មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យស្ត្រីនៅក្នុងប្រទេសកូរ៉េខាងជើង រួមគ្នាបង្កកំណើតបន្ថែមទៀត ដើម្បីបញ្ឈប់អត្រាធ្លាក់ចុះនៃកំណើតប្រជាជននៅក្នុងប្រទេស។ លោកអះអាងថា ស្រ្តីមានកាតព្វកិច្ចបង្កកំណើត និងបង្កើតនូវធនធានសម្រាប់ប្រទេសកូរ៉េខាងជើង។ នេះបើយោងប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានចុះផ្សាយកាលពីថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣។
ការអំពាវនាវនេះ ធ្វើឡើងនៅអំឡុងពេលកិច្ចប្រជុំមាតាជាតិរបស់ប្រទេស ដែលខកខានធ្វើអស់រយៈពេល ១១ឆ្នាំមកហើយ។ កិច្ចប្រជុំនេះមានបំណងផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ក្រុមគ្រួសារដែលមិនមានកូន ឬមានកូនក្នុងចំនួនតិច។ ជាងនេះទៀត លោក គីម ជុងអ៊ុន យល់ថា កត្តាចំនួនប្រជាជនអាចជួយប្រទេសជាតិឱ្យឈានទៅរកការអភិវឌ្ឍ ខណៈប្រទេសជាតិពឹងផ្អែកលើកម្លាំងពលកម្មដែលបានកៀរគរ ដើម្បីជួយវិបត្តិសេដ្ឋកិច្ច។
យោងតាមរបាយការណ៍របស់វិទ្យាស្ថានបានបង្ហាញថា ប្រទេសកូរ៉េខាងជើងកំពុងខ្វះខាតធនធានមនុស្ស និងការរីកចំរើនផ្នែកបច្ចេកវិទ្យា ដែលអាចប្រឈមទៅរកការពិបាកស្តារស្ថានភាពឱ្យប្រសើរឡើងវិញ និងអភិវឌ្ឍន៍ឧស្សាហកម្មផលិតកម្ម ប្រសិនបើកម្លាំងពលកម្មមិនគ្រប់គ្រាន់តាមតម្រូវការជាក់ស្តែង។ ជាមួយគ្នានេះ ប្រទេសកូរ៉េខាងជើងជាប្រទេសក្រីក្របំផុតមួយនៅក្នុងពិភពលោក ដែលការផ្លាស់ប្តូររចនាសម្ព័ន្ធប្រជាសាស្រ្តនេះអាចកែប្រែស្ថានភាពប្រទេសជាតិ។
នៅក្នុងឆ្នាំ២០២៣នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានបង្ហាញថា ប្រទេសនេះបានណែនាំពីអត្ថប្រយោជន៍សម្រាប់គ្រួសារដែលមានកូនចាប់ពី ៣នាក់ឡើងទៅ រួមទាំងការរៀបចំលំនៅដ្ឋានដោយឥតគិតថ្លៃ អាហារ ថ្នាំពេទ្យ ទំនិញប្រើប្រាស់ជាប្រចាំថ្ងៃ និងការអប់រំសម្រាប់កុមារ ដែលជាការឧបត្ថម្ភពីរដ្ឋកូរ៉េខាងជើង។
ទីភ្នាក់ងារមន្រ្តីធ្វើលើចំនួនស្ថិតិប្រជាជនរបស់ប្រទេសកូរ៉េខាងត្បូងប៉ាន់ប្រមាណថា ប្រទេសកូរ៉េខាងជើងមានប្រជាជនសរុបចំនួន ២៥.៧លាននាក់។ ចំនួនប្រជាជននៅក្នុងប្រទេសកូរ៉េខាងជើង នឹងមានការថយចុះ រាប់ចាប់ពីឆ្នាំ២០៣៤ ក្នុងនោះនៅឆ្នាំ២០៧០ ប្រជាជនសរុបរបស់កូរ៉េខាងជើងនឹងថយចុះសល់ត្រឹមចំនួន ២៣.៧លាននាក់។ នេះបើយោងតាមការរំពឹងទុកនៃរបាយការណ៍របស់វិទ្យាស្ថាន Hyundai៕
ប្រភព៖ AP ចុះថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣