en     km
en     km

រកឃើញសាកសពអ្នកឡើងភ្នំ១១នាក់ បន្ទាប់ពីផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី

Share

បន្ទាប់ពីភ្នំភ្លើងផ្ទុះឡើងជាកំរោលនៅលើកំពូលភ្នំក្នុងប្រទេសឥណ្ឌូនេស៊ី មន្រ្តីជំនាញរកឃើញសាកសពអ្នកឡើងភ្នំចំនួន ១១នាក់ និងយ៉ាងហោចណាស់មនុស្ស ១២នាក់ផ្សេងទៀតបានបាត់ខ្លួន។

(កញ្ញា ងិន ស៊ាងលីម រាយការណ៍)

នៅថ្ងៃច័ន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ សាកសពអ្នកឡើងភ្នំចំនួន ១១នាក់បានរកឃើញ បន្ទាប់ពីបន្ទុះភ្នំភ្លើង Marapi នៅកោះស៊ូម៉ាត្រាភាគខាងលិចបានផ្ទុះឡើងយ៉ាងគំហុក។ ខណៈអ្នកជួយសង្រ្គោះរាយការណ៍ថា ពួកគេកំពុងតែស្វែងរកអ្នកដែលបាត់ខ្លួនចំនួន ១២នាក់ផ្សេងទៀត។ ក៏ប៉ុន្តែ ពួកគេត្រូវផ្អាកដំណើររុករកជាបណ្តោះអាសន្នសិន ដោយសារតែកត្តាសុវត្ថិភាពនៅអំឡុងពេលរងើកភ្លើងមិនទាន់រលត់ទាំងស្រុង។ នេះបើយោងតាមសារព័ត៌មាន Bangkok Post។

ខ្សែវីដេអូបានបង្ហាញពីផ្សែងខ្មៅអួរអាប់នៅលើកំពូលភ្នំភ្លើងដែលលាតសន្ធឹងនៅលើផ្ទៃមេឃ ក្នុងនោះរថយន្តនិងផ្លូវគ្របដណ្ដប់ទៅដោយផ្សែងផេះនៃបន្ទុះភ្នំភ្លើង។     លោក Jodi Haryawan អ្នកនាំពាក្យក្រុមរុករក និងជួយសង្គ្រោះបាននិយាយថា នៅថ្ងៃចន្ទ ទី៤​ ខែធ្នូ ឆ្នាំ២០២៣ ក្រុមមន្រ្តីជំនាញបានរកឃើញអ្នកនៅរស់រានមានជីវិតចំនួន ៣នាក់ និងសាកសពអ្នកឡើងភ្នំទាំង១១នាក់។

ក្នុងចំណោមនោះ មនុស្សចំនួន ៧៥នាក់ស្ថិតនៅក្នុងព្រឹត្តិការណ៍នៃការផ្ទុះនេះ។ ឯអ្នកឡើងភ្នំចំនួន ៤៩នាក់ទៀតបានជម្លៀសចេញពីតំបន់នេះ កាលពីព្រឹកថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ ខណៈមនុស្សជាច្រើនកំពុងសម្រាកព្យាបាលរបួស។

គួរបញ្ជាក់ថា ភ្នំភ្លើង Marapi នេះ មានកម្ពស់ ២.៨៩១ម៉ែត្រ​ និងបានផ្ទុះអណ្តាតភ្លើងឡើងក្នុងកម្ពស់ ៣គីឡូម៉ែត្រ។ ភ្លាមៗនោះ អាជ្ញាធរឥណ្ឌូនេស៊ីបានប្រកាសអាសន្នក្នុងកម្រិតទីពីរខ្ពស់បំផុត និងដាក់បំរាមមិនឱ្យអ្នកស្រុកទៅជិតមាត់រណ្ដៅ និងរក្សាគម្លាតឱ្យឆ្ងាយក្នុងរយៈពេលចម្ងាយ ៣គីឡូម៉ែត្រ។

លោក Jodiban បញ្ជាក់ទៀតថា បន្ទាប់ពីភ្នំភ្លើងផ្ទុះឡើងកាលនៅថ្ងៃអាទិត្យ ទី៣​ ខែធ្នូ ឆ្នាំ២០២៣ ក៏មានការផ្ទុះតូចមួយទៀតនៅថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ បានផ្ទុះឡើងមួយករណីបន្ថែមទៀតផងដែរ។ ហេតុការនេះ បានរាំងស្ទះដំណើរការរុករកជនរងគ្រោះជាខ្លាំង ដែលត្រូវឱ្យក្រុមអ្នករុករកផ្អាកដំណើរការជាបណ្តោះអាសន្នសិន រងចាំស្ថានការណ៍ល្អប្រសើរជាងមុនទើបពួកគេអាចបន្តប្រតិបត្តិការរបស់ពួកគេបាន។

សូមរំលឹកថា ភ្នំភ្លើង Marapi គឺជាភ្នំភ្លើងងាយផ្ទុះបំផុតមួយនៅលើកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូនេស៊ី ហើយការផ្ទុះដ៏សាហាវបំផុតបានកើតឡើងកាលពីខែមេសា ឆ្នាំ១៩៧៩ ដែលបណ្តាលឱ្យមនុស្សចំនួន ៦០នាក់បានស្លាប់។ ចំណែកឆ្នាំ២០២៣ ភ្នំភ្លើងនេះបានផ្ទុះឡើងនៅចន្លោះខែមករានិងខែកុម្ភៈ ហើយបានបញ្ចេញផ្សែងផេះប្រហែល ៧៥ម៉ែត្រទៅ ១.០០០ម៉ែត្រពីលើកំពូលភ្នំ។ ឥណ្ឌូនេស៊ីជាប្រទេសដែលស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក ដែលគេហៅថា ភ្នំភ្លើងសកម្ម ឬ«Ring of Fire» ដែលមានភ្នំភ្លើងចំនួន១២៧ភ្នំ៕

ប្រភព៖ Bangkok post ចុះនៅថ្ងៃច័ន្ទ ទី៤​ ខែធ្នូ ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image