ភ្នំពេញ៖ ក្រុមអ្នកវិភាគការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតរបស់ប៉ាឡូ អាល់តូ ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិច រកឃើញថា ក្រុមចោរព័ត៌មានវិទ្យា(Hacker) របស់រដ្ឋាភិបាលចិន(APT) ជ្រៀតជ្រែកទិន្នន័យរបស់ស្ថាប័នរដ្ឋាភិបាលជាង២៤ស្ថាប័ន ហើយក្នុងនោះក្រុមចោរព័ត៌មានរបស់រដ្ឋអំណាចចិនដាក់គោលដៅរួមទៅលើក្រសួងមួយចំនួនដូចជាក្រសួងការពារជាតិ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មាធិការសិទ្ធិមនុស្ស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងស្ថាប័នគ្រប់គ្រងលើធនធានធម្មជាតិ ។ ពាក់ព័ន្ធបញ្ហានេះបណ្តាលឱ្យមានការងឿងឆ្ងល់ពីសំណាក់មហាជនជាច្រើនថាតើស្ថាប័នរដ្ឋាភិបាលជាង២៤ ពិតជាទទួលរងការជ្រៀតជ្រែកពីក្រុមចោរព័ត៌មានវិទ្យារដ្ឋអំណាចចិន ឬយ៉ាងណា?
កញ្ញា គុជ ស៊ីកុល រាយការណ៍
នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមអ្នកវិភាគការគំរាមកំហែងតាមអ៊ីនធឺណិត ឬអង្គភាព ៤២ នៃមជ្ឈមណ្ឌលនវានុវត្តន៍ និងបច្ចេកវិទ្យាសកលប៉ាឡូ អាល់តូ (Palo Alto Networks) ចេញផ្សាយរបាយការណ៍ស៊ើបអង្កេតមួយដោយបានកំណត់ថា មានក្រុមចោរព័ត៌មានវិទ្យារបស់រដ្ឋាភិបាលចិន ឬហៅកាត់ថា អេភីធី (APT)ដែលមានមូលដ្ឋាននៅក្នុងខេត្តហៃណានប្រទេសចិន និងផ្តើមសកម្មភាពចាប់តាំងពីឆ្នាំ២០០៩មក ហើយបច្ចប្បន្នថ្មីៗនេះបានតភ្ជាប់បណ្ដាញសេវាកម្មដែលអាចជ្រៀតជ្រែកចូលយកទិន្នន័យ និងអត្តសញ្ញាណរបស់ស្ថាប័នរដ្ឋាភិបាល ដែលសេវាកម្មនោះមានឈ្មោះថាសេវាកម្មផ្ទុកទិន្នន័យតាមរយៈអ៊ីនធឺណេត (cloud backup services)ក្នុងគោលបំណងចូលយកទិន្នន័យ និងកំណត់អត្តសញ្ញាណសំខាន់ៗមួយចំនួននៅតាមបណ្តាស្ថាប័នទាំង២៤។ ក្នុងនោះគេរកឃើញគោលដៅចម្បងរបស់ក្រុមចោរព័ត៌មានវិទ្យា(Hackers) ផ្តោតទៅលើស្ថាប័នដែលមានផ្ទុកទិន្នន័យសំខាន់ៗដូចជា ក្រសួងការពារជាតិ ស្ថាប័នធ្វើការលើការបោះឆ្នោត ស្ថាប័នសិទ្ធិមនុស្ស ស្ថាប័ននយោបាយ ស្ថាប័នពាណិជ្ជកម្ម ស្ថាប័នហិរញ្ញវត្ថុ ស្ថាប័នធនធានធម្មជាតិ និងស្ថាប័នទូរគមនាគមន៍ជាដើម។
បន្ទាប់ពីមានសារព័ត៌មានជាតិ និងអន្តរជាតិចេញផ្សាយនូវព័ត៌មាននេះបណ្តាលឱ្យមានការងឿងឆ្ងល់ពីសំណាកមហាជន ព្រមទាំងអ្នកធ្វើការតាមអង្គភាពមួយចំនួនថា តើជាការពិតទេដែលស្ថាប័នរដ្ឋាភិបាលរងការជ្រៀតជ្រែកពីក្រុមចោរព័ត៌មានវិទ្យាចិនទាំងនោះ? ជាការឆ្លើយតបទៅនឹងបញ្ហានេះ មានការលើកឡើងពីទស្សនៈរបស់អ្នកជំនាញនិងការអះអាងពាក់ព័ន្ធករណីក្រុមចោរព័ត៌មានវិទ្យាពីភាគីស្ថាប័នខ្លះផងដែរ។
ក្រសួងមហាផ្ទៃ ជាស្ថាប័នមួយ ដែលក្រុមចោរព័ត៌មានវិទ្យារដ្ឋាភិបាលចិនដាក់គោលដៅជ្រៀតជ្រែកចូលយកទិន្នន័យក្នុងចំណោមស្ថាប័នដទៃទៀត។ លោក ទូច សុខៈ អ្នកនាំពាក្យរង ឆ្លើយតបទៅនឹងករណីនេះ ប្រាប់ក្រុមការងារផ្ទៀតផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រីថា ក្រសួងមហាផ្ទៃមិនមានជាបញ្ហាចោទអ្វីជាមួយនឹងការជ្រៀតជ្រែកពីក្រុមចោរព័ត៌មានវិទ្យាបរទេសឡើយ ដោយលោកសំអាងថានូវរាល់អត្តសញ្ញាណ និងទិន្នន័យទាក់ទងនឹងការងាររបស់ក្រសួងស្ថិតក្នុងដែនសុវត្ថិភាព តាមរយៈចំណេះជំនាញ និងសមត្ថភាពរបស់អ្នកធ្វើការគ្រប់គ្រងទិន្នន័យនៅអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំរបស់ក្រសួងមហាផ្ទៃ។
«ខ្ញុំមិនដឹងថារបាយការណ៍របស់តួអង្គដែលបានចេញមកថាអ្នកដែល Hack(លួចយកទីន្នន័យ) មានប្រភពនេះ ឬប្រភពនោះឬយ៉ាងមិច យ៉ាងណាទេ ប៉ុន្តែសម្រាប់ក្រសួងមហាផ្ទៃគឺយើងគ្រប់គ្រងដោយសុវត្ថិភាព ដោយសារយើងមានជំនាញ ហើយយើងមានអគ្គនាយកដ្ឋានយើងមួយតែម្តងបាទ។»
យ៉ាងណាមិញ ដើម្បីជ្រាបថាករណីបែបនេះពិតជាកើតមានឡើងចំពោះស្ថាប័នរដ្ឋាភិបាល ឬក៏យ៉ាងណា លោក ទូច សុខៈ បានណែនាំឱ្យ ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានវិទ្យុស្រ្តីទាក់ទងទៅក្រសួងប្រៃសណីយ៍ដែលជាអ្នកធ្វើការក្តោបលើបញ្ហានេះ។ ក៏ប៉ុន្តែវិទ្យុស្រ្តីមិនអាចសុំការឆ្លើយតបពីលោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឡើយ ដោយទូរស័ព្ទតេចូល តែគ្មានអ្នកលើក។
ដោយឡែក អ្នកនាំពាក្យរងក្រសួងមហាផ្ទៃឱ្យដឹងថាកន្លងមកក៏ធ្លាប់មាន ករណីស្រដៀងគ្នានេះកើតមានដែរ។ ក៏ប៉ុន្តែស្ថិតនៅទ្រង់ទ្រាយតូច មិនមានជាបញ្ហាចោទរហូតដល់មានការចូលជ្រៀតជ្រៀតទៅតាមបណ្តាស្ថាប័នធំៗបែបនេះឡើយ។
«កន្លងមកតាំងតែពីខ្ញុំមិនទាន់ចូលមកធ្វើការនៅមហាផ្ទៃគឺធ្លាប់លឺសូរប៉ុន្តែលឺសូរនៅក្នុងក្របខ័ណ្ឌមួយដែលគេហៅថាតាមអង្គភាពតូចតាចអីជាដើម មិនដល់ថ្នាក់ក្រសួងហាស៎ចង់និយាយចឹងហាស៎ ឧទាហរណ៍ត្រឹមនាយកដ្ឋាន ឬក៏អង្គភាពណាមួយចឹងទៅ ដែលមិនមែនជាក្រសួងដូចជាមិនមានអ្វីគួរឱ្យកត់សម្គាល់ធំដុំអីទេ នេះសម្រាប់ការកត់សម្គាល់របស់ខ្ញុំនៅក្រសួងមហាផ្ទៃហាស៎បាទ។»
លោក រស់ សុដ្ឋា ប្រធានអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា(ច្រាក់) ចាត់ទុកថាករណីនេះជាសញ្ញាមួយដែលបង្ហាញថាការយកចិត្តទុកដាក់របស់កម្ពុជាទៅលើប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងទិន្នន័យស្ថិតនៅមានកម្រិតដែលបង្កលក្ខណៈព្រួយបារម្ភ។ លោកគូសបញ្ជាក់ថា ស្ថាប័នរដ្ឋាភិបាលគួរតែបង្កើនការប្រុងប្រយ័ត្ននឹងពង្រឹងបន្ថែមទៅលើអ្នកជំនាញទទួលខុសត្រូវលើបញ្ហានេះ ជៀសវាងឱ្យសំណាក់បរទេសមានឱកាសចម្លងទិន្នន័យដែលជារឿងរ៉ាវផ្ទៃក្នុងប្រទេស ដែលលោកអះអាងថាទាំងនេះសឹងតែជាបញ្ហាប្រឈមពាក់ព័ន្ធនឹងឥទ្ធិពលនយោបាយ។
«បាទ! ដំណើរប្រព្រឹត្តិទៅនៃគោលនយោបាយអន្តរជាតិនៅកម្ពុជាត្រូវបានជ្រៀតជ្រែក ហើយរារាំងដោយប្រទេសចិន ហើយរឿងហ្នឹងមិនគួរឱ្យកើតមាននោះទេវាជាការសម្រេចរបស់ប្រទេសេករាជ្យ ជាមួយនឹងការឈរលើគោលការណ៍ផលប្រយោជន៍ប្រជាជនរបស់ខ្លួនបាទ ហើយប្រទេសមួយដែលគ្មានការគ្រប់គ្រងព័ត៌មានល្អិតល្អន់ និងច្បាស់លាស់ដូច្នេះអាចជាកម្មវត្ថុនៃការព្រួយបារម្ភមួយស្តីពីសុខសុវត្ថិភាព និងអធីបតេយ្យរបស់ខ្លួនបាទ។»
នៅឆ្នាំ២០១៨ មានការស្រាវជ្រាវមួយរបស់ក្រុមហ៊ុនតាមដានការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត ម៉ែនឌាន (Mandiant)ដែលបច្ចុប្បន្នគ្រប់គ្រងដោយក្រុមហ៊ុន Google រកឃើញករណីពាក់ព័ន្ធនឹងក្រុមចារកម្មចិននេះផងដែរថា ទិន្នន័យបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ២០១៨ ត្រូវបានក្រុមHackersរបស់រដ្ឋាភិបាលចិនបានចូលមកគ្រប់គ្រង ហើយជាពិសេសបានកំណត់មុខសញ្ញាលើអ្នកនយោបាយបក្សប្រឆាំង៕