ងាកមកព័ត៌មានសុខភាពវិញ កញ្ញា ចាន់រ៉ាត់ សៀវមិញ សូមលើកយកអត្ថបទមួយទាក់ទងនឹង ការស្វែងយល់ពីយល់ដឹងឲ្យកាន់តែច្បាស់អំពីជំងឺឫសដូងបាតនិងជំងឺមហារីកពោះវៀនគូថ កុំឲ្យមានការយល់ច្រឡំគ្នា។ ដោយអត្ថបទនេះដកស្រង់ចេញពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត។ តទៅនេះសូមអញ្ជើញស្តាប់ដូចតទៅ៖
កន្លងមកតែងតែមានការយល់ច្រឡំថាការហូរឈាមតាមបាត(គូថ)សុទ្ធសឹងជាជំងឺឫសដូងបាតទាំងអស់ ក៏ប៉ុន្តែមន្ទីពេទ្យកាល់ម៉ែតកម្ពុជាបានអះអាងថា ការហូរឈាមតាមបាត(គូថ) ទាំងអស់មិនដូចគ្នាទេហើយក៏មិនមែនបណ្ដាលមកពីជំងឺឫសដូងបាតទាំងអស់ដែរ។ ផ្ទុយទៅវិញវាអាចបណ្ដាលមកពីជំងឺមហារីកវិញក៏មានដែរ សូមប្រុងប្រយ័ត្ន។
បើតាមប្រភពពីទំព័រហ្វេសប៊ុកមន្ទីពេទ្យកាល់ម៉ែតកម្ពុជា ជំងឺមហារីក ពោះវៀនគូថ ឬហៅតាមភាសាបច្ចេកទេសថា(Cancer ano-rectal) ជាប្រភេទជំងឺដុះ ដុំសាច់ ឬដំប៉ៅ នៅជុំវិញរន្ធគូថនិង ក្នុងប្រហោងគូទ។ ហើយរោគសញ្ញាដែលជួបញឹកញាប់រួមមាន ចុកពោះខ្សោយអស់កម្លាំង និងការបត់ជើងធំមានការប្រែប្រួលខុសប្រក្រតី ដូចជា ពិបាកបត់ជើងធំទល់លាមក ឬរាករុសញឹកញាប់ជាដើម។ ហើយជួនកាលមានលៀន ចេញដុំសាច់ មកក្រៅ នឹងជួនកាលទៀតមានលក្ខណៈដូចដំបៅគូថ ឬមានដុំសាច់ដុះជុំវិញរន្ធគូថខុសធម្មតា ដែលអាចច្រឡំជាមួយជំងឺផ្សេងៗ ជាពិសេសជំងឺឫសដូងបាតជាដើម។
គេហៈទំព័ររបស់់មន្ទីពេទ្យកាល់ម៉ែត្រដដែលបានអះអាងថា ជំងឺនេះអាចព្យាបាលបាន ដោយតម្រូវឱ្យទៅជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញផ្នែកវះកាត់ពោះវៀនគូថនិងមហារីក។ មានតែការព្យាបាលដោយ វិធីវះកាត់តែប៉ុណ្ណោះ ដែលជាជំរើសត្រឹមត្រូវបំផុត ក្នុងករណីដំណាក់កាលដំបូង នៃជំងឺនេះ ហើយដុំសាច់មហារីកខ្លះមានទំហំតូចៗ គេអាចព្យាបាលដោយ endoscopies ដោយមិនចាំបាច់វះកាត់ធំ ហើយអ្នកជំងឺ មិនចាំបាច់សម្រាករយៈពេលយូរ និងមិនប៉ះពាល់ដល់ពោះវៀន។
ដូចនេះបើនាង កញ្ញា លោក លោកស្រី មានបងប្អូន និងគ្រួសារមានជំងឺធ្លាក់ឈាម ឬមានដុំសាច់ខុសពីធម្មតា សូមបងប្អូនមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិគ្រោះនិងស្វែងរកវិធីការពារកុំអោយមានការយឺតយ៉ាវក្នុងការព្យាបាលដែលអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់ជីវិត៕
អត្ថបទ៖ចាន់រ៉ាត់ សៀវមិញ