បន្ទាប់ពីរបបយោធាមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារដណ្តើមអំណាចនៅឆ្នាំ២០២១ ប្រទេសជាតិមានភាពវឹកវរឥតឈប់ឈរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមតស៊ូប្រឆាំងនឹងរដ្ឋាភិបាលជាច្រើនបានងើបតវ៉ាវាយលុកតបតនឹងភាពហិង្សារបស់កងទ័ពយោធា ដែលក្នុងនោះមានបក្សចំនួន៣បានសហការគ្នាជាសម្ព័ន្ធមិត្តដើម្បីទប់ទល់នឹងរបបយោធាមីយ៉ាន់ម៉ា។ ក្រុមសម្ព័ន្ធមិត្ត 3BA ដណ្តើមបានផ្នែកមួយនៃរដ្ឋ Shan និងតំបន់ផ្សេងទៀតក្បែរព្រំដែនចិន-មីយ៉ាន់ម៉ា។ ជម្លោះផ្ទៃក្នុងនេះបានសម្លាប់មនុស្សជាច្រើននាក់ រួមទាំងធ្វើឱ្យមនុស្សជាច្រើនត្រូវបង្ខំចិត្តភៀសខ្លួនចេញពីស្រុកកំណើតរបស់ខ្លួនផងដែរ។ លើសពីនេះ បញ្ហានេះបានធ្វើឱ្យចិនផ្អាកធ្វើពាណិជ្ជកម្មនៅតាមច្រកព្រំដែនជាមួយមីយ៉ាន់ម៉ា។ ចង់ជ្រាបច្បាស់សូមនាងកញ្ញា លោកលោកស្រី អញ្ជើញស្តាប់ការអត្ថាធិប្បាយព័ត៌មានពិស្តារពីកញ្ញា កែវ សុជាតា ដូចតទៅ៖
ក្រោមការខិតខំតស៊ូប្រឆាំងនឹងកងទ័ពរបបយោធាមីយ៉ាន់ម៉ា នៅពេលនេះសម្ព័ន្ធភាពរបស់អង្គការជនជាតិភាគតិចប្រដាប់ដោយអាវុធនៅក្នុងប្រទេសមីយ៉ាន់ម៉ា ទទួលបានជ័យជំនះលើកងទ័ពរបបយោធាមីយ៉ាន់ម៉ាដោយដណ្តើមយកផ្នែកមួយនៃរដ្ឋ Shan ដែលជាផ្នែកដ៏ធំបំផុតរបស់មីយ៉ាន់ម៉ា រួមទាំងទីប្រជុំជនចំនួនពីរនៅព្រំដែនជាប់នឹងប្រទេសចិនផងដែរ។
លោក Kyaw Zaw អ្នកនាំពាក្យការិយាល័យកណ្តាលនៃបក្សរដ្ឋាភិបាលរួបរួមជាតិ (NUG) បាននិយាយពីស្ថានភាពនៅជុំវិញប្រតិបត្តិការលេខ ១០២៧ ថា របបយោធាកំពុងចុះខ្សោយ ខណៈត្រូវប្រឈមនឹងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ សម្ព័ន្ធមិត្តទាំងបីបក្ស (3BA) ដែលទើបសហការគ្នាកាលពីពេលថ្មីៗនេះ បានចាប់ផ្តើមបើកការវាយលុករួមគ្នាប្រឆាំងនឹងកងទ័ពរបបយោធាមីយ៉ាន់ម៉ា ដែលបានធ្វើរដ្ឋប្រហារដណ្តើមអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១។
សម្ព័ន្ធមិត្តទាំងបីបក្ស (3BA) នេះរួមបញ្ចូលទាំងអង្គការប្រដាប់ដោយអាវុធជនជាតិភាគតិច(EAOs) ចំនួនបីក្រុមទៀតរួមមាន កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA), កងទ័ពរំដោះជាតិ Ta’ang (TNLA) និងកងទ័ព Arakan (AA)។ គោលបំណងជាក់ស្តែងនៃការចាប់ដៃចងជាសម្ព័ន្ធមិត្ត 3BA គឺដើម្បីបញ្ឈប់សកម្មភាពឧក្រិដ្ឋកម្មនៅក្នុងទីក្រុងនានានៅតាមច្រកព្រំដែនជាប់នឹងប្រទេសចិន។ ក្នុងនោះ ប្រទេសមីយ៉ាន់ម៉ាក្លាយជាទីកន្លែងមួយដែលផលិតគ្រឿងញៀនក្នុងទំហំទ្រង់ទ្រាយធំ និងការក្លែងបន្លំកើតមានជាហូរហែនៅតាមប្រព័ន្ធអ៊ីនធឺណិតក្រោមការគំរាមកំហែងរបស់ជនទុច្ចរិត។
សកម្មភាពឧក្រិដ្ឋកម្មទាំងនេះ បានក្លាយជាបន្លានៅក្នុងក្រសែភ្នែកភាគីចិនជាយូរមកហើយ ហើយដោយសារតែរបបយោធានៅក្នុងរដ្ឋធានី Naypyidaw របស់ប្រទេសមីយ៉ាន់ម៉ា មិនបានចាត់វិធានការអន្តរាគមន៍ជុំវិញបញ្ហានេះទៀតសោត ទើបគេសន្មត់ថាប្រទេសចិនបានបើកភ្លើងខៀវសម្រាប់ប្រតិបត្តិការ ១០២៧។ ជាងនេះទៀត សម្ព័ន្ធមិត្តទាំងបីបក្ស(3BA) នឹងមិនអាចបើកការវាយប្រហារលើរដ្ឋាភិបាលបាននោះឡើយ ប្រសិនបើគ្មានការជួយជ្រោមជ្រែងឬការចូលរួមពីសំណាក់យុទ្ធនាការភូមា-ចក្រភពអង់គ្លេសរបស់លោក Mark Farmaner ។ យុទ្ធនាការនេះធ្វើឡើងដើម្បីឱ្យចិនយល់ព្រម និងសហការគ្នាវាយប្រហារលើរបបយោធាមីយ៉ាន់ម៉ា។
ប្រតិបត្តិការ ១០២៧ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ពិតជាទទួលបានជោគជ័យពិតប្រាកដមែន។ ក្រុមសម្ព័ន្ធមិត្ត 3BA បានវាយលុកនិងដណ្តើមបានផ្នែកធំនៃរដ្ឋ Shan នៅភាគឦសានប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេលប៉ុន្មានថ្ងៃ។ ការគ្រប់គ្រងនេះ រួមបញ្ចូលទាំងទីក្រុង Muse និង Chinshwehaw នៅជាប់ព្រំដែនចិនផងដែរ។ ព្រំដែនមីយ៉ាន់ម៉ា-ចិនបានបិទជាបណ្តោះអាសន្នដែលបានអូសបន្លាយរហូតដល់ពេលនេះ ទំនងជាបន្ថែមការព្រួយបារម្ភលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ យោងតាមស្ថិតិពីក្រសួងពាណិជ្ជកម្មរបស់របបយោធាមីយ៉ាន់ម៉ាដែលដកស្រង់ដោយគេហទំព័រ Myanmar Now បង្ហាញថា ចាប់ពីខែមេសា ដល់ខែកញ្ញាឆ្នាំនេះ ទំនិញតម្លៃប្រហែល ១.៣២ពាន់លានដុល្លារអាមេរិក ត្រូវបានដឹកជញ្ជូនឆ្លងកាត់ព្រំដែនក្នុងទីក្រុង Muse ប្រទេសមីយ៉ាន់ម៉ា និងទំនិញតម្លៃ ៥៨០លានអឺរ៉ូដែលស្មើនឹងជាង ៦០០លានដុល្លារអាមេរិក បានដឹកឆ្លងកាត់ព្រំដែននៅ Chinshwehaw ប្រទេសមីយ៉ាន់ម៉ា។
លោក Thomas Kean ទីប្រឹក្សាជាន់ខ្ពស់របស់មីយ៉ាន់ម៉ានិងជាសមាជិកនៃក្រុមដោះស្រាយវិបត្តិអន្តរជាតិបានពន្យល់ថា បន្ទាប់ពីសម្ព័ន្ធមិត្តជនជាតិភាគតិចនិងក្រុមយោធារបស់រដ្ឋាភិបាលបានបើកការវាយប្រហារនិងបង្កជាចលាចលនៅទូទាំងប្រទេស ការធ្វើពាណិជ្ជកម្មតាមច្រកព្រំដែនចិន-មីយ៉ាន់ម៉ាបានផ្អាកដំណើរការទាំងស្រុង។ លោកបន្តថា មានការរំពឹងទុកតិចតួចនៃការធ្វើពាណិជ្ជកម្មនៅច្រកព្រំដែនឡើងវិញសម្រាប់ពេលនេះ។ លោក Farmaner បន្ថែមទៀតថា ក្រុមសម្ព័ន្ធមិត្ត 3BA កំពុងមានការប្រុងប្រយ័ត្ន និងធ្វើឱ្យប្រាកដថា អ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើមិនជ្រៀតជ្រែកជាមួយអាជីវកម្មចិននោះឡើយ។
លោក Zaw Min Tun អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា យោធាបានបាត់បង់ការគ្រប់គ្រងក្រុង Chinshwehaw ហើយ។ ស្ថាប័នរដ្ឋាភិបាល រដ្ឋបាល និងសន្តិសុខលែងមានមូលដ្ឋាននៅទីនោះទៀតដែរ។ លោកអះអាងថា ក្រុមសម្ព័ន្ធមិត្ត 3BA មិនត្រឹមតែបាននាំមកនូវភាពវឹកវរនៅក្នុងតំបន់និងការជាប់គាំងក្នុងការធ្វើពាណិជ្ជកម្មជាមួយចិននោះទេ ក្រុមនេះក៏បានគ្រប់គ្រងលើទឹកដីដ៏ធំមួយនៃមីយ៉ាន់ម៉ាក្នុងរយៈពេលដ៏ខ្លីផងដែរ។
ដោយឡែក លោក Kyaw Zaw រាយការណ៍ថា កងកម្លាំងតស៊ូដែលប្រឆាំងនឹងរបបយោធា ដណ្តើមបានមូលដ្ឋានជាង ១៥០កន្លែង និងទីក្រុងមួយចំនួនពីយោធាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ លោក Farmaner ពន្យល់ថា ព័ត៌មានមួយចំនួនបានក្លែងបន្លំនិងបំផ្លើសការទាមទាររបស់ក្រុមប្រឆាំង។ ក៏ប៉ុន្តែ លោកអាចនិយាយថា ផ្នែកធំនៃរដ្ឋសានភាគខាងជើងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សម្ព័ន្ធបងប្អូនបី។
លើសពីនេះ អង្គភាពជាច្រើននៃយោធាភូមាត្រូវបានគេនិយាយថា បានចុះចាញ់នឹងអង្គការប្រដាប់ដោយអាវុធរបស់ជនជាតិភាគតិច រួមទាំងកងវរសេនាតូចទាំងមូលផងដែរ។ កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) ក៏បានអះអាងដែរថា ទាហានយោធាយោធាចំនួន ៤១នាក់មកពីកងពលតូចថ្មើរជើងលេខ ១៤៣ រួមទាំងមេបញ្ជាការរងម្នាក់បានយល់ព្រមចុះចាញ់មូលដ្ឋានទ័ពរបស់ពួកគេ។ យោងតាម MNDAA ឈ្លើយសឹកទាំងនេះត្រូវបានដោះលែង និងអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះសម្បែងនិងជួបជុំគ្រួសារវិញ។ លើសពីនេះទៀត ក្រុម 3BA បានដកយកអាវុធ និងឧបករណ៍ធុនធ្ងន់ជាច្រើនដើម រួមទាំងរថក្រោះផលិតដោយអ៊ុយក្រែនយ៉ាងហោចណាស់ចំនួនពីរគ្រឿងផងដែរ។
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ Min Aung Hlaing បានប្រកាសពីការវាយប្រហារតបតដ៏ធំមួយតាមប្រព័ន្ធផ្សព្វផ្សាយ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ របបនេះបានប្រើតែការវាយប្រហារតាមផ្លូវអាកាសប៉ុណ្ណោះ ហើយមិនទាន់មានការដាក់ពង្រាយកងទ័ពជើងគោកបន្ថែមនៅឡើយទេ។ កត្តានេះបានធ្វើឱ្យជាច្រើនសង្ស័យពីឆន្ទៈ និងសមត្ថភាពរបស់យោធាក្នុងការធ្វើសកម្មភាពតបតនឹងក្រុមប្រឆាំង។
អ្នកនាំពាក្យបក្សប្រឆាំង លោក Kyaw Zaw ប្រាកដក្នុងចិត្តថា របបយោធាមីយ៉ាន់ម៉ាបច្ចុប្បន្នកំពុងចាញ់ក្រោមស្នាដៃខ្លួនជាបណ្តើរៗហើយ ហើយពិបាកក្នុងការរើបម្រះឡើងវិញផងដែរ។ លោក Thomas Kean មានប្រសាសន៍ថា របបយោធាមានការយឺតយ៉ាវក្នុងការចេញធ្វើប្រតិបត្តិការនិងប្រតិកម្មលើបញ្ហានានា ពិសេសករណីជម្លោះជាមួយនឹងក្រុមប្រឆាំងប្រដាប់ដោយអាវុធរបស់ជនជាតិភាគតិចនៅភាគខាងជើងសានផងដែរ។ លោកពន្យល់ថា កាលពីអតីតកាល យោធាអាចវាយបកវិញបានយ៉ាងរហ័ស លឿន និងមានប្រសិទ្ធភាពបំផុត។ យ៉ាងណា កងទ័ពរបបយោធាបានដកចេញពីរដ្ឋ Kayan ដើម្បីជួយទៅដល់ការវាយលុកនាពេលខាងមុខនៅភាគខាងជើងនៃរដ្ឋ Shan ។ អ្នកជំនាញមីយ៉ាន់ម៉ារូបនេះនិយាយថា ការដកទ័ពទៅជួយតំបន់ផ្សេងមិនទំនងថាអាចនឹងដណ្តើមយកទឹកដីមួយភាគធំនោះមកវិញបាននោះឡើយ។
ឧត្តមសេនីយ Nikamui ប្រធានបុគ្គលិកនៅក្រសួងសហប្រតិបត្តិការអន្តរជាតិរបស់ NUG យល់ស្របថា វាមិនទំនងនោះទេ ដែលរបបយោធានឹងអាចដណ្តើមយកទឹកដីសំខាន់ៗណាមួយមកវិញ។ ទាហានរបបយោធារាប់រយនាក់នឹងចុះចាញ់ក្រុមប្រឆាំងជាក់ជាមិនខាន។ លោកបានថ្លែងថា ការដឹកនាំនិងការបញ្ជាកងទ័ពរបស់របបយោធាកំពុងតែបរាជ័យ។
ក្នុងពេលនេះ ការវាយប្រហារគ្នានៅក្នុងប្រទេសបានរីករាលដាល ពិសេសមិនមានដែនកំណត់និងទំហំនៃការបញ្ឈប់នៅរដ្ឋ Shan ភាគខាងជើងឡើយ។ សហភាពជាតិ Karen ដែលបំបែកខ្លួននៅភាគអាគ្នេយ៍នៃប្រទេសមីយ៉ាន់ម៉ា ក៏កំពុងបង្កើនប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងទីតាំងយោធានៅតាមផ្លូវពាណិជ្ជកម្មដ៏សំខាន់ទៅកាន់ព្រំដែនថៃផងដែរ។ ក្នុងនោះ ខេត្ត Tanintharyi ដែលជារដ្ឋភាគខាងត្បូងជាប់ព្រំប្រទល់តំបន់ Karen ឥឡូវនេះមានការវាយប្រហារជាប្រចាំលើកងទ័ពយោធា។
យ៉ាងហោចណាស់មនុស្សចំនួន ២០,០០០នាក់នៅក្នុងតំបន់តានតឹងនៃភ្លើងសង្រ្គាម បានភៀសខ្លួនចេញពីផ្ទះសម្បែងទៅរកទីសុវត្ថិភាពសម្រាប់ជ្រកកោន។ ជនបរទេសប្រហែល ៥០០នាក់ កំពុងចាប់ខ្លួនជាចំណាប់ខ្មាំងពីសំណាក់ក្រុនកងកម្លាំងរបបយោធានៅក្នុងទីក្រុង Laukkai ភាគឦសាននៃរដ្ឋ Shan។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ មនុស្សម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មានក្នុងស្រុក Irrawaddy ថា កងទ័ពយោធាប្រើពួកគេជាកម្មករនិងបង្ខំឱ្យសាងសង់លេណដ្ឋាន ជីកលេណដ្ឋាន និងដឹកជញ្ជូនឈើជាដើម។
យោងតាមអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកបានអំពាវនាវឱ្យភាគីទាំងអស់ការពារប្រជាជនស៊ីវិល។ អ្នកនាំពាក្យរូបនេះបាននិយាយថា ចំនួនជនភៀសខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ា ឥឡូវមានលើសពីពីរលាននាក់ហើយ។ អ្នកស្រុកនៃរដ្ឋ Shan ភាគខាងជើងកំពុងទទួលរងផលប៉ះពាល់ពីការកើនតម្លៃនៃម្ហូបអាហារ និងប្រេងឥន្ធនៈ។ ប៉ុន្តែតម្លៃអាហារក៏ឡើងថ្លៃក្នុងទីក្រុងធំៗដែរ ដោយសារពាណិជ្ជកម្មជាមួយចិនត្រូវបានអាក់ខាន។ អង្ករមួយបាវដែលធម្មតាតម្លៃ១២ម៉ឺនរៀល (ស្មើនឹង៥៨ដុល្លារ) ឥឡូវត្រូវបានគេដោះដូរក្នុងតម្លៃជាង២០ម៉ឺនរៀល។ បើតាមអ្នកស្រុកបានឱ្យដឹងថា តម្លៃពងមាន់មួយគ្រាប់ឡើងពី៣០០រៀលដល់១,០០០រៀល ហើយតម្លៃប៉េងប៉ោះមួយគីឡូក្រាមពី៣,០០០ដល់៨,០០០រៀល។
ទោះបីជាយ៉ាងណា វាមិនច្បាស់ទេថាតើការវាយលុករបស់អង្គការប្រដាប់អាវុធជនជាតិភាគតិច និង NUG នឹងនាំមកនូវការបែកខ្ញែកនៃរបបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាឬទេ? លោក Thomas Kean និយាយថា ការវាយលុកពិតជាបានផ្លាស់ប្តូរសក្ដានុពលនៃជម្លោះពិតមែន។ រហូតមកដល់ពេលថ្មីៗនេះ ស្ថានភាពនៅរដ្ឋ Shan ភាគខាងជើងមានសន្តិភាពជាងពេលដែលកងទ័ពយោធាគ្រប់គ្រង។ លោកបន្តថា តែឥឡូវនេះ យោធាកំពុងប្រយុទ្ធជាមួយគូប្រជែងដែលប្រើប្រាស់ប្រដាប់អាវុធល្អៗ និងមានបទពិសោធន៍ចំនួនបីក្រុមនៅភាគខាងជើងរដ្ឋ Shan ខណៈកំពុងព្យាយាមដោះស្រាយជាមួយ EAOs និងកងកម្លាំងតស៊ូនៅក្នុងតំបន់ជាច្រើនទៀតនៃប្រទេស។
លោក Mark Farmaner និយាយថា នៅក្នុងការវាយប្រហារនេះ រឿងមួយចំនួនពិតជាបានផ្លាស់ប្តូរ។ លោកពន្យល់ថា រហូតមកដល់ពេលនេះ សហគមន៍អន្តរជាតិបានគិតថាយោធាមិនអាចយកឈ្នះក្រុមប្រឆាំងបានឡើយ ហើយថា NUG និង EAO នឹងត្រូវចរចាជាមួយរបបយោធានៅចំណុចជាក់លាក់ណាមួយ។ ឥឡូវនេះ មនុស្សជាច្រើនយល់បានថា របបយោធាមីយ៉ាន់ម៉ានឹងត្រូវបណ្តេញចេញពីតំណែងនៅពេលខាងមុខនេះ៕