ក្រសួងវប្បធម៌ថៃបានប្រកាសជាផ្លូវការកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ថា ពិធីបុណ្យសង្រ្កាន្តដែលជាពិធីប្រារព្ធឡើងដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិថៃ នឹងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនាពេលខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣។
ការប្រកាសជាសកលនឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលរបស់អង្គការយូណេស្កូសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីក្នុងប្រទេសបុតស្វាណាដែលជាប្រទេសស្ថិតនៅអាហ្វ្រិកខាងត្បូងក្នុងថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។ ដើម្បីសាទរនូវការសម្រេចសមិទ្ធផលថ្មី លោក Kowit Pakamart អគ្គនាយកនៃនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ថៃបាននិយាយថា ក្រសួងនឹងរៀបចំពិធីអបអរសាទររយៈពេលមួយសប្តាហ៍នៅទីក្រុងបាងកកគិតចាប់ពីថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះតទៅ។
លោកបញ្ជាក់ថា ក្រសួងកំពុងរៀបចំប្រារព្ធពិធីបុណ្យនេះខុសពីរាល់ឆ្នាំ ពោលគឺជាធម្មតាធ្វើឡើងត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ។ ក៏ប៉ុន្តែសម្រាប់ឆ្នាំ២០២៤ ក្រសួងនឹងរៀបចំប្រារព្ធរយៈពេលមួយខែមេសាពេញតែម្តង។ មេដឹកនាំគណបក្សភឿថៃ អ្នកស្រី Paetongtarn Shinawatra និងជាប្រធានគណៈកម្មាធិការយុទ្ធសាស្រ្តថាមពលជាតិរបស់រដ្ឋាភិបាលបានប្រកាសផែនការគ្រោងនឹងរៀបចំពិធីសង្រ្កាន្តនេះខុសពីឆ្នាំមុនៗ កាលពីថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកស្រី។
ជាមួយគ្នានេះ អ្នកស្រីអះអាងថា នៅឆ្នាំក្រោយ ពិធីបុណ្យចូលឆ្នាំប្រពៃណីថៃឬហៅថាសង្រ្កាន្តនៅតែបន្តប្រារព្ធនៅថ្ងៃទី១៣-១៥ ខែមេសាដដែល ក៏ប៉ុន្តែអំឡុងពេលខែមេសាខាងមុខនេះនឹងមានរៀបចំល្បែងកម្សាន្តបែបវប្បធម៌ឬសកម្មភាពផ្សេងៗ។ អ្នកស្រីគូសបង្ហាញថា នេះជាផែនការមួយដែលអាចទាក់ទាញភ្ញៀវទេសចរបន្ទាប់ពីពិធីបុណ្យសង្ក្រាន្តត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក៕
ប្រភព៖ Bangkok Post ចុះថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣