រដ្ឋាភិបាលថៃបានត្រៀមខ្លួនជាស្រេចក្នុងការសាងសង់ជម្រកនៅតាមបណ្តោយព្រំដែន សម្រាប់ជនភៀសខ្លួនដែលដែលឆ្លងដែនមកពីប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមសម្រង់សម្តីរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេសថៃកាលពីថ្ងៃអាទិត្យ ទី០៣ ខែធ្នូ ឆ្នាំ២០២៣។
(កញ្ញា សៃ ចន្ធី រាយការណ៍)
យោងតាមលោក Parnpree Bahiddha-Nukara រដ្ឋមន្ត្រីក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃអាទិត្យ ទី០៣ ខែធ្នូ ឆ្នាំ២០២៣ថា រដ្ឋាភិបាលថៃកំពុងតាមដានស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងត្រៀមអនុញ្ញាតទទួលនិងផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសខ្លួនដែលស្វែងរកទីកន្លែងជ្រកកោននៅក្នុងប្រទេសថៃ។ ជាងនេះ លោកអំពាវនាវឱ្យគ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ ជួយគ្នាបញ្ឈប់ការប្រយុទ្ធតទល់គ្នានៅមីយ៉ាន់ម៉ា ខណៈចាប់ផ្តើមបើកការចរចាគ្នាឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមសារព័ត៌មាន Bangkok Post។
ទន្ទឹមគ្នានេះ លោក Parnpree បានបន្ថែមថា លោកមិនទាន់បានទទួលរបាយការណ៍ណាមួយដែលទាក់ទងនឹងស្ថានភាពជាក់លាក់ដែលកំពុងកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ។ យ៉ាងណាមិញ នៅក្រោមស្ថានភាពបច្ចុប្បន្ន លំហូរនៃជនភៀសខ្លួនដែលឆ្លងមកប្រទេសថៃគឺមិនទាន់មាននៅឡើយទេ។ ក៏ប៉ុន្តែប្រសិនបើមានអំពើហឹង្សា ឬការប្រយុទ្ធគ្នានៅតែបន្តដាក់សម្ពាធនិងបង្កជាភាពវឹកវរដល់ប្រជាពលរដ្ឋកាន់តែខ្លាំងឡើង ប្រជាពលរដ្ឋអាចនឹងរត់ភៀសខ្លួនទៅគ្រប់ទិសទី ដែលក្នុងចំណោមគោលដៅទាំងអស់អាចមានប្រទេសថៃផងដែរ។
គួរបញ្ជាក់ផងដែរថា ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងកងទ័ពជនជាតិភាគតិចមីយ់ាន់ម៉ា ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង Myawadee ភាគអាគ្នេយ៍នៃប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០២៣ថា ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ានិងកងទ័ពជនជាតិភាគតិចមីយ់ាន់ម៉ា បានធ្វើឱ្យអ្នកជំនួញនិងរថយន្តដឹកទំនិញជាច្រើនបានជាប់គាំងនៅមួយកន្លែងក្បែរច្រកព្រំដែន។ ការប្រយុទ្ធគ្នារវាងក្រុមយោធារដ្ឋាភិបាលនិងក្រុមប្រឆាំងនេះមានមូលដ្ឋានទ័ពនៅចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីស្រុក Mae Sot ខេត្ត Tak ប្រទេសថៃ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសមីយ៉ាន់ម៉ា។
សូមជម្រាបថា ស្ថានភាពតានតឹងរវាងក្រុមទាំងពីរនៅក្នុងប្រទេសមីយ៉ាន់ម៉ានេះ គឺមិនទាន់ផ្តល់ផលប៉ះពាល់ដល់ប្រទេសថៃនៅឡើយទេ។ ប៉ុន្តែប្រសិនបើមានជនភៀសខ្លួនឆ្លងកាន់ព្រំដែន នោះជនភៀសខ្លួនទាំងនោះនឹងទទួលបានជំនួយមនុស្សធម៌ពីសំណាក់ប្រទេសថៃ។ នេះបើយោងតាមលោកឧត្តមសេនីយ៍ឯក លោក Prasarn Saengsirirak មេបញ្ជាការកងទ័ពជើងគោកទី៣ នៃប្រទេសថៃ។ លោកបានបញ្ជាក់ទៀតថា ទាហានដែលបានឈរយាមការពារទឹកដីថៃ និងទាហានរបបយោធាមីយ៉ាន់ម៉ាកំពុងកាន់អំណាច បានសហការគ្នាដើម្បីការពារការរំលោភបំពានលើ ប្រទេសថៃក្នុងរូបភាពណាមួយ៕
ប្រភព៖ Bangkok Posts ចុះថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០២៣