en     km
en     km

កម្ពុជាបន្តលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងប្រទេស

Share

នាព្រឹកថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគ​ណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានជួបសំណេះសំណាលជាមួយលោក វីទីត មុនតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ នៅក្នុងជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិសេសបង្កើតស្ថាប័នសិទ្ធិមនុស្សសម្រាប់ប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

លោក កែវ រ៉េមី បានលើកឡើងថា ប្រទេសកម្ពុជាបន្តបេជ្ញាថែរក្សាសុខសន្តិភាពនៅក្នុងមាតុប្រទេស ដ្បិតនេះជាមូលដ្ឋានគ្រឹះក្នុងការធានាថាប្រទេសជាតិផ្តល់សិទ្ធិសេរីគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិសម្រាប់កម្ពុជា បានចូលរួមសហការជាមួយនឹងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលបានបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ រួចជាស្រេចហើយ។

ទន្ទឹមគ្នានេះ លោកអះអាងថា កម្ពុជាមិនបានរឹតត្បិត ឬដាក់ទោសចំពោះអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសឡើយ ពិសេសសម្តេច ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍លើកទឹកចិត្តកុំឱ្យមានការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។

លោកបន្តទៀតថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់អាណត្តិទី៧នេះ កម្ពុជានឹងបន្តលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តាមរយៈអាទិភាពចំនួន ៦ចំណុចក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ ក្នុងនោះមានដូចជា៖ ទី១. ពង្រឹកសេវាថៃទាំសុខភាំពគ្របដណ្តប់សុខភាពជាសកលនៅពេលមានជំងឺ ទី២. យុវជននិងជនងាយរងគ្រោះដែលរស់នៅក្នុងគ្រួសារក្រីក្រ នឹងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញ ទី៣. ប្រជាពលរដ្ឋក្រីក្រនិងជនងាយរងគ្រោះនឹងទទួលបានកម្មវិធីជំនួយមនុស្សធម៌ ទី៤. អ្នកប្រកបរបរក្រៅប្រព័ន្ធនឹងទទួលបានការយកចិត្តទុកដាក់ ទី៥. ប្រជាកសិករនឹងទទួលបាននូវការគាំពារតាមយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន ការផ្តល់ប្រាក់កម្ចី និងទី៦. រាជរដ្ឋាភិបាលនឹងបញ្ជូនមន្រ្តីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំ-សង្កាត់៕

 

Share

Image
Image
Image