en     km
en     km

អតីតទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Henry Kissinger បានទទួលអនិច្ចកម្មអាយុ១០០ឆ្នាំ

Share


អ្នកការទូតអាមេរិក និងជាអ្នកឈ្នះរង្វាន់ណូបែល លោក Henry Kissinger បានទទួលអនិច្ចកម្មនៅអាយុ ១០០ឆ្នាំ ក្រោមមូលហេតុស្លាប់មិនច្បាស់លាស់។
(លោក ឡាក់ ច័ន្ទតារា រាយការណ៍)

ក្រុមហ៊ុនរបស់លោក Kissinger បានប្រកាសថា លោក Henry Kissinger បានទទួលមរណភាពកាលថ្ងៃពុធ​ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអាយុ ១០០ឆ្នាំ។ តាមសេចក្តីប្រកាសខាងលើ ពុំបានបញ្ជាក់ពីមូលហេតុឱ្យច្បាស់នោះទេ ក៏ប៉ុន្តែលោកបានចែកឋាននៅក្នុងរដ្ឋ Connecticut សហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន The Guardian ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Henry Kissinger គឺជាអ្នកសិក្សានៅសកលវិទ្យាល័យ Harvard មុនពេលក្លាយជាទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក នៅអំឡុងពេលដែលលោក Richard Milhous Nixon បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកអាណត្តិទី៣៧ ក្នុងឆ្នាំ១៩៦៨។ លោក kissinger បានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ហើយលោកក៏មានសិទ្ធិក្នុងការសម្រេចចិត្តដ៏សំខាន់ទាក់ទងនឹងសង្រ្គាមរវាងសហរដ្ឋអាមេរិកនិងវៀតណាមផងដែរ។

លោក Kissinger ទទួលបានរង្វាន់ណូបែលរួមគ្នាឆ្នាំ១៩៧៣ ជាមួយលោក Le Duc Tho អ្នកការទូតនិងអ្នកនយោបាយវៀតណាមក្នុងកិច្ចចរចាសន្ធិសញ្ញាទីក្រុងប៉ារីស បើទោះបីជាអ្នកការទូតវៀតណាមខាងជើងរូបនេះបដិសេធមិនទទួលយករង្វាន់កិត្តិយសនេះក៏ដោយ។ រង្វាន់សន្តិភាពឆ្នាំ១៩៧៣នេះទៀតសោតជារង្វាន់ដែលផ្តល់ឱ្យក្នុងស្ថានភាពដ៏ចម្រូងចម្រាសបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រពានណូបែល ដោយហេតុថា មនុស្សជាច្រើនចោទថា​លោក Kissinger អនុញ្ញាតឱ្យសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកមកលើប្រទេសកម្ពុជាក្នុងឆ្នាំ១៩៦៩ និងឆ្នាំ១៩៧០។

លោក George W Bush បានសោកស្តាយចំពោះការចែកឋានរបស់លោក Kissinger និងលើកឡើងថា សហរដ្ឋអាមេរិកបានបាត់បង់សំឡេងដែលមានឥទ្ធិពលបំផុតមួយលើកិច្ចការបរទេស។ ខណៈនោះ លោកMichael Bloomberg អតីតអភិបាលក្រុងញូវយ៉ក ក៏បាននិយាយដែរថា លោក Kissinger មានចិត្តសប្បុរសប្រកបដោយប្រាជ្ញាដ៏វៃឆ្លាត។

ចំណែកឯអ្នក​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមខ្លះទៀត ​បែរជាអបអរចំពោះ​ការ​ស្លាប់​របស់​លោកទៅវិញ ដោយ​សំដៅ​លើការសោកនាកម្មនៃការ​ទម្លាក់​គ្រាប់បែក​ដែលគេចោទលោកថា ជាអ្នករួមគំនិតនិងអនុញ្ញាតឱ្យមានការទម្លាក់គ្រាប់ទៅលើបណ្តាលប្រទេសមួយចំនួននៅអំឡុងពេលធ្វើសង្គ្រាមជាមួយវៀតណាម។ ក្នុងនោះ វៀតណាម​ខាង​ជើង​ជឿជាក់​ថា ប្រធានាធិបតី​អាមេរិក​ព្រម​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដើម្បី​បញ្ចប់​សង្គ្រាមថាទោះបីជាត្រូវសម្លាប់ប្រជាជនស្លូតត្រង់ជាច្រើននាក់ក៏ដោយ។

គួរបញ្ជាក់ថា លោក Henry Kissinger ជាអតីតរដ្ឋលេខាធិការក្រោមការដឹកនាំរបស់លោក Richard Nixon ដែលបានក្លាយជាឥស្សរជនលេចធ្លោ និងចម្រូងចម្រាសបំផុតនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកក្នុងសតវត្សទី២០។ លោក Kissinger ជាសមាជិកនៃគណបក្សសាធារណៈរដ្ឋដ៏ធំមួយរបស់សហរដ្ឋអាមេរិក ហើយលោកនៅតែមានឥទ្ធិពលរហូតដល់ចុងបញ្ចប់នៃជីវិត។

មួយផ្នែកធំនៅឆ្នាំ១៩៨២ លោកបានបង្កើតក្រុមហ៊ុនប្រឹក្សាភូមិសាស្ត្រនយោបាយដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក និងបាននិពន្ធសៀវភៅជាច្រើនស្តីពីកិច្ចការអន្តរជាតិ។ នៅដើមទសវត្សរ៍ឆ្នាំ២០០០ លោក​ Kissinger បានគាំទ្រដល់រដ្ឋបាលរបស់លោក George W Bush ក្នុងការលុកលុយប្រទេសអ៊ីរ៉ាក់ផងដែរ៕

ប្រភព៖ The Guardian ចុះថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣

Share

Image Not Found
Image

ព័ត៌មានទាក់ទង