en     km
en     km

ភាគីពាក់ព័ន្ធពិភាក្សាជំរុញឱ្យបញ្ជៀសការរំលោភបំពាននិងការបៀតបៀនលើយេនឌ័រនៅកន្លែងការងារ

Share

ការរំលោភបំពាននិងការបៀតបៀនលើយេនឌ័រនៅកន្លែងការងារនៅតែជាប្រធានបទដែលត្រូវបានលើកឡើងយកមកនិយាយនៅក្នុងសន្និសីទសារព័ត៌មាន ក្នុងកម្មវិធីយុទ្ធនាការ 16 ថ្ងៃស្ដីពីការរួមគ្នាបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រនិងការបៀតបៀននៅក្នុងពិភពការងារ។ សង្គមស៊ីវិលនិងសហជីព បានលើកឡើងពីបញ្ហានេះ ជាអាទិភាពនៅក្នុងពេល ប្រារព្ធពិធីសន្និសីទសារព័ត៌មាន នៅថ្ងៃទី 1 ខែធ្នូ ឆ្នាំ2023 ព្រមទាំងទទូចដល់រាជរដ្ឋាភិបាលជួយផ្តល់សច្ចាប័ណ្ណលើអនុសញ្ញា C190 របស់អង្គការពលកម្មអន្តរជាតិ (ILO) ។

លោក អ៊ុក ដែន រាយការណ៍៖

អ្នកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជា មានប្រសាសន៍ថាកន្លងមក ស្ត្រីដែលត្រូវបានរំលោភបំពានលើរាងកាយនៅកន្លែងការងារ គឺមិនទាន់ទទួលបានភាពយុត្តិធម៌ពេញលេញតាមច្បាប់ គឺដោយសារតែ តុលាការស្រុកខ្មែរភាគច្រើន គឺមិនបានផ្ដល់ភាពស្មើគ្នាចំពោះមុខច្បាប់ដល់អ្នករងគ្រោះ។ ជាក់ស្ដែងមានករណី កម្មការិនីរោងចក្រត្រូវបានមេការចិនបៀតបៀន រាងកាយនៅកន្លែងធ្វើការ ក្នុងខេត្តស្វាយរៀង។ ដែលដំណោះស្រាយទទួលបានត្រឹមការ សម្របសម្រួលឱ្យសំណងរដ្ឋប្បវេណី។ ក្នុងករណីជនរងគ្រោះមិនសុខចិត្តហើយប្ដឹងបន្ត តែ តុលាការក៏មិនបាន ធ្វើចំណាត់ការ លើពាក្យបណ្ដឹងរបស់ជនរងគ្រោះទេ រហូតមកដល់សព្វថ្ងៃនេះ។

«ចំពោះការបៀតបៀនយេនឌ័រនៅកន្លែងធ្វើការគឺយើងធ្លាប់មាន ធ្លាប់មានច្រើនមិនមែនអត់ទេ ហើយក៏យើងធ្លាប់ធ្វើការដោះស្រាយដែរ ។ ខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងនៅរោងចក្រមួយ នៅខេត្តស្វាយរៀង មេការចិនគឺគាត់បានបៀតបៀនទៅលើអ្នកដែលធ្វើការកម្មករហ្នឹងចំនួន 2 រូប នៅកន្លែងធ្វើការ។ គាត់បៀតបៀនហ្នឹងគឺមែនបៀតបៀនគ្រាន់តែទៅប៉ះ ទៅអីទេ គឺគាត់ទៅឱបៗហើយថើបគេ ។ ហើយអញ្ចឹងកម្មករនោះក៏ប្ដឹងយើងបាននាំគាត់ទៅប្ដឹងនៅប៉ូលីស អញ្ចឹងសំណងហ្នឹងគឺគាត់បានតែត្រឹមសំណងទេ ប៉ូលីសគឺគាត់ចាត់ចែងឱ្យមេកាហ្នឹងបងជាសំណងឱ្យគាត់ អញ្ចឹងគាត់បានសំណងហើយ គឺគាត់ថាគាត់មិនអស់ចិត្តព្រោះអី ការបៀតបៀនហ្នឹងវាមែនជាការបៀតបៀនគ្រាន់តែប៉ះគ្រាន់តែអីទេ អញ្ចឹងគាត់បាត់បង់កិត្តិយសរបស់គាត់ អញ្ចឹងគាត់ក៏សម្រេចអញ្ចឹងប្ដឹងមកសហព័ន្ធ ខាងសហព័ន្ធយើងជួយប្ដឹងគាត់ទៅតុលាការ។ អញ្ចឹងពេលចូលដល់តុលាការខាងតុលាការគាត់បានហៅខាងនិយោជកខាងអ្នកដែលអ្នកប្រព្រឹត្តហ្នឹងទៅជួប គាត់ថាគាត់បានដោះស្រាយរួចអស់ហើយនៅក្នុងប៉ូលីស ចា៎។ ប៉ុន្តែយើងថាដោះស្រាយមែន ប៉ុន្តែខាងអ្នករងគ្រោះគាត់អត់សុខចិត្ត អញ្ចឹងយើងជួយប្ដឹងបន្តរហូតមកដល់ឥឡូវហ្នឹង គឺតុលាការគឺគាត់អត់បានមានចំណាត់ការអ្វីទាំងអស់រហូតមកដល់សព្វថ្ងៃហ្នឹង ។ ដោយសារអីយើងអត់ដឹងថាអីទេ ព្រោះយើងអត់ដឹង យើងទាំងអស់គ្នាយើងដឹងក្នុងចិត្តហើយថាតុលាការកម្ពុជាវាយ៉ាងម៉េចហើយ»

ហើយក៏នៅមានករណីច្រើនទៀត ដែលជនរងគ្រោះមិនទទួលបាននូវយុត្តិធម៌ករណីដូចជាការបៀតបៀនផ្លូវភេទឬប៉ូលីសស្រីនៅខេត្តកំពង់ធំ ក៏មិនឃើញមានចំណាត់ការ បានត្រឹមតែដកសក្តិបន្តិចបន្តួចនឹងបញ្ឈរជើងពីការងារមួយរយៈ ដែលទាំងអស់នេះបង្ហាញថា ភាពយុត្តិធម៌បច្ចុប្បន្ន សម្រាប់ កម្មករនិយោជិត ដែលជាស្ត្រី មិនទាន់ត្រូវបានធានា។

អ្នកស្រី កេន ឆេងឡាង

​អ្នកស្រី វុន សម្ផស្ស អគ្គលេខាធិការរងសមាគម  IDEA មានប្រសាសន៍ថា ការបៀតបៀនទាំងរាងកាយនិងផ្លូវចិត្តនៅកន្លែងការងារ ធ្វើឱ្យប៉ះពាល់ដល់សុខសុវត្ថិភាព និងគំរាមគំហែងដល់កម្មករនិយោជិតនិងបង្កការភ័យខ្លាចនៅកន្លែងធ្វើការ ដែលធ្វើឱ្យប៉ះពាល់ដល់ខឿនសេដ្ឋកិច្ច ដែលជាអត្ថប្រយោជន៍រួមរបស់ជាតិ។ ពាក្យថា សន្តិភាព កើតឡើងបានលុះត្រាតែមានសេចក្ដីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត ទាំងនៅផ្ទះ និងកន្លែងធ្វើការ។

«អ៊ីចឹងយើងត្រូវចាំថាយើងទាំងអស់គ្នាគឺជាអ្នកជំរុញឱ្យសេដ្ឋកិច្ចដើរ ចុះបើសិនជាយើងទាំងអស់គ្នាប្រឈមជាមួយនឹងអំពើហិង្សា ទាំងអស់គ្នាឈប់ធ្វើការ ទៅផ្ទះបាត់អស់ទៅ សេដ្ឋកិច្ចដើរអត់ ទាំងអស់គ្នាមានលុយបង់ពន្ធអត់ សួរថារាល់ថ្ងៃដឹងថាខ្លួនឯងជាប់ពន្ធអត់ ? ទាំងអស់ហ្នឹងវាប្រទាក់ក្រឡាគ្នាដូចសម្លកំពឹសអ៊ីចឹង អ៊ីចឹងបានន័យថារដ្ឋាភិបាលគាត់ត្រូវមើលដែរ នៅពេលយើងជាជនរងគ្រោះយើងរស់នៅក្នុងយើង យើងឃើញពាក្យស្លោកអរគុណសន្តិភាព អញ្ចឹងយើងសន្តិភាពទាំងផ្លូវចិត្ត សន្តិភាពទាំងសេដ្ឋកិច្ច សន្តិភាពទាំងទាក់ទងជាមួយនឹងប្រព័ន្ធកន្លែងធ្វើការ ប្រព័ន្ធយុត្តិធម៌ផ្សេងៗ អ៊ីចឹងខ្ញុំជឿជាក់ថា ក្នុងអាណត្តិថ្មីនេះ រដ្ឋាភិបាលថ្មីសមិទ្ធផលថ្មីៗ ហើយថ្ងៃនេះជាថ្ងៃទី 100 ហើយគាត់ហ្នឹងស្ដាប់ឮ ហើយសំឡេងរបស់ពួកយើងមិនមែនឮតែកន្លែងហ្នឹងទេ នឹងឮដល់រដ្ឋាភិបាល»

​អ្នកស្រី វុន សម្ផស្ស

អ្នកស្រី សុំ សុឌីណា មន្ត្រីចងក្រងសហព័ន្ធ សហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល គួរតែផ្ដល់សច្ចាប័ណ្ណលើអនុសញ្ញា ILO C190 ដើម្បី ផ្ដល់អាទិភាពឱ្យកម្មករទទួលបាន នៅសិទ្ធិ សេរីភាពក្នុងកិច្ចការងារ ទទួលបានការការពារ ពីការបៀតបៀន លើរាងកាយនិងផ្លូវចិត្តនៅកន្លែងការងារ ដែលធានាឱ្យមានសន្តិភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត។

«នៅពេលប្រទេសមួយនៅដែល(I LO)និយាយថាប្រទេសកម្ពុជាល្អ អនុវត្តហើយបាន 100% អ៊ីចឹងនៅពេលដែលគាត់ផ្សព្វផ្សាយទៅលើរដ្ឋដែល រាល់ឆ្នាំ ដែលសមាជិក ទូទាំងពិភពលោកមកចូលរួមហ្នឹងគឺគាត់បានកេរ្តិ៍ឈ្មោះនៅពេលហ្នឹង ចា៎ ។ ហើយអើ ហើយគាត់ក៏បានអត្ថប្រយោជន៍ខ្លះដែរ ព្រោះ(I LO)គេជួយមក គេជួយជាលក្ខណៈត្រីភាគីអ៊ីចឹងគេជួយរដ្ឋាភិបាលនៅក្នុងបច្ចេកទេស ក៏ដូចជាអ្នកបច្ចេកទេស ដូចជាផ្តល់ធនធានមនុស្ស ដូចជាថវិកាសម្រាប់បណ្ដុះបណ្ដាលទាំងអស់ហ្នឹងសម្រាប់អនុវត្តហ្នឹងគឺ(I LO) គេមានកញ្ចប់មួយសម្រាប់រដ្ឋាភិបាល កញ្ចប់មួយសម្រាប់និយោជក់កញ្ចប់មួយសម្រាប់កម្មករ អ៊ីចឹងខ្ញុំគិតថាអ្វីដែលរដ្ឋាភិបាលបានគឺកិត្តិយប្រទេស គឺខ្លាំងគាត់អភិវឌ្ឍន៍ទៅ គឺគាត់ផ្ដល់បានល្អ ចា៎ ហើយចំពោះនិយោជកគឺគាត់គ្រាន់ជាអ្នកអនុវត្តទៅ គឺគាត់បានកេរ្តិ៍ឈ្មោះខ្លះដែរ បើសិនជាគាត់មានកេរ្តិ៍ឈ្មោះល្អ អ៊ីចឹងការបញ្ជាទិញរបស់ក្រុមហ៊ុនគាត់កាន់តែច្រើនដែរ។ ហើយអាផលដែលបានហ្នឹង គឺកម្មករដែលជាអ្នកទទួលបានផល ។ បញ្ជាទាំងបីនាក់ហ្នឹងគឺ គឺត្រូវបានទាំង ៣ នៅពេលដែលគាត់ធ្វើ បើសិនជាគាត់ផ្ដល់សច្ចាប័ណ្ណ»

អ្នកស្រី សុំ សុឌីណា

បន្ថែមលើនេះអ្នកស្រី កេនឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជា បញ្ជាក់បន្ថែមថា ការផ្ដល់សច្ចាប័ណ្ណលើអនុសញ្ញាអាយឡូ ស៊ី 190 រដ្ឋាភិបាលនិងទទួលបានអត្ថប្រយោជន៍ពីអត្រាកើនឡើងនៃសេដ្ឋកិច្ច ដោយសារតែ មិនមានអំពើហិង្សានៅកន្លែងធ្វើការ ប្រទេសដែលមានការងារល្អ។ មានវិនិយោគ ចូលមកច្រើន មានកម្មករ បុគ្គលិក មានការងារធ្វើច្រើន ដែលបង្កើនដល់កំណើនសេដ្ឋកិច្ច។ បន្ថែមពីនេះ ទាំងលើឆាកជាតិនិងអន្តរជាតិ។ រាជរដ្ឋាភិបាលក៏ទទួលបាននូវកិត្តិយស ដែលជាមុខមាត់ របស់ជាតិនូវអត្ថប្រយោជន៍ពីភាពរីកចម្រើននៃការងារនៅកម្ពុជាផងដែរ ៕

អត្ថបទនិងរូបភាព៖អ៊ុក ដែន

Share

ព័ត៌មានទាក់ទង

Image