ក្រុមមន្ត្រីរុករកជនរងគ្រោះបានឱ្យដឹងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣នេះថា ដំណើរការរុករកជនរងគ្រោះនៅក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើងលើភ្នំ Marapi នឹងត្រូវបិទបញ្ចប់នៅថ្ងៃនេះ។ ក្រុមមន្រ្តីបញ្ជាក់ថា អ្នកស្លាប់បានកើនដល់ ២៣នាក់និងអ្នករងរបួសជាច្រើននាក់ក្នុងរយៈពេលបីថ្ងៃ បន្ទាប់ពីកើតមានគ្រោះមហន្តរាយ។ នេះបើយោងតាមសារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។
លោក Abdul Muhari អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិរបស់ឥណ្ឌូនេស៊ី បាននិយាយថា បន្ទាប់ពីការវាយតម្លៃលទ្ធផលនៃការស្វែងរកនិងជួយសង្គ្រោះ អាជ្ញាធរបានបញ្ចប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះអ្នកឡើងភ្នំ Marapi ខណៈដែលជនរងគ្រោះទាំងអស់ត្រូវបានរកឃើញនៅល្ងាចថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។
លោកឱ្យដឹងទៀតថា សាកសពទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីល្ងាចថ្ងៃពុធដដែល ដើម្បីកំណត់អត្តសញ្ញាណរាយការណ៍បន្តទៅកាន់ក្រុមគ្រួសារ។ ទន្ទឹមគ្នានេះ លោកគូសបង្ហាញថា អ្នកឡើងភ្នំប្រហែល ៥២នាក់ត្រូវបានជួយសង្គ្រោះ ក្រោមកើតហេតុការណ៍ផ្ទុះភ្នំភ្លើងដំបូងកាលពីថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣ ដែលក្នុងនោះមនុស្សប្រហែល ១០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយសារតែមានរបួសធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា អ្នកឡើងភ្នំសរុបប្រហែល ៧៥នាក់បានចាប់ផ្តើមឡើងលើភ្នំ Marapi ដែលមានរយៈពេលកម្ពស់ជិត ២,៩០០ម៉ែត្រក្នុងស្រុក Agam នៃខេត្ត West Sumatra ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣។ ហេតុការណ៍ផ្ទុះភ្នំភ្លើងនេះទៀតសោត ចាប់ផ្តើមបញ្ចេញកម្អែភ្នំភ្លើងនៅថ្ងៃបន្ទាប់ គឺនៅថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣ ដែលធ្វើឱ្យអ្នកឡើងភ្នំទាំងនេះមានការភ្ញាក់ផ្អើល។
សូមជម្រាបថា ភ្នំភ្លើង Marapi នេះ ស្ថិតក្នុងកម្រិតប្រកាសអាសន្នខ្ពស់បំផុតទីពីររបស់ឥណ្ឌូនេស៊ីចាប់តាំងពីឆ្នាំ២០១១ ដែលបង្ហាញពីភាពសកម្មនៃបន្ទុះភ្នំភ្លើងលើសពីធម្មតា។ អ្នកឡើងភ្នំនិងអ្នកភូមិត្រូវស្ថិតនៅរក្សាចម្ងាយឆ្ងាយពីកំពូលភ្នំជាង ៣គីឡូម៉ែត្រ។ នេះបើយោងតាមមជ្ឈមណ្ឌល Volcanology and Geological Disaster Mitigation របស់ប្រទេសឥណ្ឌូនេស៊ី៕
ប្រភព៖ AP ចុះថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣