ក្រសួងសុខាភិបាលពិនិត្យឃើញថាមានឱសថចំនួន ០៧មុខ ឈ្មោះ១. Vaxigrip Tetra ២. Aprovel 150mg ៣. Aprovel 300mg ៤. Plavix® 75mg ៥. Lipitor 10mg ៦. Lipitor 20mg ៧. Norvasc 5mg គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល កំពុងចរាចរលើទីផ្សារកម្ពុជា ដែលមានលក្ខណៈ ស្រដៀងនឹងឱសថដែលកំពុងចែកចាយដោយក្រុមហ៊ុន Zuellig Pharma Ltd ដូចមានរូបភាពភ្ជាប់មក ជាមួយ។នេះបើយោងតាមសេចក្ដីជូនព័ត៌មានក្រសួងសុខាភិបាល កាលពីថ្ងែទី ៦ ខែធ្នូ ឆ្នាំ២០២៣ ។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង ឱសថតម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ដូច្នេះក្រសួងសុខាភិបាល បានណែនាំប្រជាពលរដ្ឋមុននឹងទិញ ឱសថគ្រប់ប្រភេទ ត្រូវពិនិត្យមើល លតាបត្របញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយ លតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក។ ទី១-ផ្នែកខាងលើមានឈ្មោះក្រុមហ៊ុន និងទី២-ផ្នែកខាងក្រោមមានលេខបញ្ជិកាដូចមានគំរូ ភ្ជាប់មកជាមួយ។
ក្រសួងបានបន្តទៀតថា បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ ឱសថដែលគ្មានលេខបញ្ជិកាខាងលើ ជាបន្តទៀត ព្រោះឱសថនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់ អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង៕
អត្ថបទ៖សួ សុវណ្ណិកា
រូបភាព៖គេហៈទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា