en     km
en     km

រកឃើញមានឧបករណ៍ និង ឱសថក្លែងក្លាយចំនួន ៦មុខលក់តាមប្រព័ន្ធអនឡាញ

Share

មន្រ្តីជំនាញនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល សហការពីមន្ត្រី នៃ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម និងអាជ្ញាធរដែនដី ដោយមានការដឹកនាំសម្របសម្រួលពីតំណាង អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបទីតាំងលក់ឱសថតាមប្រព័ន្ធអនឡាញស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ផ្អែកតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅទីតាំងនោះសមត្ថកិច្ចចំរុះបានរកឃើញមានឧបករណ៍សម្រាប់ការវេចខ្ចប់ និង ឱសថក្លែងក្លាយចំនួន ៦ មុខ មានសារធាតុសកម្មមិនត្រឹមត្រូវតាមឱសថដើមឡើយ មានដូចជា ១. NUTRIENT CALCIUM Tablet . NUTRIENT CALCIUM Capsule ៣. NUTRIENT ANTACID Tablets ៤. SYMPTOMS ៥. CONSTIPAION និង ៦. ថ្នាំបន្តក់ភ្នែក EYE PLUS

លទ្ធផលវិភាគគុណភាព របស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបានបញ្ជាក់ថាឱសថ NUTRIENT CALCIUM Tablet មានផ្ទុកសារ ធាតុសកម្មឱសថ ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ក្នុងករណីប្រើប្រាស់រយៈពេលច្រើនខែ។

អនុលោមតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងដើម្បីធានាបាននូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាលបានណែនាំដល់សាធារណជនទាំងអស់ រកទិញ ឱសថ និងផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព ដែលមានលេខទិដ្ឋាការ និងបញ្ជីកាពី ក្រសួងសុខាភិបាល នៅតាមឱសថស្ថាន និងឱសថស្ថានរងស្របច្បាប់ដើម្បីជៀសវាងការខាតបង់ថវិកាផ្ទាល់ខ្លួន និងប៉ះពាល់សុខភាពទៀតនោះ ។ មួយវិញទៀតក្រសួងណែនាំឱ្យបញ្ឈប់ការទិញឱសថខាងលើ និងផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព គ្រប់ប្រភេទ តាមបណ្តាញទំនាក់ទំនងសង្គម ព្រោះ ឱសថ និងផលិតផលទាំងនេះពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពឡើយ។

អត្ថបទ៖សួ សុវណ្ណិកា

 

 

 

Share

ព័ត៌មានទាក់ទង

Image