en     km
en     km

ក្រុមហាម៉ាស់ដោះលែងជនជាតិថៃ៤រូបបន្ថែម ខណៈមនុស្ស៩នាក់ផ្សេងទៀតបន្ដឃុំឃាំង

Share

ក្រសួងការបរទេសថៃបានប្រកាសថា ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងជនជាតិថៃចំនួន៤នាក់បន្ថែមទៀតហើយ ខណៈមានមនុស្ស៩នាក់ផ្សេងទៀតបន្ដជាប់ឃុំក្នុប្រទេសអ៊ីស្រាអែល។ តួលេខនេះដកស្រង់ចេញពីរបាយការណ៍របស់ស្ថានទូតថៃប្រចាំទីក្រុង Tel Aviv នៃប្រទេសអ៊ីស្រាអែល កាលពីល្ងាចថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
(កញ្ញា សៃ ចន្ធី រាយការណ៍)

 

យោងតាមរបាយការណ៍ពីស្ថានទូតថៃប្រចាំទីក្រុង Tel Aviv នៃប្រទេសអ៊ីស្រាអែលបានឱ្យដឹងថា ពលករថៃចំនួន៤នាក់ទៀតហើយ ត្រូវបានដោះលែង កាលពីល្ងាចថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមក្រសួងការបរទេសថៃបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួងការបរទេសថៃបាននិយាយថា ជនជាតិខ្លួនដែលត្រូវបានដោះលែងជាបុរសទាំងបួននាក់ មានឈ្មោះ Paiboon Ratnil, Kong Saelao, Chakraphan Sikhena និង Chalermchai Saengkaew ។ ចំណាប់ខ្មាំងដែលទើបតែដោះលែងទាំងនេះ កំពុងស្ថិតក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីស្ថានទូតថៃប្រចាំទីក្រុង Tel Aviv នៃប្រទេសអ៊ីស្រាអែល។


យ៉ាងណាមិញ មន្ត្រីស្ថានទូតថៃប្រចាំទីក្រុង Tel Aviv នៃប្រទេសអ៊ីស្រាអែលក៏បានរៀបចំទាក់ទងទៅក្រុមគ្រួសារ ឬសាច់ញាតិរបស់ពលករថៃទាំងបួននាក់នោះ ហើយថែមទាំងបានបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យ ដែលមានទីតាំងនៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បិពិនិត្យសុខភាពមុននឹងអនុញ្ញាតឱ្យវិលត្រឡប់មកកាន់ប្រទេសថៃវិញ។

គួរបញ្ជាក់ផងដែរថា ក្រសួងការបរទេសថៃបានអបអរសាទរដល់ក្រុមគ្រួសាររបស់ពលករជនជាតិថៃទាំង៤នាក់ និងបានថ្លែងអំណរគុណចំពោះមន្ត្រីស្ថានទូតថៃប្រចាំអ៊ីស្រាអែល និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងដំណើរការចរចា ហើយនាំឱ្យមានការដោះលែងពលករថៃទាំងបួននាក់នោះបានដោយជោគជ័យ។

ដោយឡែក ក្រសួងការបរទេសថៃបានបញ្ជាក់ទៀតថា បើទោះបីពលករថៃទាំងបួននាក់នោះទទួលបានកាដោះលែងយ៉ាងជោគជ័យក៏ដោយ ប៉ុន្តែនៅមានពលករជនជាតិថៃចំនួនប្រាំបួននាក់ផ្សេងទៀត កំពុងស្ថិតក្នុងការចាប់ឃុំខ្លួនរបស់ក្រុមហាម៉ាសនៅឡើយ។

សូមជម្រាបថា រដ្ឋាភិបាលថៃនៅតែប្តេជ្ញាចិត្តធ្វើយ៉ាងណាដើម្បីឱ្យមានការដោះលែងពលករជនជាតិថៃចំនួនប្រាំបួននាក់ផ្សេងទៀតឱ្យបានឆាប់រហ័ស ហើយពលករដែលត្រូវបានដោះលែងនឹងត្រឡប់ទៅប្រទេសថៃវិញ។ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយ Twitter ដែលបច្ចុប្បន្នហៅ X នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ជនជាតិថៃទាំងបួននាក់ដែលត្រូវបានដោះលែងគឺបានមកដល់មូលដ្ឋានអាកាស Hatzerim នៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ហើយថែមទាំងបានសរសេរសារថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលខិតខំប្រឹងប្រែងក្នុងការជួយសម្របសម្រួលចំពោះការដោះលែងពលករជនជាតិថៃទាំងបួននាក់ឱ្យបានវិលត្រឡប់មកកាន់មាតុប្រទេសថៃវិញប្រកបដោយសុវត្ថិភាពផងដែរ។

ចាប់តាំងពីថ្ងៃដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែលនិងហាម៉ាស់នៅថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២៣ ក្រុមហាម៉ាសបានដោះលែងប្រជាជនអ៊ីស្រាអែលចំនួន ៧០នាក់, ជនជាតិថៃ ២៣នាក់, ជនជាតិរុស្ស៊ី ២នាក់ និងប្រជាជនហ្វីលីពីនម្នាក់ ខណៈអ៊ីស្រាអែលបានដោះលែងប្រជាជនប៉ាឡេស្ទីនចំនួន ២១០នាក់៕

ប្រភព៖Bangkok Posts ចុះថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image