ក្រុមសហជីព មិនអាចទទួលយកបានទេ នៅលទ្ធផលរបស់គណៈកម្មាការចំពោះកិច្ច ក្នុងជំនួបពិភាក្សាកែលម្អចំណុចមួយចំនួនស្តីពីសេចក្តីព្រាងច្បាប់សហជីព ដែលបានបញ្ចប់ទៅ និងមិនទទួលបានផលវិជ្ជមានជាដុំកំភួន កាលពីម្សិលមិញនោះទេ។
នេះបើតាមការបញ្ជាក់របស់ក្រុមសហជីពនៅក្នុងប្រទេសកម្ពុជា ដែលបានបង្ហាញប្រតិកម្មនៅក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី២០ ខែមករានេះ នៅមជ្ឈមណ្ឌលអាមេរិកកាំង ដើម្បីសាមគ្គីភាពការងារ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក ធូ វិរៈ លម្អិតព័ត៌មាននេះ៖
មន្ត្រីសហជីពសហភាពការងារកម្ពុជាបានលើកឡើងថា គណៈកម្មាការចំពោះកិច្ច ពុំបានកែលម្អសេចក្តីព្រាងច្បាប់សហជីព តាមសំណើររបស់ខ្លួនឡើយ។
អ្នកស្រី យ៉ាង សុភ័ណ ប្រធានស្តីទីសហភាពសហជីពការងារកម្ពុជាបានឱ្យដឹងថា រដ្ឋាភិបាលមានចេតនាពិតប្រាកដក្នុងការបង្កើតច្បាប់សហជីពនេះ ដើម្បីគ្រប់គ្រងក្រុមសហជីពដែលមានបំណងចង់ការពារផល ប្រយោជន៍ជូនកម្មកររោងចក្រ។
អ្នកស្រី គាំទ្រក្នុងការបង្កើតឱ្យមានគណៈកម្មាការចំពោះកិច្ច ដើម្បីពិភាក្សាលើស្តីពីសេចក្តីព្រាងច្បាប់សហជីព ដោយមានការចូលរួមពីគណបក្សមានអាសនៈក្នុងរដ្ឋសភា ក៏ប៉ុន្តែអ្នកស្រីមានការខកចិត្តចំពោះលទ្ធផលក្នុងកិច្ចប្រជុំរបស់គណៈកម្មាការចំពោះកិច្ច ដែលគ្មានផ្លែផ្កាអ្វីទាល់តែសោះកាលពីម្សិលមិញ។ «…»
ដូចគ្នានេះដែរ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានឱ្យ ដឹងដែរថា លោកចង់ឱ្យគណៈកម្មាការចំពោះកិច្ច ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ ជួបពិភាក្សាទៅលើសេចក្តីព្រាងច្បាប់សហជីព ជាថ្មីម្តងទៀតទៅលើចំនុចមិនត្រូវរូវគ្នាកន្លងមកនេះ។
លោក អាត់ ធន់ ស្នើឱ្យរដ្ឋាភិបាលបើកចំហរ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ នៅពេលដែលរដ្ឋសភាពិភាក្សាច្បាប់នេះ នៅពេលខាងមុខ ដើម្បីឲ្យសហជីពបានចូលរួមបញ្ចេញមតិយោបល់កែលម្អលើច្បាប់នេះ។
ចំណែកលោក ជួន មុំថុល ប្រធានសហព័ន្ធសហជីពជាតិកម្ពុជា បានឱដឹងនៅក្នុងសន្និសីទសារព័ត៌មាននេះដែរថា លោកនឹងខិតខំជំរុញឱ្យរដ្ឋសភាពិភាក្សាកែលម្អបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់កម្មករ។
បន្ទាប់បិទបញ្ចប់សន្និសីទសារព័ត៌មាន ក្រុមសហជីពបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយស្នើឱ្យរដ្ឋាភិបាល ធ្វើការពិនិត្យឡើងវិញលើសេចក្តីព្រាងច្បាប់សហជីពចំនួន ១៧ ចំណុច តាមស្នើសុំរបស់សហជីព ពន្យារពេលការអនុម័តលើសេចក្តីព្រាងច្បាប់នេះសិន ហើយស្នើគណៈកម្មការចំពោះកិច្ចនៃគណបក្សមានអាសនៈក្នុងសភាទាំងពីរបន្តពិភាក្សាលើសេចក្តីព្រាងច្បាប់ជាថ្មីទៀត និងចុងក្រោយស្នើឱ្យរដ្ឋាភិបាលទទួលយកតំណាងសហជីពចូលរួមផ្តល់យោបល់រាល់កិច្ចប្រជុំផ្សេងៗ៕