខ្លួនគាត់ មេភូមិថ្មី ជឹម ភឹម  ឆ្នាំ 2018។ រហូតដល់ឆ្នាំ 2020 គាត់ក៏មរណៈបាត់ទៅ។ កាលឆ្នាំ2018 ជឺម ភឹម គាត់ចុះទៅវាស់វែង តែគ្មានអ្នកណាទៅនៅទេ គ្មានអ្នកណាទៅបោះជាសសរ បោះជារបងព័ទ្ធ ជាស្អីៗទេ។នៅរហូតដល់ឆ្នាំ 2020 ហ្នឹងគេចាប់ ខ្វេះកកាយដីស្រែប្រាំងខ្ញុំហ្នឹង  យកអាត្រាក់ឈូសឆាយផង ខ្វេះផងដោយសារអាជ្ញាធរ ជឹមស៊ុយ(មេភូមិបច្ចុប្បន្ន) ហ្នឹងគាត់អ្នកបញ្ជាឱ្យប្រជាពលរដ្ឋមួយគ្រួសារ បាន7ម៉ែត្រហ្នឹង»

ចំំណែកមេឃុំ កោះថ្កូវ លោក បិន សុផាន បានបដិសេធមិនបកស្រាយរឿងនេះតាមរយៈទូរស័ព្ទជាមួយនឹងអ្នកសារព័ត៌មានវិទ្យុស្ត្រីឡើយ ដោយលោកមានប្រសាសន៍ថា៖

«អើអ៊ីចេះអូនឯងមកជួបខ្ញុំនៅសាលាឃុំមកបាន ខ្ញុំក្នុងបន្ទប់មក បានស្រួលខ្ញុំឆ្លើយបាទហ្នឹងហើយអ៊ីចឹងបានថាទាល់តែមកនេះ ចាំបើ បានមានឯកសារក្នុងការឆ្លើយតបទៅវិញ  អេព្រោះកិច្ចការនេះខ្ញុំមិនអាចឆ្លើយបានទេ  មិនអាចឆ្លើយបានទេ ទាល់តែមកៗបន្ទប់ខ្ញុំមក  មកបន្ទប់ខ្ញុំមក ខ្ញុំមេឃុំ នៅហ្នឹងហើយខ្ញុំ ចាំខ្ញុំឆ្លើយឱ្យហើយ ហើយខ្ញុំមានឯកសារជូនណា  បាទ»

លោកស្រី ទួន សេង អាយុ 57ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើដែរ បានប្រាប់វិទ្យុស្ត្រីថា ព្រោះតែទំនាស់ដីធ្លីនេះលោកស្រីក៏ធ្លាប់ទទួលរងពាក្យបណ្ដឹង និងជាប់ឃុំឃាំងក្នុងពន្ធនាគារ ទាំងអយុត្តិធម៌។ ក្រោយទទួលបានសារដីកាកោះហៅសាជាថ្មីនាល្ងាចថ្ងៃទី 5 ខែធ្នូឆ្នាំ 2023 ដែលបង្គាប់ឱ្យចូលឆ្លើយបំភ្លឺនៅថ្ងៃ07 ខែធ្នូ ឆ្នាំ2023នេះ។ លោកស្រីសុំអំពាវនាទៅដល់តុលាកាជួយចុះមកស៊ើបអង្កេតដល់ទីតាំងកើតហេតុផ្ទាល់ដើម្បីស្វែងរកការពិត និងផ្ដល់ភាពយុត្តិធម៌ដល់លោកស្រី។

« ចា៎ខ្ញុំ ខ្ញុំសុំសំណូមពរដល់តុលាការ  ដែលគេដាក់ពាក្យបណ្ដឹង សុំឱ្យគេចុះមកត្រួតពិនិត្យនៅកន្លែងខ្ញុំឱ្យបាន ចុះមកផ្ទាល់អ៊ីចឹង កុំចាំតែ ឮតែគេថាដាក់សំបុត្រទៅវាមិនសមទេលោកគ្រូ វាមួលប្រកាច់ខ្ញុំអ៊ីចឹង មិនត្រឹមត្រូវទេណា ចា៎ខ្ញុំ ខ្ញុំសុំ សំណូមពរដល់តុលាការទាំងអស់ រាជរដ្ឋាភិបាលទាំងអស់ចុះមកមើលកន្លែងទីតាំងដែលខ្ញុំកំណត់កត់ហេតុចុះមកមើលឱ្យច្បាស់។ កុំឮតែគេ ខាងម្ខាងគេទៅញុះ ថាអ៊ីចឹង វាមិនត្រឹមត្រូវ អញ្ចឹងមួលបង្កាច់តែម្ខាងៗ ងាប់ ដែលខ្ញុំជនរងគ្រោះខ្ញុំអត់បានធ្វើអាក្រក់ដូចដែលគាត់ថាមកទេ រឿងដីនេះខ្ញុំនៅតាំងពីឆ្នាំ 2001-2002មក កូនខ្ញុំធំ ខ្ញុំដាំដើមឈើមាន ឬស្សី មានអី បានប៉ុនៗណាណី សុំឱ្យគាត់មកមកមើល ឯកសាដែលគេដាក់មកប្តឹងខ្ញុំហ្នឹងសុំឱ្យគាត់ចុះមកមើលផ្ទាល់ កន្លែងខ្ញុំគ្រាន់តែ ខ្ញុំដុតសម្រាមក៏ជាប់គុកដែរ ខ្ញុំអត់មានបានធ្វើអីខុសទេ ខ្ញុំសុំតែប៉ុណ្ណឹងទេ»

លោកស្រី ទួន សេង

លោក សម ច័ន្ទគា អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្សសមាគម អាដហុក ប្រចាំខេត្តកំពង់ឆ្នាំងមានប្រសាសន៍ថា មេភូមិគ្រាន់តែជាសេនាធិការរបស់ឃុំក្នុងការរាយការណ៍នៅបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងតំបន់របស់គាត់។  ប្រ​សិនបើរកឃើញថាអាជ្ញាធរប្រើប្រាស់តួនាទីរបស់ខ្លួនទៅ បែងចែកដីធ្លី ឬ ក៏ញុះញង់ឱ្យមានការរើសអើង ជំរុញឱ្យមានការរំលោភបំពានទៅលើសិទ្ធិរបស់បុគ្គលផ្សេង ពលរដ្ឋមានសិទ្ធិនៅក្នុងការប្ដឹងមកលោកអភិបាលខេត្ត ដើម្បីអនុវត្តច្បាប់ទៅលើបុគ្គលដែលប្រើប្រាស់សិទ្ធិលើសពីតួនាទីរបស់ខ្លួន។

 «មេភូមិគ្រាន់តែជាជំនួយការរបស់ឃុំទេ អត់មានសិទ្ធិក្នុងការបែងចែកដី បែងចែកអីទេ គាត់មានសិទ្ធត្រឹមតែ ត្រួតពិនិត្យនិង រាយការណ៍អំពីស្ថានភាព សន្តិសុខសណ្ដាប់ធ្នាប់ និងជួយកិច្ចការឃុំទេបាទ។​ អ៊ីចឹងការដែលអាជ្ញាធរភូមិ ធ្វើការបែងចែកហ្នឹងគឺរំលោភហើយ រំលោភតួនទីរបស់ខ្លួនហើយ។ ម្យ៉ាងទៀតដីរដ្ឋ គឺមានតែគណៈកម្មការគ្រប់គ្រងដីរដ្ឋទេ ដែលមានអភិបាលខេត្ត ដែលជាប្រតិភូក្នុងការគ្រប់គ្រងដីរដ្ឋ ដែលមានសិទ្ធិក្នុងការអនុម័ត យកដីរដ្ឋកន្លែងណាមួយយកទៅធ្វើការបែងចែកដល់ ឬសម្បទានឱ្យទៅពលរដ្ឋណាម្នាក់ធ្វើជាកម្មសិទ្ធិ ។ អ៊ីចឹងដែលអាជ្ញាធរភូមិធ្វើនេះមានន័យថាបានរំលោភបំពាន និងភារៈកិច្ចរបស់ខ្លួនហើយបាទ។ ភាគីដែលមិនសុខចិត្ត លោកមានសិទ្ធិក្នុងការប្ដឹងទៅឯកឧត្តមអភិបាលខេត្តចំពោះការរំលោភតួនាទីរបស់មេភូមិដែលយកដីរដ្ឋទៅធ្វើការបែងចែកតាមចិត្តហ្នឹង និងទី 1 ។ ទី 2 ប្រសិនជារឿងហ្នឹង គាត់ញុះញង់ អាជ្ញាធរហ្នឹងគាត់ញុះញង់ ឱ្យគេទៅបំពានលើដីកម្មសិទ្ធិរបស់អ្នកណាម្នាក់ដែលបានកាន់កាប់យូរមកហើយ អាហ្នឹងភាគីជនរងគ្រោះគាត់មានសិទ្ធិប្ដឹងតែតុលាការដើម្បីឱ្យតុលាការស្វែងរកយុត្តិធម៌អំពីការញុះញង់នេះបាន»

លោក សម ច័ន្ទគា អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្សសមាគម អាដហុក ខេត្តកំពង់ឆ្នាំង

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី5 ខែធ្នូ ឆ្នាំ2023 ពលរដ្ឋ ពីរនាក់ឈ្មោះ ទួន សេង ភេទ ស្រី អាយុ57ឆ្នាំ និង ឈ្មោះ ប្រាក់ សុភុំ ភេទ ប្រុស អាយុ 60ឆ្នាំ ទទួលបានដីការកោះហៅដើម្បីសាកសួរ នៅតុលាកាសាលាដំបូងកំពង់ឆ្នាំង ពីបទរំលោភទំនុកចិត្ត និងរំលោភយកដី ប្រព្រឹត្តនៅភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង សំណុំរឿងព្រហ្មទណ្ឌលេខ 828 ចុះថ្ងៃទី7 ខែវិច្ឆិកា ឆ្នាំ2023 ។

ជុំវិញរឿងក្តីក្តាំនេះពួកគេ ស្នើឱ្យតុលាការចុះបើកការស៊ើបអង្កេតដល់ទីតាំងកន្លែងកើតហេតុដើម្បីស្វែងរកការពិត និងផ្ដល់យុត្តិធម៌មកដល់ពួកគេវិញ៕

អត្ថបទ៖អ៊ុក ដែន

Share

ព័ត៌មានទាក់ទង

Image