តុលាការកំពូលរបស់រុស្ស៊ីបានប្រកាសពីបម្រាមហាមឃាត់មិនឱ្យមានយុទ្ធនាការគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នា ឬសហគមន៍ LGBTQ អន្តរជាតិតាមរូបភាពណាមួយនៅក្នុងប្រទេសនោះឡើយ។
សេចក្តីសម្រេចដាក់បម្រាមហាមឃាត់មិនឱ្យមានយុទ្ធនាការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសរុស្ស៊ីនេះ ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីរុស្ស៊ីតែងចុះអន្តរាគមន៍និងបង្រ្កាបករណីគាំទ្រលើយុទ្ធនាការទាំងនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ក្នុងសេចក្តីសម្រេចនេះចែងថា យុទ្ធនាការគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នា LGBT អន្តរជាតិជាចលនាជ្រុលនិយម និងហាមឃាត់រាល់សកម្មភាពទាក់ទងនឹងក្រុមនេះនៅក្នុងប្រទេសរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
តាមសារព័ត៌មានរបស់រុស្ស៊ី RIA Novosti បង្ហាញថា សវនាការរយៈពេលបួនម៉ោងត្រូវធ្វើឡើងនៅក្នុងតុលាការកំពូលរុស្ស៊ីដោយមានការចូលរួមពីមន្រ្តីរបស់ក្រសួងយុត្តិធម៌ និងអ្នកចាត់តាំងប៉ុណ្ណោះ។ កាលពីពីរសប្តាហ៍មុន ក្រសួងយុត្តិធម៌បាននិយាយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា ខ្លួនបានចាប់ផ្តើមដំណើរការផ្លូវច្បាប់ដើម្បីកំណត់លើយុទ្ធនាការគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងសង្គមបរិបទរបស់រុស្ស៊ី។ ក៏ប៉ុន្តែ ក្រសួងមិនបានបញ្ជាក់លម្អិតពីដែនកំណត់ ឬទំហំនៃចលនាលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានេះនោះទេ។
តុលាការកំពូលរបស់រុស្សីអះអាងថា ប្រជាជនរុស្ស៊ីជាច្រើនពេញចិត្តចំពោះចំណាត់ការរបស់ក្រសួងយុត្តិធម៌។ តុលាការកំពូលរុស្ស៊ីថា សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ) ញុះញង់ឱ្យមានការមិនចុះសម្រុងគ្នានៅក្នុងសង្គម និងប្រកាន់សាសនារៀងៗខ្លួន ដោយបំពានលើច្បាប់របស់ប្រទេសរុស្ស៊ីស្តីពីការប្រឆាំងភាពជ្រុលនិយម។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បាននិយាយថា លោកជាអ្នកការពារតម្លៃសីលធម៌ប្រពៃណីដែលប្រឆាំងតបតនឹងលំហូរចូលនៃប្រពៃណីជ្រុលនិយមរបស់ប្រទេសលោកខាងលិច។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ អង្គការសហប្រជាជាតិបាននិយាយថា ខ្លួនមិនពេញចិត្តចំពោះសេចក្តីសម្រេចនេះឡើយ ហើយបានព្រមានថា សមាជិក បុគ្គលិក និងមនុស្សដែលចូលរួមសហគមន៍ LGBTQ នេះ កំពុងប្រឈមនឹងការចោទប្រកាន់ក្នុងបទព្រហ្មទណ្ឌ ពិសេសអាចឈានដល់ការជាប់ពន្ធនាគារទៀតផង។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Türk បាននិយាយថា ការសម្រេចចិត្តនេះលាតត្រដាងពីអ្នកការពារសិទ្ធិមនុស្ស និងនរណាម្នាក់ដែលក្រោកឈរឡើងការពារសិទ្ធិក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។
សូមជម្រាបថា ការស្រឡាញ់ភេទដូចគ្នានៅក្នុងរុស្ស៊ីត្រូវបានកាត់ទោសក្នុងឆ្នាំ១៩៩៣ និងត្រូវសង្គមរើសអើងឥតឈប់ឈរ។ យោងតាមច្បាប់របស់រុស្ស៊ី អង្គការណាមួយដែលត្រូវចោទថាជាក្រុមជ្រុលនិយមប្រឈមនឹងការរំលាយចោលភ្លាមៗ ចំណែកមេដឹកនាំឬប្រធានអង្គការប្រឈមនឹងការចោទប្រកាន់និងចាប់ដាក់ពន្ធនាគាររហូតដល់ ១០ឆ្នាំ។ នេះបើយោងតាមប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
សូមរំលឹកថា ក្នុងខែកក្កដា ឆ្នាំ២០២៣ រុស្ស៊ីបានអនុម័តច្បាប់ហាមប្រាមគ្រូពេទ្យមិនឱ្យរវះកាត់ប្តូរភេទទៅលើអ្នកជំងឺណាមួយដែលចង់ក្លាយជាភេទផ្ទុយគ្នាឡើយ តែក៏មានករណីលើកលែងចំពោះការព្យាបាលភាពមិនប្រក្រតីខាងសរីរវិទ្យាពីកំណើតចំពោះកុមារ៕
ប្រភព៖ CNN ចុះថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣