ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងបានស្នើឱ្យតុលាការខេត្តនេះជួយរកយុត្តិធម៌ឱ្យខ្លួន ក្រោយពេលមន្ដ្រីរក្សាទុកសម្ភារដកហូតរក្សាទុកជាង១ឆ្នាំ តែពេលប្រគល់ឱ្យវិញ មិនមែនជារបស់ខ្លួនដែលយកទៅ។ ប្រជាពលរដ្ឋស្នើបែបនេះ ក្រោយទាមទារជាច្រើនលើក តែគ្មានលទ្ធភាពអាចទទួលយកបាន ទោះបីមានការអន្តរាគមន៍ពីក្រសួងយុត្តិធម៌។ លោក អ៊ុក ដែន ជូននូវសេចក្ដីរាយការណ៍៖
អ្នកស្រី អ៊ុំ សុភី អាយុ 44 ឆ្នាំរស់នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាជនរងគ្រោះដែលត្រូវបានសមត្ថកិច្ច ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ចុះឃាត់ខ្លួន កាលពីថ្ងៃទី 29 ខែមករា ឆ្នាំ 2022 ខណៈលោកស្រីចុះទៅថត កន្លែងកើតហេតុត្រង់ផ្ទះពលរដ្ឋមួយកន្លែង ដែលត្រូវបានអ្នករួមភូមិជាមួយប្តឹងចោទពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ នៅថ្ងៃនោះដែរ សមត្ថកិច្ចនគរបាលស្រុកជលគីរីបានចុះឃាត់ខ្លួនមនុស្សចំនួន 3 នាក់ មានឈ្មោះថា ស្ងួន ញឿន ភេទប្រុស ឈ្មោះ ទួន សេង ភេទស្រី ជាម្ចាស់ផ្ទះ និងឈ្មោះ អ៊ុំ សុភី ភេទស្រី ព្រមទាំងដកហូតវត្ថុតាងមានទូរស័ព្ទដៃ 3គ្រឿង និងម៉ូតូ 1គ្រឿង។
ក្រោយធ្វើការជំនុំជំរះ តុលាការខេត្តកំពងឆ្នាំងបានទម្លាក់បទចោទ និងសម្រេចដលែងជនគ្មានទោសឈ្មោះ ស្ងួន ញឿន និង អ៊ុំ សុភី ហើយត្រូវប្រគល់វត្ថុដែលចាប់យកបាន ឱ្យដល់ម្ចាស់ដើមវិញ។ កាលថ្ងៃទី 20 ខែសីហាឆ្នាំ 2023 មន្ត្រីគ្រប់គ្រងឃ្លាំងសាលាដំបូងខេត្តកំពង់ឆ្នាំង បានបើកថង់ដាក់វត្ថុចាប់យកដើម្បីផ្ដល់ជូនម្ចាស់ដើមវិញទាំងអស់ លើកលែងតែទូរស័ព្ទមួយគ្រឿង ដែលជារបស់អ្នកស្រី អ៊ុំ សុភី មិនមែនជារបស់ម្ចាស់ដើម ជាហេតុធ្វើឱ្យអ្នកស្រីតវ៉ាមិនព្រមទទួលយក ព្រោះថាមិនមែនជារបស់ខ្លួន។
ស្ដ្រីវ័យ៤៤ឆ្នាំ ដែលអះអាងថាខ្លួនជាជនរងគ្រោះ បានប្រាប់វិទ្យុស្រ្តីថា ទូរសព្ទរបស់អ្នកស្រីម៉ាក SAMSUNG GALAXY A32 ដែលមានCAMERA3ពណ៌ខៀវ តែទូរសព្ទដែលមន្ដ្រីប្រគល់ឱ្យគឺ ទូរស័ព្ទ SAMSUNG GALAXY A20 CAMERA 1 ពណ៌ខ្មៅទៅវិញ។ នៅពេលដែលអ្នកស្រីប្រកែក មិនព្រមយក មន្ត្រីកាន់ឃ្លាំងបែជាបង្ខំឱ្យយក ដោយលោកថា បើមិនយកលោកក៏គ្មានរបស់ផ្សេងឯណាឱ្យដែរ ព្រោះលោកទទួលវត្ថុតាងនេះពីគេមកដែរ គឺឃើញមានតែប៉ុណ្ណឹង។ ការទាមទារមួយលើកជាពីរលើកនៅតែគ្មានលទ្ធផល។ លុះដល់ថ្ងៃទី 30 ខែ សីហា ឆ្នាំ2023 លោកស្រីបានដាក់លិខិតស្នើសុំ កិច្ចអន្តរាគមន៍ពីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ រហូតដល់ថ្ងៃទី7 ខែ វិច្ឆិកា ឆ្នាំ 2023 ក្រសួងយុត្តិធម៌ បានចេញលិខិតមួយចុះលេខ២១៥៧ កយវជ/២៣ ឱ្យព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងអន្តរាគមន៍ សំណុំរឿងព្រហ្មទណ្ឌ របស់ឈ្មោះ អ៊ុំ សុភី ។ យ៉ាងណារហូតមកដល់ពេលនេះ គឺមិនទាន់មានការជូនដំណឹងពីតុលាការខេត្តកំពុងឆ្នាំងនៅឡើយទេ។
«ចាស! សម្រាប់ខ្ញុំ ខ្ញុំសុំអំពាវនាវដល់លោកតុលាការខេត្តកំពង់ឆ្នាំងសូមមេត្តាលោកស្រាវជ្រាវឱ្យឃើញរបស់ខ្ញុំផង។ ព្រោះខ្ញុំអត់បានធ្វើអីខុសទេ។ ហើយរបស់ខ្ញុំ ដែលចាប់វត្ថុតាងខ្ញុំទៅហ្នឹងគឺ ទូរសព្ទខ្ញុំអត់មានពាក់ព័ន្ធអីទេ។ សុំអំពាវនាវឱ្យលោកមានភាពយុត្តិធម៌ដល់ជនក្រីក្រស្លូតត្រង់ របស់ដែលទៅចាប់គេប៉ុន្មាន យករបស់គេប៉ុន្មានរក្សាទុកឱ្យរបស់គេប៉ុណ្ណឹងទៅ »។
អាយុ 45 ឆ្នាំរស់នៅកន្លែងកើតហេតុខាងលើ បានប្រាប់អ្នកសារព័ត៌មានវិទ្យុស្ត្រីថា លោកស្រីក៏ជាមនុស្សម្នាក់ដែលបានទៅចូលរួមជួយគាំទ្រលោកស្រី អ៊ុំ សុភី នៅពេលដែលទៅដាក់ញតិសុំកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ដែរ ។ លោកស្រីថា លោកស្រី អ៊ុំ សុភី គឺជាមនុស្សល្អ និងធ្លាប់ជួយយកអាសារពលរដ្ឋនៅក្នុងភូមិ និងសហគមន៍។
មួយវិញទៀតចំពោះរឿងទូរសព្ទរបស់លោកស្រី អ៊ុំ សុភី លោកស្រីយល់ថាវាជារឿអយុត្តិធម៌ណាស់ដែលអ្នកស្រី អ៊ុំ សុភី ត្រូវបានគេចោទប្រកាន់ដោយបំពាន ដោយមានការចាប់ខ្លួននិងដករហូតយកសម្ភារ។ នៅពេលដែលតុលាការជំនុំជម្រះ និងទម្លាក់ចោលបទចោទប្រកាន់ចំពោះអ្នកស្រីហើយ តែទ្រព្យសម្បត្តិរបស់អ្នកស្រីដែលត្រូវបានដកហូត បែរជាប្រគល់នូវរបស់ក្លែងបន្លំដោយអយុត្តិធម៌ ហើយក៏មិនទាន់ទទួលបានដំណោះស្រាយដែរ។
«ខ្ញុំតូចចិត្តដែរពូ ព្រោះអីអត់មានយុត្តិធម៌សម្រាប់ប្រជាជនពួកខ្ញុំទេ។ ខ្ញុំទៅដល់កន្លែងណា នៅតែប៉ុណ្ណឹងអត់មានថាទៅដល់ហើយរកឱ្យអី បើថាម៉ូតូវិញទម្រាំទៅតែប្រគល់ឱ្យវិញ ទៅដឹងប៉ុន្មានសារ ហើយទៅម្ដងជួលគេតុកតុកម្ដង 10 ម៉ឺនម្ដង 10 ម៉ឺន អញ្ចឹងវាអត់មានយុត្តិធម៌សម្រាប់ពួកខ្ញុំ។ ទៅយកទាំងម៉ូតូទាំងអីបានអស់ហើយម៉ូតូនៅតែទូរស័ព្ទហ្នឹងវាខុសម៉ាកបើសិនជាប្រើកើតក៏អត់ យកតែប្តឹងផ្ដល់អីវិញទេ ប៉ុន្តែវាប្រើអត់កើត»។
ជាមួយគ្នានេះ លោកស្រី កែវ សុខា អាយុ 53 ឆ្នាំ រស់នៅទីតាំងខាងលើដដែល បារៀបរាប់ប្រាប់អ្នកសារព័ត៌មានវិទ្យុស្ត្រីថា រឿងដែលគេចាប់ខ្លួន និងដកហូតទូរស័ព្ទរបស់អ្នកស្រី អ៊ុំ សុភី គឺដោយសារតែគាត់បានទៅជួយថតប្រជាសហគមន៍ដែលមានបញ្ហា និងត្រូវបានគេចោទថា ដុតឆេះចំបើងរបស់គេបីគោយន្ត។ ប៉ុន្តែការពិតម្ចាស់ផ្ទះគាត់បានប្រមូលសម្រាមដុតដូចជា ស្លឹកស្វាយ ស្លឹកឬស្សីប៉ុណ្ណោះ ហើយម្ចាស់ផ្ទះបានងើបដុតតាំងពីម៉ោង 4:00 លុះដល់ម៉ោង 8:00 ជាងទើបអ្នកស្រី អ៊ុំ សុភី ធ្វើដំណើរពីភូមិឡពាង សំដៅទៅតំបន់ទួលវែង ក្នុងភូមិតាម៉ុលលើ ទម្រាំដល់ប្រហែលម៉ោង 9:00 ព្រឹក ភ្លើងរលត់អស់ហើយនៅសល់ហុយៗផ្សែងអាចម៍គោ។ ស្រាប់តែសមត្ថកិច្ចបានឃាត់ខ្លួនលោកស្រី និងចោទប្រកាន់ទាំងអយុត្តិធម៌ ថាជាអ្នកសមគំនិត និងបទញុះញង់ឱ្យបង្កបទឧក្រិដ្ឋបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនាទៅវិញ។
«ទៅ ហ្នឹងឱ្យទៅជួយហ្នឹង ដើម្បីជួយថតរូបអី ថាគេចោទថាយើងដុតរោងដុតអី គេដុតប៉ុន្តែគាត់ហ្នឹងទៅម៉ោង 8:00 ដល់៩ៈ00ពីឡពាងយើងទៅទម្រាំដល់ ។ គាត់ថាហៅគាត់ទៅហ្នឹងហៅថាចរចានៅស្រុកជល់គីរី អស់មិនមែនស្រុកជល់គីរីទេគេនៅតែឃុំទេ។ដល់អានេះមិនទៅត្រឹមឃុំទេ ណោះទៅដល់ស្រុកជលគីរី កន្លែងនោះគេចាប់ដាក់ ចាប់គាត់ហ្នឹង ដាក់ឃុំមួយយប់ ហ្នឹងអត់បាយក្រហាយទឹក ហើយឱ្យគ្នាដោះអាវ នៅតែអាវទ្រនាប់ ប្រុសៗវិញនៅតែលីអូ ខ្ញុំហើយអាណិត»។
លោក សម ច័ន្ទគា អ្នកសម្របសម្រួលសមាគមអាដហុកខេត្តកំពង់ឆ្នាំង បានលើកឡើងថា ក្រសួងយុត្តិធម៌លោកគួរតែបានការស៊ើបអង្កេតរកមុខអ្នកដែលធ្វើឱ្យអាប់ឱនកិត្តិយស ដល់ស្ថាប័នរដ្ឋ ស្ថាប័នតុលាការ ។
អ្នកដែលលួចក្លែង ឬលួចដូរវត្ថុ ចាប់យកនេះ ត្រូវតែនាំយកមកផ្ដន្ទាទោស។ បើកាលណាទុកនៅដូចច្នេះ គឺវាធ្វើខូចកិត្តិយសមន្ត្រីរាជការ ខូចកិត្តិយសស្ថាប័នច្បាប់ស្ថាប័នជាតិហើយ។
«ជាចំណុចមួយដែលយើងក៏សោកស្ដាយណាស់កន្លងមកយើងបាន យើងគ្រាន់តែឮតាមព័ត៌មានទេ មិនដែលជួបជនរងគ្រោះណាដែលហ៊ានតតាំងទេកន្លងមក កន្លងមកគឺវត្ថុចាប់យកឬវត្ថុតាងអីដែលយកទៅដាក់នៅតុលាការឬមួយដាក់នៅកន្លែងប៉ូលីសហ្នឹងតែងតែបាត់នេះបាត់នោះ។ ដូចជាឡាន ម៉ូតូអី បាត់គ្រឿងបាត់អី។ អាហ្នឹងហើយធ្វើបែបនេះគឺអត់សាកសមជាមន្ត្រីរាជការនៅក្នុងសង្គមដែលមានច្បាប់ទេ។ អុីចឹងហើយក្រសួងយុត្តិធម៌សហការវាជាមួយក្រសួងមហាផ្ទៃគួរបើកអង្កេតការណ៍រឿងហ្នឹង ដើម្បីរារាំងឱ្យមានភាពស្អាតស្អំ និងការគោរពដល់ស្ថាប័នជាតិ ជាពិសេសដល់មន្ត្រីមួយចំនួនដែលគ្នាស្អាតស្អំ ដែលគ្នាសុច្ចរិតនោះឱ្យរក្សាបានកិត្តិយសផងបាទ»។
អ្នកស្រី អ៊ុំ សុភី អំពាវនាវឱ្យតុលាការខេត្តកំពង់ឆ្នាំងផ្តល់ភាពយុត្តិធម៌ដល់ជនក្រីក្រស្លូតត្រង់ ព្រោះពលរដ្ឋនៅក្នុងប្រទេសកម្ពុជាអ្នកដែលទទួលរងនៅភាពអយុត្តិធម៌ច្រើនណាស់មិនមែនសម្រាប់តែអ្នកស្រីម្នាក់ឯងទេ ភាគច្រើនតែងតែឮថារបស់ដែលយកទៅហើយមិនដែលបានបានមកវិញទេ ទម្រាំតែបានមកវិញម្ដងៗវេទនាណាស់ជាក់ស្ដែងដូចរូបអ្នកស្រីផ្ទាល់ ទម្រាំតែបានរបស់ហ្នឹងពីរឆ្នាំគត់។ ឡើងចុះឡើងចុះខាតទាំងពេលវេលា និងថវិកា។ លើសពីនេះអ្នកស្រី ក៏សូមអំពាវនាវទៅក្រសួងយុត្តិធម៌ជួយអន្តរាគមន៍បន្ថែមឱ្យតុលាការ និងរកទូរស័ព្ទ និងប្រគល់ឱ្យអ្នកស្រីវិញ៕
អត្ថបទ៖អ៊ុក ដែន