នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ មានជំងឺផ្តាសាយបក្សី ចំនួន ០១ករណីបាន កើតលើស្ត្រីវ័យ២១ឆ្នាំ ដែលបានបញ្ជាក់ថា វិជ្ជមានវីរុសផ្ដាសាយ បក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលមានទីលំនៅក្នុងភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។ ក្រសួងសុខាភិបាល ក្រើនរំលឹកសារជាថ្មីម្តងទៀត ឱ្យប្រជាពលរដ្ឋទាំងអស់ យក ចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីនេះ។ កញ្ញា សួ សុវណ្ណិកា រាយការណ៍៖
អ្នកជំងឺ ដែលបានឆ្លងផ្ដាសាយបក្សីនេះបាន ឱ្យដឹងថា ខ្លួនចាប់ផ្តើមឈឺនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រោះក្រោយ ប្រហែលមួយសប្តាហ៍មុនមានមាន់ងាប់ច្រើនជាបន្តបន្ទាប់នៅផ្ទះនិងក្នុងភូមិ កើតហេតុ។ អ្នកជំងឺបានចាប់ផ្តើមមាន រោគសញ្ញាផ្លូវដង្ហើម រួមមានគ្រុនក្តៅ ពិបាកដកដង្ហើម និងក្អក ទើបបញ្ជូនមក សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ បច្ចុប្បន្នអ្នកជំងឺកំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ដោយមានការថែទាំ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ នេះបើតាម សេចក្ដីក្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ កំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រសួងបរិស្ថាន អង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ ដើម្បីធ្វើការឆ្លើយតបទៅតាមវិធី សាស្ត្រ និងពិធីសារបច្ចេកទេស ក្នុងការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណី សង្ស័យនិងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថ តាមឺហ្លូ(Tamiflu)ដល់អ្នកប៉ះពាល់ ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែល កើតហេតុខាងលើ។
ក្រោយរកឃើញករណីឆ្លងថ្មីក្រសួងសុខាភិបាល បានក្រើនរំលឹកសារជាថ្មីម្តងទៀត ប្រជាពលរដ្ឋទាំងអស់ ឱ្យយក ចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែង ដល់សុខភាពប្រជាពលរដ្ឋ។ ក្រសួងក៏បានណែនាំថា ប្រសិនបើមានអាការក្តៅខ្លួន ក្អក ឬ ពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព គួរកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរក ការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យ បានទាន់ពេលវេលា។របៀបចម្លង៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សី ឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សី ដែលឈឺឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅ មន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ។
វិធីការពារឬបង្ការ ពីជម្ងឺនេះគឺត្រូវ លាងដៃអោយបានញឹកញាប់ ជាមួយសាប៊ូនិងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និង ដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់ បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ៕
អត្ថបទ៖ សួ សុវណ្ណិកា